ប្រធានសាលាឧទ្ធរណ៍ភ្នំពេញ ណែនាំដល់មន្ត្រីរបស់ខ្លួនខិតខំ ដោះស្រាយសំណុំរឿងអាទិភាពទាំង៤

Posted By: RoogRog Robot | 24-Jan-2025 20:07:10

2025-01-24 08:05pm

(ភ្នំពេញ)៖ លោក សេង ស៊ីវុត្ថា ប្រធានសាលាឧទ្ធរណ៍ភ្នំពេញ បានណែនាំដល់មន្ត្រីរបស់ខ្លួនខិតខំ ដោះស្រាយសំណុំរឿងអាទិភាពទាំង៤ សំណុំរឿងអាទិភាពទាំង៤ រួមមាន សំណុំរឿងគ្រឿងញៀន, សំណុំរឿងគ្រោះថ្នាក់ចរាចរណ៍, សំណុំរឿងក្មេងទំនើង និងសំណុំរឿងអត្រានុកូលដ្ឋាន។

លោកបានធ្វើការណែនាំដូច្នេះ ក្នុងសន្និបាតបូកសរុបលទ្ធផល ការងារឆ្នាំ២០២៤ និងលើកទិសដៅការងារសម្រាប់អនុវត្តបន្តនៅឆ្នាំ២០២៥ នាព្រឹកថ្ងៃសុក្រ ទី២៤ ខែមករា ឆ្នាំ២០២៥ ដែលមានការចូលមន្ត្រីតុលាការជាង ២០០ នាក់។

សំណុំរឿងអាទិភាពទាំង៤នេះ ស្ថិតនៅក្នុងយុទ្ធនាការទាំងពីររបស់ក្រសួងយុត្តិធម៌ គឺយុទ្ធនាការជំរុញនិងពន្លឿនការដោះស្រាយ រឿងក្តីនៅតាមតុលាការ និង យុទ្ធនាការត្រួតពិនិត្យ និងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ។

បន្ថែមពីនេះ, លោក សេង ស៊ីវុត្ថា ក៏ណែនាំដល់ចៅក្រម ព្រះរាជអាជ្ញា ក្រឡាបញ្ជី និងមន្ត្រីរាជការទាំងអស់នៃសាលាឧទ្ធរណ៍ និងមហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ ពិនិត្យឲ្យបានហ្មត់ចត់លើសេចក្តីសម្រេចគ្រប់ប្រភេទ ទាំងផ្នែកអង្គហេតុ សំអាងហេតុ និងសេចក្តីសម្រេចដែលមានកំណត់ក្នុងច្បាប់ ដើម្បីបង្កើនជំនឿទុកចិត្តពីពលរដ្ឋ។

លោក សេង ស៊ីវុត្ថា ក៏ជំរុញឱ្យមន្ត្រីតុលាការបន្តពង្រឹង និងចាត់វិធានការកែលម្អការគ្រប់គ្រង ការត្រួតពិនិត្យយន្តការ ការងាររដ្ឋបាលតុលាការឱ្យកាន់តែល្អប្រសើរ ដោយផ្តើមចេញពីការកសាងសមត្ថភាព រៀនសូត្រពីការងារ ពីកំហុស និងដកបទពិសោធ ប្រកបដោយគំនិតនឹងភាពច្នៃប្រឌិត ដើម្បីធានាដល់ដំណើរការនៃការផ្តល់សេវាសាធារណៈឱ្យកាន់តែល្អប្រសើរក្នុងន័យបង្កើនជំនឿទុកចិត្តពីប្រជាពលរដ្ឋមកលើប្រព័ន្ធតុលាការ៕

















News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...