(ភ្នំពេញ)៖ អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ តាមរយៈសេចក្ដីប្រកាសព័ត៌មាន នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥នេះ បានឲ្យដឹងថា គណៈបញ្ជាការដឹកនាំស្រាវជ្រាវ ស៊ើបអង្កេត និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ នៃក្រសួងមហាផ្ទៃ នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ បានជួយអន្តរាគមន៍សង្គ្រោះជនរងគ្រោះឈ្មោះ YU EMIL ភេទប្រុស សញ្ជាតិអាមេរិក ដើមកំណើតចិនតៃវ៉ាន់ ដែលត្រូវបានចាប់ជំរិតនៅទីក្រុងបាងកក ប្រទេសថៃ រួចនាំយកមកបង្ខាំងទុកនៅក្នុងប្រទេសកម្ពុជា។
ករណីនេះសមត្ថកិច្ចបានបើកប្រតិបត្តិការស្រាវជ្រាវស្វែងរកភ្លាមៗ រហូតឈានដល់រកឃើញជនរងគ្រោះ និងសង្គ្រោះឲ្យរួចផុតពីក្រុមឧក្រិដ្ឋជនដែលមានបណ្តាញចាត់តាំងនៅប្រទេសថៃ ក្រោយទទួលបានព័ត៌មានពីក្រុមគ្រួសារ តាមរយៈគេហទំព័រហ្វេសប៊ុករបស់ក្រសួងមហាផ្ទៃ នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥។
ជនរងគ្រោះបានចាញ់បោកក្រុមឧក្រិដ្ឋជនជនជាតិចិនតៃវ៉ាន់នៅប្រទេសថៃ លួងលោម បោកបញ្ឆោតឲ្យធ្វើដំណើរចេញពីខេត្តសៀងហៃប្រទេសចិន មកប្រទេសថៃ ដើម្បីចូលរួមកម្មវិធីសម្ពោធហាងនំមួយកន្លែងនៅទីក្រុងបាងកក ហើយត្រូវបានក្រុមឧក្រិដ្ឋជនដាក់ថ្នាំ រួចដឹកបញ្ជូនមកកម្ពុជា បង្ខាំងទុក ធ្វើទារុណកម្ម និងជំរិតទារប្រាក់។
ក្រោយអន្ដរាគមន៍សង្គ្រោះជនរងគ្រោះបានដោយសុវត្ថិភាព ក្រុមប្រតិបត្តិការនៃគណៈបញ្ជាការ បានឃាត់ខ្លួនជនសង្ស័យម្នាក់ជាជនជាតិចិនតៃវ៉ាន់ដូចគ្នា ក្នុងចំណោមបក្ខពួកផ្សេងទៀត ដែលទទួលខុសត្រូវ លើការគ្រប់គ្រងជនរងគ្រោះមិនអោយរត់គេច និងធ្វើទារុណកម្ម ដើម្បីឲ្យបណ្តាញឧក្រិដ្ឋជននៅប្រទេសថៃ ធ្វើការទំនាក់ទំនងជាមួយក្រុមគ្រួសារទារប្រាក់ដោះដូរនឹងសុវត្ថិភាពរបស់ជនរងគ្រោះ។
បច្ចុប្បន្នជនរងគ្រោះកំពុងស្ថិតក្រោមការគ្រប់គ្រង តាមដានសុខភាពពីសមត្ថកិច្ចនគរបាលជាតិកម្ពុជា និងត្រៀមរៀបចំបែបបទប្រគល់ជូនតំណាងស្ថានទូតអាមេរិក ដើម្បីគ្រប់គ្រងបន្ត និងរៀបចំបែបបទចាកចេញ ពីកម្ពុជា។ ចំពោះក្រុមឧក្រិដ្ឋជនជនជាតិចិនតៃវ៉ាន់ និងមេក្លោង ដែលមានអង្គការចាត់តាំងនៅប្រទេសថៃ សមត្ថកិច្ចជំនាញនៃក្រុមប្រតិបត្តិការ កំពុងបន្តធ្វើការស្រាវជ្រាវកំណត់អត្តសញ្ញាណយ៉ាងហ្មត់ចត់ និងអាចឈានទៅសហការជាមួយសមត្ថកិច្ចថៃ ដើម្បីកាត់ផ្តាច់បណ្ដាញឧក្រិដ្ឋកម្មនេះទាំងស្រុង៕