(ព្រះសីហនុ)៖ នគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋានការនគរបាលខេត្តព្រះសីហនុ នាយប់ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ បានបន្តចុះរឹតបន្តឹងច្បាប់ចរាចរណ៍ វាស់រកសារធាតុស្រវឹងទៅលើអ្នកប្រើប្រាស់យានយន្តគ្រប់ប្រភេទ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ ក៏ដូចជាការបង្កគ្រោះថ្នាក់ផ្សេងៗដែលកើតឡើងពីការធ្វេសប្រហែស និងការសេពគ្រឿងស្រវឹងលើសកំណត់។
ប្រត្តិបត្តិការនេះធ្វើឡើងដោយមានការយកចិត្តទុកដាក់ពីឧត្តមសេនីយ៍ឯក សរ រដ្ឋា អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលខេត្តព្រះសីហនុ និងមានការចង្អុលបង្ហាញបន្ថែមពីលោកឧត្តមសេនីយ៍ត្រី ស៊ី ធឿនតុលា ទទួលផែនសណ្តាប់ធ្នាប់ចរាចរណ៍ផ្លូវគោក ដឹកនាំដោយលោក នី ចាន់ណារ៉ា នាយការិយាល័យនគរបាលនគរបាលចរាចរណ៍ នៅតាមបណ្តោយផ្លូវ ២៨មិថុនា (ផ្លូវដើមល្មើរ) ស្ថិតក្នុងសង្កាត់លេខ៣ ក្រុង/ខេត្តព្រះសីហនុ។
នាឱកាសនោះលោក នី ចាន់ណារ៉ា បានឱ្យដឹងថា ការចុះរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកនេះ សមត្ថកិច្ចតែងតែចុះធ្វើសកម្មភាពជាប្រចាំ និងចល័តគោលដៅតាមភូមិសាស្ត្រជាក់ស្តែង ដើម្បីត្រួតពិនិត្យរកសារធាតុស្រវឹងលើអ្នកបើកបរយានយន្តគ្រប់ប្រភេទ ក្នុងករណីថាបើពិនិត្យរកឃើញជាតិស្រវឹង នោះកម្លាំងនឹងធ្វើការផាកពិន័យទៅតាមច្បាប់ដែលបានចែង។
ទោះបីជាបានផាកពិន័យទៅហើយក្តី ក៏បុគ្គលនោះមិនអាចបន្តដំណើរទៅមុខដោយខ្លួនបានោះទេ គឺកម្លាំងជំនាញធ្វើការហាមឃាត់ឱ្យសម្រាក និងបន្សាបជាតិស្រវឹងថយចុះបានឱ្យបន្តដំណើរទៅទៀតបាន ឬក៏មានសាច់ញាតិមកបើកជំនួស។ ចំពោះកម្រិតជាតិអាកុលដែលត្រូវបានហាមឃាត់នោះចាប់ពី ០,២៥មីល្លីក្រាមក្នុងមួយលីត្រខ្យល់ឡើងទៅ គឺមិនអាចបើកបរបានទេ។
លោក នី ចាន់ណារ៉ា បានបន្ថែមទៀតថា ចំពោះអ្នកបង្កគ្រោះថ្នាក់ចរាចរណ៍ដែលធ្វើឱ្យភាគីបាត់បង់ជីវិតមានរបួសស្នាម ពិការភាព និងបាត់បង់សមត្ថភាពការងារចាប់ពី៨ថ្ងៃឡើងទៅនោះកម្លាំងជំនាញនគរបាលចរាចរណ៍ផ្លូវគោក នឹងពិនិត្យនៅទីតាំងកន្លែងកើតហេតុទាំងអស់ ស្រាវជ្រាវរកគ្រប់ជ្រុងជ្រោយ នឹងធ្វើការកសាងនីតិវិធីទៅអយ្យការ ដោយដាក់បន្ទុកទៅលើជនណាដែលបើកបរធ្វេសប្រហែសបណ្តាលឱ្យជនរងគ្រោះ និងបាត់បង់នូវចំណុចណាមួយមាននៅខាងលើ។
ជាចុងក្រោយនាយការិយាល័យ សំណូមពរប្រជាពលរដ្ឋអ្នកប្រើប្រាស់ផ្លូវទាំងអស់ សូមបើកបរប្រកបដោយាការប្រុងប្រយ័ត្នខ្ពស់ ពោលគឺដើម្បីសវត្ថិភាពអាយុជីវិតអ្នក គ្រួសារអ្នក និងអ្នកដទៃ (ការធ្វេសប្រហែសរបស់អ្នកមួយរំពិចនៅលើដងផ្លូវ ធ្វើឲ្យមានវិប្បដិសារីអស់មួយជីវិត)៕