(មូស្គូ)៖ អភិបាលក្រុង លោក Sergei Sobyanin បាននិយាយនៅថ្ងៃសុក្រ ទី២៤ ខែមករានេះថា អង្គការពារដែនអាកាសរុស្ស៉ី បានស្ទាក់ចាប់ការវាយប្រហារដោយយន្តហោះដ្រូនអ៊ុយក្រែន នៅទីតាំងចំនួន ៤ជុំវិញរដ្ឋធានីមូស្គូ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។
លោក Sobyanin បានឱ្យដឹងតាមបណ្តាញតេឡេក្រាមថា អង្គភាពការពារដែនអាកាស នៅភាគអាគ្នេយ៍ទីក្រុងមូស្គូ ក្នុងស្រុក Kolomna និង Ramenskoye បានបាញ់ស្ទាក់ដ្រូនមួយក្រុមដែលហោះចូលមក។ ដោយមិនបញ្ជាក់ពីចំនួនដ្រូន លោក Sobyanin និយាយថា <<កន្លែងដែលមានធ្លាក់បំណែកដ្រូន មិនមានការខូចខាត ឬរបួសណាមួយកើតឡើងទេ។ ក្រុមសង្គ្រោះបន្ទាន់ និងអ្នកជំនាញកំពុងស្ថិតនៅទីនោះ>>។
លោក Sobyanin បានឱ្យដឹងទៀតថា ដ្រូនពីរគ្រឿងពីរគ្រឿង ដែលឆ្ពោះមកកាន់ទីក្រុងមូស្គូ ក៏ត្រូវស្ទាក់ចាប់ដោយ ប្រព័ន្ធការពារដែនអាកាស ក្នុងសង្កាត់ Podolsk ភាគខាងត្បូងផងដែរ។ តាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក អាកាសយានដ្ឋាន ចំនួនពីរក្នុងទីក្រុងមូស្គូគឺ Vnukovo និង Domodedovo កំពុងដោះស្រាយបញ្ហាជើងហោះហើរ បន្ទាប់ពីផ្អាកប្រតិបត្តិការ មួយពេល។ ជើងហោះហើរចំនួន ៦ត្រូវប្តូរទិស ទៅកាន់អាកាសយានដ្ឋានផ្សេងទៀត។
កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ក្រសួងការពារជាតិរុស្ស៉ី បានប្រកាសពីការបាញ់កម្ទេចដ្រូនអ៊ុយក្រែនចំនួន ៤៩គ្រឿង ក្នុងរយៈពេល ៣ម៉ោង ដោយភាគច្រើនបាញ់មកឆ្លងកាត់តំបន់ Kursk ជិតព្រំដែនអ៊ុយក្រែន។ ក្នុងនោះ ៣៧គ្រឿង ត្រូវបាញ់ទម្លាក់ក្នុងតំបន់ Kursk តែម្តង៕