វិភាគអន្តរជាតិ៖ តើលោក ដូណាល់ ត្រាំ អាចដណ្ដើមយកព្រែកជីកប៉ាណាម៉ា បានមកវិញឬ?

Posted By: RoogRog Robot | 24-Jan-2025 22:19:26

2025-01-24 10:17pm

(បែរឡាំង)៖ អំឡុងថ្លែងសុន្ទរកថាស្បថចូលកាន់តំណែងជាប្រធានាធិបតីអាមេរិកសម្រាប់អាណត្តិទី២ លោក ដូណាល់ ត្រាំ បានសន្យាថានឹងយក <<ព្រែកជីកប៉ាណាម៉ា>> មកវិញដែលលោកផ្ទាល់អះអាងថាវាជាអំណោយដែល សហរដ្ឋអាមេរិកប្រគល់ទៅឱ្យប៉ាណាម៉ា។ ប៉ុន្តែតើព្រែកជីកប៉ាណាម៉ា គឺជាអំណោយមែនឬ? ហើយថាតើចិនពិតជាកំពុងគ្រប់គ្រងព្រែកជីកនេះដូចការអះអាងរបស់លោក ត្រាំ ដែរឬក៏យ៉ាងណា?

លោក ដូណាល់ ត្រាំ បានត្រឡប់ទៅដឹកនាំសេតវិមានវិញ ជាមួយការចាប់ផ្ដើមចេញបទបញ្ជាប្រតិបត្តិជាបន្តបន្ទាប់ ដើម្បីធ្វើឱ្យសហរដ្ឋអាមេរិក <<អស្ចារ្យម្ដងទៀត>> ឬ << make America great again>> និងបានបញ្ជាក់ម្ដង ហើយម្ដងទៀតពីបំណងចង់ឱ្យសហរដ្ឋអាមេរិកគ្រប់គ្រងឡើងវិញលើព្រែកជីកប៉ាណាម៉ា នៅក្នុងតំបន់អាមេរិកកណ្ដាល។ ព្រែកជីកប៉ាណាម៉ាគឺជាផ្លូវទឹកតភ្ជាប់តំបន់អាត្លង់តិច និងមហាសមុទ្រប៉ាស៊ីហ្វិក ព្រមទាំងជាផ្លូវដឹកជញ្ជូនដ៏សំខាន់ សម្រាប់ពាណិជ្ជកម្មពិភពលោក។ សហរដ្ឋអាមេរិកធ្លាប់គ្រប់គ្រងលើការសាងសង់ព្រែកជីកប៉ាណាម៉ា នៅដើមស.វទី២០ និងបន្តគ្រប់គ្រង រហូតដល់ចុងឆ្នាំ១៩៩៩។

* តើព្រែកជីកប៉ាណាម៉ាជាអំណោយមែនឬ?នៅក្នុងសុន្ទរកថានៃពិធីស្បថចូលកាន់តំណែង នៅឯវិមានសភា កាលពីថ្ងៃទី២០ ខែមករា លោក ដូណាល់ ត្រាំ បាននិយាយថា <<យើងត្រូវបានគេគៃបន្លំដោយសារតែអំណោយដ៏ល្ងង់ខ្លៅនេះ (ព្រែកជីកប៉ាណាម៉ា) ដែលមិនគួរកើតឡើង ទាល់តែសោះ ហើយប៉ាណាម៉ាមិនបានគោរពតាមពាក្យសន្យាចំពោះពួកយើងនោះទេ ដោយគោលបំណងនៃកិច្ចព្រមព្រៀងរបស់យើង និងស្មារតីនៃសន្ធិសញ្ញារបស់យើងត្រូវបានរំលោភបំពានទាំងស្រុង>>។ ប៉ុន្តែ​ តាមពិតទៅ ការប្រគល់ សិទ្ធិគ្រប់គ្រងលើព្រែកជីកប៉ាណាម៉ាពីសហរដ្ឋអាមេរិកទៅឱ្យប៉ាណាម៉ា មិនមែនជាអំណោយដូចដែលលោក ត្រាំ បានអះអាងនោះទេ តែវាកើតចេញពីកិច្ចចរចាចំណាយពេលដ៏យូរ។ សហរដ្ឋអាមេរិកបានប្រគល់សិទ្ធិគ្រប់គ្រងនេះ ក្រោម លក្ខខណ្ឌដែលគេស្គាល់ថា <<សន្ធិសញ្ញា Torrijos-Carter>> ដែលយកឈ្មោះតាមលោកឧត្តមសេនីយ៍ Omar Torrijos ជាអតីតមេបញ្ជាការឆ្មាំជាតិប៉ាណាម៉ា និងអតីតប្រធានាធិបតីអាមេរិក លោក Jimmy Carter។ កិច្ចព្រមព្រៀងចំនួន២ ត្រូវបានចុះហត្ថលេខាដោយប្រទេសទាំង២ នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ១៩៧៧។

នៅត្រង់មាត្រា២ កថាខណ្ឌទី២ នៃសន្ធិសញ្ញាព្រែកជីកប៉ាណាម៉ា បានលើកឡើងថាការគ្រប់គ្រងរបស់សហរដ្ឋអាមេរិកលើព្រែកជីកនេះនឹងត្រូវបិទបញ្ចប់ នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ១៩៩៩។ ចំណែក សន្ធិសញ្ញាផ្សេងទៀត ដូចជាសន្ធិសញ្ញា Neutrality Treaty បានកំណត់នៅក្នុងមាត្រា៥ ថានៅបន្ទាប់ពីអវសាននៃសន្ធិសញ្ញាព្រែកជីកប៉ាណាម៉ា ឬ Panama Canal Treaty គឺមានតែសាធារណរដ្ឋប៉ាណាម៉ាប៉ុណ្ណោះដែលត្រូវគ្រប់គ្រង និងធ្វើប្រតិបត្តិការលើព្រែកជីកប៉ាណាម៉ា ហើយអាចរក្សាកងកម្លាំងយោធា ប៉ុស្តិ៍យោធា និងមូលដ្ឋានយោធានៅក្នុងទឹកដីរបស់ខ្លួន។ ដោយឡែក ការអះអាងរបស់លោក ត្រាំ ថា <<គោលដៅនៃកិច្ចព្រមព្រៀងរបស់យើងត្រូវបានរំលោភបំពានទាំងស្រុង>> ក៏មិនមែនជាការពិត នោះដែរ។ បើតាមមាត្រា ៤ នៃសន្ធិសញ្ញាព្រែកជីកប៉ាណាម៉ា រដ្ឋាភិបាលអាមេរិក និងប៉ាណាម៉ាបានប្ដេជ្ញាធានាឱ្យបាននូវការគាំពារ និងការការពារព្រែកជីក អំឡុងការផ្ទេរសិទ្ធិគ្រប់គ្រង។ សន្ធិសញ្ញា Neutrality Treaty វិញ បានធានានូវ អព្យាក្រឹតជាអចិន្ត្រៃយ៍នៃព្រែកជីកប៉ាណាម៉ា ដែលអនុញ្ញាតឱ្យគ្រប់ប្រទេសទាំងអស់ចូលចត ឬប្រើប្រាស់ទាំងនៅក្នុងពេលមានសង្រ្គាម និងសន្តិភាព។ លោកស្រី Carla Martinez Machain ជាសាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយម្នាក់ មកពីសាកលវិទ្យាល័យ University at Buffalo បានបញ្ជាក់ប្រាប់សារព័ត៌មានអាល្លឺម៉ង់ DW ថាអព្យាក្រឹតដែលបានលើកឡើងនៅតែបន្តអនុវត្ត ដោយកប៉ាល់មកពីបណ្ដាប្រទេសនានាដែលមានបំណងឆ្លងកាត់ព្រែកជីកប៉ាណាម៉ា គឺមាន សិទ្ធិឆ្លងកាត់បាន នៅក្រោយបង់ថ្លៃសេវា។ មិនតែប៉ុណ្ណោះ ប៉ាណាម៉ាក៏បានយល់ព្រមឱ្យអាមេរិករក្សាសិទ្ធិការពារព្រែកជីកប៉ាណាម៉ា ក្នុងករណីមានការគំរាមកំហែងពីបរទេសឈ្លានពានទៀតផង។ <<គ្មានលក្ខខណ្ឌណាមួយត្រូវបាន រំលោភបំពាននោះទេ។ ដូច្នេះខ្ញុំមិនប្រាកដនោះទេថាតើហេតុអ្វីបានជាលោក ត្រាំ គិតថាកិច្ចព្រមព្រៀងត្រូវបានរំលោភបំពានទៅវិញ>>។ នេះជាការបន្ថែមរបស់លោកស្រី Martinez Machain។

* តើចិនពិតជាកំពុងគ្រប់គ្រងលើព្រែកជីកប៉ាណាម៉ា មែនឬ?លោក ដូណាល់ ត្រាំ បាននិយាយថា <<ចិនកំពុងធ្វើប្រតិបត្តិការព្រែកជីកប៉ាណាម៉ា ហើយយើងមិនបានប្រគល់ព្រែកជីកនេះទៅឱ្យចិននោះទេ តែយើងបានប្រគល់វាទៅឱ្យប៉ាណាម៉ា>>។ លោក ដូណាល់ ត្រាំ មួយរយៈពេលកន្លងមកនេះ បាននិយាយជាច្រើនលើកច្រើនសារថាចិនកំពុងគ្រប់គ្រងលើព្រែកជីកប៉ាណាម៉ា។ ប៉ុន្តែ ខាងប៉ាណាម៉ា បានច្រានចោលការអះអាងរបស់លោក ត្រាំ ថាជារឿងមិនពិត ហើយថាប៉ាណាម៉ា បាននិងកំពុងគ្រប់គ្រង និងធ្វើប្រតិបត្តិការលើ ព្រែកជីកប៉ាណាម៉ា ចាប់តាំងពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ១៩៩៩ ជាពេលដែលសហរដ្ឋអាមេរិកបានប្រគល់ព្រែកជីកនេះមកឱ្យខ្លួនគ្រប់គ្រងវិញ។ អាជ្ញាធរព្រែកជីកប៉ាណាម៉ាគឺជាអ្នកគ្រប់គ្រង និងធ្វើប្រតិបត្តិការលើព្រែកជីកប៉ាណាម៉ា។ <<ការចោទប្រកាន់ថាចិនកំពុងគ្រប់គ្រងលើព្រែកជីកប៉ាណាម៉ា គឺជារឿងមិនពិតនោះឡើយ>>។ នេះជាការបញ្ជាក់របស់លោក Ricaurte Vasquez Moralez ជាប្រធានអាជ្ញាធរព្រែកជីកប៉ាណាម៉ា ប្រាប់កាសែតអាមេរិក Wall Street Journal កាលពីពេលថ្មីៗនេះ។

ប្រធានាធិបតីប៉ាណាម៉ា លោក Jose Raul Mulino វិញ ក៏បានច្រានចោលការចោទប្រកាន់ថាមានវត្តមានកងទ័ពចិនផងដែរ ដោយលោកបាននិយាយកាលពីខែធ្នូ ឆ្នាំ២០២៤ ថា <<គ្មានឡើយវត្តមានកងទ័ពចិននៅក្នុងព្រែកជីកប៉ាណាម៉ា>>។ ចិនផ្ទាល់ក៏បានច្រានចោលផងដែរចំពោះការចោទប្រកាន់ថាខ្លួនកំពុងគ្រប់គ្រងលើព្រែកជីកប៉ាណាម៉ា។ តែទោះជាបែបនេះក្ដី ខណៈមិនមានភស្តុតាងថាចិនកំពុងគ្រប់គ្រងលើព្រែកជីកប៉ាណាម៉ាក៏ពិតមែន តែចិនត្រូវបានគេរាយការណ៍ថា បានចូលរួមយ៉ាងសំខាន់ក្នុងគម្រោងអភិវឌ្ឍជាច្រើននៃព្រែកជីកនេះ។ ក្រុមអ្នកជំនាញអាមេរិកបានបង្ហាញក្ដីព្រួយបារម្ភពីកំពង់ផែចំនួន២ នៅក្នុងព្រែកជីកប៉ាណាម៉ា ដែលត្រូវបានប្រតិបត្តិការជាយូរមកហើយ ដោយក្រុមហ៊ុនមួយដែលជា បុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន CK Hutchison Holdings មានមូលដ្ឋានក្នុងទីក្រុងហុងកុង ស្របពេលចិនជាអតិថិជនធំទី២របស់ព្រែកជីកប៉ាណាម៉ា បន្ទាប់ពីសហរដ្ឋអាមេរិក។ <<ក៏ប៉ុន្តែ ក្រុមហ៊ុននោះ គឺគ្រាន់តែធ្វើប្រតិបត្តិការកំពង់ផែប៉ុណ្ណោះ ពោលគឺមិនមែនគ្រប់គ្រង ឬធ្វើប្រតិបត្តិការទាំងមូលលើព្រែកជីកប៉ាណាម៉ានោះទេ ហើយពួកគេក៏គ្មានសិទ្ធិធ្វើការសម្រេចចិត្តថាតើនរណាត្រូវអនុញ្ញាតឱ្យចេញចូលព្រែកជីកប៉ាណាម៉ា ឬថាតើនរណាត្រូវបង់ថ្លៃសេវា ឬត្រូវធ្វើអ្វីនោះឡើយ>>។ នេះជាការបញ្ជាក់របស់លោកស្រី Martínez Machain។

គួរបញ្ជាក់ថា លោក ដូណាល់ ត្រាំ ធ្លាប់បាននិយាយថាកប៉ាលអាមេរិក រួមមានទាំងនាវាចម្បាំងអាមេរិកត្រូវបានយកកម្រៃថ្លៃជ្រុលហួសហេតុ និងមិនយុត្តិធម៌ នៅពេលឆ្លងកាត់ព្រែកជីកប៉ាណាម៉ា។ ប៉ុន្តែ លោក Euclides Tapia ជាសាស្ត្រាចារ្យ ទំនាក់ទំនងអន្តរជាតិនៃសាកលវិទ្យាល័យ University of Panama យល់ថាការលើកឡើងបែបនេះរបស់លោក ត្រាំ ជារឿងមិនពិតដែលមានបំណងបិទបាំងគោលដៅពិតប្រាកដរបស់លោក ត្រាំ នោះគឺលោកចង់ឱ្យប៉ាណាម៉ា កាត់បន្ថយ ទំនាក់ទំនងរបស់ខ្លួនជាមួយចិន ឱ្យដល់កម្រិតទាបបំផុតមួយ។ ប៉ាណាម៉ាបានផ្ដាច់ទំនាក់ទំនងការទូតជាមួយតៃវ៉ាន់ ដើម្បីភ្ជាប់ទំនាក់ទំនងការទូតជាមួយចិនក្នុងឆ្នាំ២០១៧ ដែលនៅពេលនោះធ្វើឱ្យអាមេរិកក្ដៅសន្លឹកត្រចៀក។ ចាប់តាំងពី ពេលនោះមក ចិនបានពង្រីកឥទ្ធិពលរបស់ខ្លួនយ៉ាងសម្បើមនៅប៉ាណាម៉ា តាមរយៈការបោះទុន ឬការផ្ដល់ជំនួយលើគម្រោងហេដ្ឋារចនាសម្ព័ន្ធជាច្រើន។ សហរដ្ឋអាមេរិកនៅតែជាដៃគូនយោបាយ និងពាណិជ្ជកម្មដ៏សំខាន់របស់ប៉ាណាម៉ា។ ប៉ុន្តែ ប៉ុន្មានឆ្នាំថ្មីៗនេះ ក្រុមហ៊ុនមួយដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនចិន CK Hutchison Holdings មានមូលដ្ឋានក្នុងទីក្រុងហុងកុង បានសាងសង់កំពង់ផែមួយមានតម្លៃ ២០៦លានដុល្លារ នៅឯច្រកចូលមហាសមុទ្រប៉ាស៊ីហ្វិកភ្ជាប់ទៅកាន់ ព្រែកជីកប៉ាណាម៉ា និងចំណាយលុយ ១.៤ពាន់លានដុល្លារ ដើម្បីសង់ស្ពានលើកំពង់ផែនេះ។ <<លោក ត្រាំ កំពុងព្យាយាមបំភ័យប៉ាណាម៉ា>>។ នេះជាការយល់ឃើញរបស់លោកស្រី Natasha Lindstaedt។ អ្នកជំនាញខាងទំនាក់ទំនងអន្តរជាតិ រូបនេះបន្ថែមថា <<ការបំភ័យរបស់លោកគឺជាតាក់ទិកនៃកិច្ចចរចា ឬការបង្វែរការចាប់អារម្មណ៍ ឬក៏អាចទាំង២តែម្ដង>>៕








News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...