(កំពង់ឆ្នាំង)៖ សម្ដេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងបរមរាជវាំង នៅព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតីភាពក្នុងពិធីចែកវិញ្ញាបនបត្រដីធ្លី ជូនប្រជាពលរដ្ឋនៅក្នុងភូមិចំនួន៤ ក្នុងឃុំព្រះគគីរ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង។ ពិធីនេះបានធ្វើឡើងនៅក្នុងសាលាស្រុកបរិបូណ៌ ដោយមានការអញ្ជើញចូលរួមពីលោក ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង លោកអភិបាលរងខេត្ត មន្ត្រីរាជការជុំវិញខេត្ត លោកអភិបាលស្រុកបរិបូណ៌ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋដែលមកទទួលបណ្ណដីធ្លីចូលរួមមានចំនួន៧១១នាក់។
សម្ដេចមហាមន្ត្រី គុយ សុផល បានថ្លែងថា ប្រជាពលរដ្ឋក៏ដូចជាអាជ្ញាធរភូមិឃុំទាំងអស់ក្នុងទូទាំងប្រទេសពិតជាសូមថ្លែងអំណរគុណ និងដឹងគុណយ៉ាងជ្រាលជ្រៅដល់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ដែលបានដាក់ចេញនូវគោលនយោបាយលើវិស័យដីធ្លី ផ្ដល់បណ្ណកម្មសិទ្ធស្របច្បាប់ជូនប្រជាពលរដ្ឋប្រើប្រាស់ និងអាស្រ័យផលធ្វើឱ្យប្រជាពលរដ្ឋមានបណ្ណកម្មសិទ្ធិលើដីធ្លី និងបានបង្កបង្កើនផលដោះស្រាយជីវភាពគ្រប់ក្រុមគ្រួសារគ្រប់មូលដ្ឋានអាចយកទៅប្រើប្រាស់ផ្សេងៗទៅតាមតម្រូវការរបស់បងប្អូនបានល្អប្រសើរនៅក្រោមម្លប់សុខសន្តិភាព។
ទន្ទឹមគ្នានេះដែរ សម្ដេចក៏បានអរគុណដល់មន្ត្រីសុរិយាដីស្រុកខេត្ត ដែលបានយកចិត្តទុកដាក់ពុះពារគ្រប់ឧបសគ្គ និងការលំបាកនានាដើម្បីចុះវាស់វែងដីធ្លីជូនប្រជាពលរដ្ឋបានជោគជ័យ។ ជាក់ស្ដែងនៅថ្ងៃនេះបានធ្វើពិធីប្រគល់វិញ្ញាបនបត្រសម្គាល់អចលនវត្ថុដីធ្លីជូនប្រជាពលរដ្ឋចំនួន ១២៦៨គ្រួសារ ស្មើនិង ១,៨៦០បណ្ណ ជូនប្រជាពលរដ្ឋចំនួន៤ភូមិ ក្នុងឃុំកំពង់ព្រះគគីរ ស្រុកបរិបូរណ៍។
លោក ស៊ុន សុវណ្ណារិទ្ធិ សូមថ្លែងអំណរគុណយ៉ាងជា្រលជ្រៅបំផុតចំពោះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា តាមរយៈលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងដែនដី នគររូបនីយកម្ម និងសំណង់ ដែលបានយកចិត្តទុកដាក់ឧបត្ថម្ភគាំទ្រទាំងកម្លាំងមន្ត្រីវាស់វែង សម្ភារ ថវិកា និងបច្ចេកទេសដល់ក្រុមការងារចុះបញ្ជីដីធ្លីនៃរដ្ឋបាលខេត្តដើម្បីជំរុញការអនុវត្តចុះបញ្ជីដីធ្លីនៅក្នុងខេត្តកំពង់ឆ្នាំង។
លោកអភិបាលខេត្តបានបញ្ជាក់ថា ក្រោមការដឹក នាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងគណបក្សប្រជាជនកម្ពុជា ដែលមានកម្មវិធីនយោបាយគិតគូរដល់ផលប្រយោជន៍ប្រទេសជាតិ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋពិតប្រាកដ។ ដូចជាការមិនយកពន្ធដីកសិកម្មពីកសិករ ថែរក្សាសុខសន្តិភាព ស្ថិរភាព សណ្ដាប់ធ្នាប់សាធារណៈ ពិសេសជាមួយប្រទេសជិតខាង ជំរុញការអនុគ្រោះដល់ដីបរិស្ថានវិនិយោគ ដើម្បីទទួលបានការវិនិយោ គច្រើន សម្រាប់ដំឡើងប្រាក់ខែជាបន្តបន្ទាប់ ជំរុញការដំ ឡើងប្រាក់បៀវត្សប្រចាំខែជូនមន្ត្រីរាជការកងកម្លាំងប្រដា ប់អាវុធឱ្យដល់ជាង១លានរៀល វិស័យអប់រំជំរុញឱ្យគ្រប់ឃុំមានអនុវិទ្យាល័យ និងធានាជំរុញឱ្យកុមារក្រីក្រមានឱកាសចូលរៀន ជំរុញការអភិវឌ្ឍ អគ្គិសនី ទឹកស្អាត ផ្លូវ ស្ពាន និងវិស័យសុខាភិបាល។ល។
ដោយឡែកលោក លី សុភា ប្រធាន មន្ទីរដែនដី នគររូបនីយកម្ម សុរិយោដី និងសំណង់ ខេត្តកំពង់ឆ្នាំង បានឡើងរាយការណ៍ថា ការវាស់វែងដីធ្លីនៅក្នុងខេត្តកំពង់ឆ្នាំង បានរៀបចំមានក្រុមចុះបញ្ជីចំនួន ១១ក្រុ ម មានកម្លាំងសរុប ៣៥០នាក់។ ក្នុងនោះកម្លាំងខេត្ត១៧៩នាក់ កម្លាំងយុវជន ១៥៣នាក់ និងក្រុមចុះបញ្ជីរបស់ក្រសួងដែនដីមាន១៣នាក់។ ដីប៉ាន់ស្មានក្នុងខេត្តចំនួន ៦៤៤៩,៣៤៦ក្បាលដី គិតពីពេលចាប់ផ្ដើមរហូតដល់ពេលនេះសម្រេចបានចុះបញ្ជី និងវាស់វែង បាន ៦១៦.៩៧១ក្បាលដី ស្មើនឹង៩៥% ,បញ្ចប់ការបិទផ្សាយចំនួន ៣៣៤.៣៩៩ក្បាលដី ស្មើនឹង៥១,៥០% ចេញបណ្ណជូនប្រជាពលរដ្ឋចំនួន ៣១៥.៩៧៣ក្បាលដី ស្មើនឹង៤៦.៦៦ភាគរយ ក្បាលដីដែលត្រូវវាស់វែងបង្ហើយមានចំនួន ៣២.៣៧៥ក្បាលដី ប្រហែល៥% ទៀតដែលនឹងបញ្ចប់ការវាស់វែងយ៉ាងយូរនៅត្រឹមចុងខែមិនាឆ្នាំ២០២៥ ខាងមុខនេះ។
ដោយឡែកការចែកវិញ្ញាបនបត្រសម្គាល់អចលនវត្ថុ (ប្លង់រឹង) នៅថ្ងៃនេះមានចំនួន ១,៨៦០បណ្ណ ស្មើនឹង១.២៨៨គ្រួសារជូនប្រជាពលរដ្ឋរស់នៅក្នុងភូមិ៤ គឺភូមិព្រែកស្ពាន៥៤៥បណ្ណ, ភូមិកោះតាម៉ូវ ៤១០បណ្ណ, ភូមិស្ទឹងជ្រៅ ៤៩៥បណ្ណ និងភូមិដំណាក់រាជ ២១០បណ្ណ។
បន្ទាប់ពីបញ្ចប់ពិធីផ្ដល់បណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋរួចហើយ សម្ដេចមហាមន្ត្រី ក៏បានបន្តដឹកនាំក្រុមការងារចុះទៅពិនិត្យមើលការធ្វើស្រែប្រាំងរបស់ប្រជាពលរដ្ឋនិងជួបសំណេះសំណាលជាមួយប្រជាកសិករ នៅក្នុងភូមិអ ញ្ចាញរូង ឃុំអញ្ចាញរូង ស្រុកបរិបូរណ៌ផងដែរ។
លោក គឹមសេង ប្រធានសហគមន៍ស្រូវប្រាំង បានឱ្យដឹងថា ការធ្វើស្រែប្រាំងរបសប្រជាពលរដ្ឋសរុបមានចំនួន ២៥៥ហិកតា ដែលមានប្រជាកសិករចំនួន ២៨២គ្រួសារ។ ចំណែកនៅក្នុងតំបន់ជាប់ប្រឡាយមេនេះដែរ មានស្រែប្រាំងចំនួនតែ៣២ហិកតាប៉ុណ្ណោះ។ ចំពោះស្រែប្រាំងដែលនៅឆ្ងាយពីប្រឡាយមេប្រជាកសិករត្រូវប្រើម៉ាស៊ីនបូមទឹកបន្តពីប្រឡាយមេទៅដាក់ក្នុងស្រែបន្ថែមទៀត ឯការធ្វើស្រែប្រាំងក្នុងតំបន់នេះមានរយៈពេលមួយខែកន្លះទៀត ទើបប្រមូលផល។
សម្ដេចមហាមន្ត្រី ក្នុងពេលសំណេះសំណាលជាមួយប្រជាកសិករសម្ដេចក៏បានផ្ដាំផ្ញើដល់លោកអភិបាលខេត្តកំពង់ឆ្នាំង និងលោកអភិបាលស្រុកបរិបូរណ៍ សូមយកចិត្តទុក ដាក់ជួយផ្ដល់ប្រេង ឬម៉ាស៊ីនបូមទឹកដល់ប្រជាកសិករផង ដើម្បីពួកគាត់មានលទ្ធភាពបូមទឹកពីប្រឡាយមេដាក់ចូលស្រែឆ្ងាយៗ ឱ្យមានទឹកស្រោចស្របគ្រប់គ្រាន់ទើបប្រជាកសិករគាត់ច្រូតកាត់ទទួលបានទិន្នផលខ្ពស់៕