(ភ្នំពេញ)៖ លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងលោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានអញ្ជើញជាគណៈអធិបតី ក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា រវាងក្រសួងពាណិជ្ជកម្ម ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងក្រុមហ៊ុន Alibaba Cloud (Singapore) Private Limited ស្តីពី ការអភិវឌ្ឍថ្នាលពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ការលើកកម្ពស់អក្ខរកម្មឌីជីថល និងជំនាញទីផ្សារ។
ពិធីនេះ មានការអញ្ជើញចូលរួមពី លោក លោកស្រី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងថ្នាក់ដឹកនាំនៃក្រសួងពាណិជ្ជកម្ម និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ លោក Allen Zhang អនុប្រធាន Alibaba Cloud Intelligence International មន្រ្តីពាក់ព័ន្ធនៃក្រសួងពាណិជ្ជកម្ម និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងលោក លោកស្រី តំណាងក្រុមហ៊ុន អាលីបាបា ជាច្រើនរូប នារសៀលថ្ងៃសុក្រ ទី២៤ ខែមករា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។
ក្នុងឱកាសនោះ លោកស្រី ចម និម្មល បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងក្រុមការងារជំនាញនៃក្រសួងទាំងពីរ និងក្រុមហ៊ុន Alibaba Cloud (Singapore) Private Limited ដែលបានសហការជិតស្និទ្ធប្រកបដោយស្មារតីបុរេសកម្ម និងការទទួលខុសត្រូវខ្ពស់រហូតសម្រេចបាននូវការចុះអនុស្សរណៈនៃការយោគយល់គ្នានេះ ដែលជាជំហានយ៉ាងសំខាន់ក្នុងការជំរុញការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងឆ្លុះបញ្ចាំងពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការគាំទ្រដល់ការធ្វើបរិវត្តកម្មឌីជីថល ការបង្កើតបរិយាកាសអំណោយផលសម្រាប់ការធ្វើពាណិជ្ជកម្មនិងវិនិយោគនៅកម្ពុជា ជាពិសេសសម្រាប់សហគ្រាសធុនតូចនិងមធ្យមក្នុងស្រុក និងអាជីវកម្មតាមគ្រួសារខ្នាតតូច ដែលរាជរដ្ឋាភិបាលផ្តល់ការយកចិត្តទុកដាក់ខ្ពស់ ដូចមានជាក់ស្តែងក្នុងយុទ្ធសាស្រ្តជាតិ ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨ ដែលបានដាក់ចេញ។
លើសពីនេះ ការធ្វើពិពិធកម្មសេដ្ឋកិច្ចតាមថ្នាលឌីជីថល បានផ្តល់នូវកាលានុវត្តភាពធំធេងសម្រាប់ធុរកិច្ចក្នុងការពង្រឹង និងចាប់យកឱកាសទីផ្សារបន្ថែម ពីលើទីផ្សាររូបវ័ន្តជាលក្ខណៈប្រពៃណី និងអាចចូលរួមបង្កើនភាពប្រកួតប្រជែងលើទីផ្សារអន្តរជាតិ ផងដែរ។
លោកស្រីរដ្ឋមន្ត្រី បញ្ជាក់ថា អនុស្សរណៈនៃការយោគយល់គ្នាជាមួយក្រុមហ៊ុន Alibaba Cloud (Singapore) Private Limited នាពេលនេះ មានគោលបំណងចម្បងសំខាន់ចំនួន ២ រួមមាន៖
(១)៖ ការតភ្ជាប់ផលិតផលកម្ពុជាទៅកាន់ទីផ្សារឌីជីថល៖ ការតភ្ជាប់នេះនឹងបង្កើតជាឱកាសធុរកិច្ចធំធេងសម្រាប់អាជីវករកម្ពុជា ផ្សព្វផ្សាយផ្ទាល់ដល់អតិថិជនរាប់លាននាក់ ដែលមានចំណាប់អារម្មណ៍ចំពោះផលិតផលសក្តានុពលកម្ពុជា និងអនុញ្ញាតឱ្យពួកគេពង្រីកវិសាលភាពនៃប្រតិបត្តិការអាជីវកម្មខ្លួន ព្រមទាំងឆ្លើយតបទៅនឹងបញ្ហាប្រឈម ក្នុងការចូលទៅកាន់ ទីផ្សារថ្មីៗ។ និង(២)៖ ការបង្កើនអានុភាពជូនដល់អាជីវករ និងផលិតករកម្ពុជា៖ គោលគំនិតស្នូលនេះ នឹងអាចបង្កើតនូវបរិយាកាសធុរកិច្ចឌីជីថលថ្មីបន្ថែមទៀត ជំរុញដល់ការចូលរួមប្រកបដោយបរិយាប័ន្ន ការផ្តល់កាលានុវត្តភាព និងការបង្កើនអានុភាពសម្រាប់ធុរជន និងបណ្តាអាជីវកម្មក្នុងស្រុក ជាពិសេសអាជីវករបែបគ្រួសារខ្នាតតូច អាជីវករនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឬបណ្តាអាជីវកម្មផ្សេងទៀត នឹងមានឱកាសស្មើៗគ្នាក្នុងការតាំងបង្ហាញ ដាក់លក់ផលិតផល និងទេពកោសល្យរបស់ខ្លួនទៅកាន់អតិថិជននៅក្នុងស្រុក និងអភិវឌ្ឍនអាជីវកម្មខ្លួនទៅកាន់ទូទាំងពិភពលោក។
លោកស្រីរដ្ឋមន្ត្រី បន្ថែមថា ក្នុងចក្ខុវិស័យឆ្ពោះទៅមុខ កិច្ចសហប្រតិបត្តិការនេះ ក៏ផ្តោតលើការកសាងសមត្ថភាពផងដែរ រួមមានការផ្តល់ធនធានគាំទ្រ ការតម្រង់ទិស និងការរៀបចំវគ្គបណ្តុះបណ្តាលដើម្បីផ្តល់នូវជំនាញចាំបាច់ក្នុងការប្រើប្រាស់ តួយ៉ាងដូចជាសមត្ថភាពប្រើប្រាស់មុខងារសំខាន់ៗរបស់ថ្នាល សមត្ថភាពទំនាក់ទំនងជាមួយអតិថិជនប្រកបដោយទំនុកចិត្ត ការធ្វើទីផ្សារនៅក្នុងស្រុកនិងបរទេស ផ្តល់គំនិតក្នុងការរចនានិងវេចខ្ចប់ទំនិញរបស់ខ្លូនអោយកាន់តែទាក់ទាញ និងការសម្រេចចិត្តក្នុងធុរកិច្ចឌីជីថល ប្រកបដោយប្រសិទ្ធភាពខ្ពស់ ដើម្បីអាចទាញផលប្រយោជន៍បានជាអតិបរមាពីថ្នាលឌីជីថលនេះ។
មុននឹងបញ្ចប់ លោកស្រីរដ្ឋមន្ត្រី បានលើកទឹកចិត្តដល់ក្រុមការងារបច្ចេកទេសរបស់ក្រសួងទាំងពីរ និងក្រុមហ៊ុន Alibaba Cloud (Singapore) Private Limited បន្តសហការចែករំលែកចំណេះដឹង បទពិសោធន៍ និងការវិវត្តថ្មីៗនៃបច្ចេកវិទ្យាឌីជីថល ដោយប្រកាន់ខ្ជាប់នូវសា្មរតីបុរេសកម្ម និងការទទួលខុសត្រូវខ្ពស់ ក្នុងការអភិវឌ្ឍ និងបង្កើតថ្នាលឌីជីថលនេះ ដោយកំណត់ឱ្យបានជាមុននូវបញ្ហាប្រឈមនិងសំណើដំណោះស្រាយនានា មុននឹងដាក់ឱ្យដំណើរការក្នុងពេលខាងមុខ ដើម្បីអាចឆ្លើយតបទៅនឹងតម្រូវការ និងបង្កលក្ខណៈងាយស្រួលដល់អ្នកប្រើប្រាស់ សំដៅអាចធានាបាននូវប្រសិទ្ធភាព ភាពជោគជ័យ និងនិរន្តរភាព៕