(ភ្នំពេញ)៖ លោកសាស្ដ្រាចារ្យ ឈាង រ៉ា រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានថ្លែងថា ការធ្វើអត្ដឃាត បានក្លាយទៅជាបញ្ហាសុខភាពសាធារណៈថ្មី្មមួយ សម្រាប់ពិភពលោក ដែលការធ្វើការអត្ដឃាតជាមូលហេតុនាំមុខ នៃមូលហេតុនាំមុខនៃការស្លាប់ទាំង២០ ហើយអង្គការសហប្រជាជាតិ ក៏បានដាក់បញ្ជូលទៅក្នុងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ជាមួយនឹងសូចនាករជាក់លាក់ ដោយត្រូវកាត់បន្ថយអត្រាមរណភាពនៃការធ្វើអត្ដឃាត ឱ្យ១/៣ ត្រឹមឆ្នាំ២០៣០។
ការថ្លែងយ៉ាងដូច្នេះរបស់លោកសាស្ដ្រាចារ្យ ក្នុងឱកាសជាអធិបតីក្នុងពិធីបើកសិក្ខាសាលាស្តីពី <<ការអភិវឌ្ឍផែនការសកម្មភាពពហុវិស័យ សម្រាប់ការបង្ការការធ្វើអត្តឃាត>> ដែលការអញ្ជើញចូលរួមស្ទើរគ្រប់ភាគីពាក់ព័ន្ធ និងអង្គការដៃគូ ជាតិនិងអន្ដរជាតិ WHO, USAID, ថ្នាក់ដឹកនាំក្រសួងសុខាភិបាល គ្រប់មន្ទីរពេទ្យជាតិ អង្គភាពថ្នាក់កណ្តាលក្រសួងសុខាភិបាល មន្ទីរសុខាភិបាលរាជធានី-ខេត្ត ក្លឹបអ្នកកាសែត រួមទាំងព្រះសង្ឃផងដែរ នាថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥។
លោកសាស្ដ្រាចារ្យរដ្ឋមន្ដ្រីបានថ្លែងបន្ដថា <<ការធ្វើអត្ដនៅកម្ពុជាយើង មានចំនួនមិនគួរនឹកស្មានដល់នោះទេ ដែលមានរហូតដល់ទៅជាង ២០០នាក់ ក្នុងមួយឆ្នាំ ដោយចំនួននេះមិនទាន់បានរាប់បញ្ជូលអស់នៅឡើយ ហើយករណីធ្វើអត្ដឃាតនេះមានច្រើនជាងគេនៅរាជធានីភ្នំពេញ ដែលមានរហូតដល់ទៅ ៤០%>>។ ដូច្នេះសូមអំពានាវដល់អង្គការដៃគូជាតិ និងអន្ដរជាតិ រួមទាំងក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ សូមចូលរួមរៀបចំយុទ្ធសាស្ដ្រក្នុងការកាត់បន្ថយអាត្រាការធ្វើអត្ដឃាតនេះ>>។
លើសពីនោះសាស្ដ្រាចារ្យរដ្ឋមន្ដ្រី ក៏អំពាវនាវដល់បណ្ដាញផ្សព្វផ្សាយទាំងអស់ រួមទាំងប្រជាពលរដ្ឋផងដែរ សូមកុំចែករំលែករូបភាពធ្វើអត្តឃាត តាមបណ្ដាញសង្គម ឬចែកគ្នាមើលតៗគ្នា ជាផលប៉ះពាល់ និងដិតអារម្មណ៍មួយ ធ្វើឱ្យសតិអារម្មណ៍មិនល្អ ពិសេសអ្នកដែលកំពុងមានវិបត្ដិ នឹងជំរុញឱ្យពួកគាត់ អនុវត្ដចំណុចនោះ ដើម្បីបញ្ចប់ជីវិត។
សម្រាប់ការបង្ការការធ្វើអត្តឃាត ក៏ជាផ្នែកមួយនៃយុទ្ធសាស្រ្តឆ្ពោះទៅកាន់ចក្ខុវិស័យរបស់ក្រសួងសុខាភិបាល ដែលសម្រេចបាន <<ប្រជាជនកម្ពុជាគ្រប់រូប រស់នៅប្រកបដោយសុខភាព និងសុខុមាលភាពកាន់តែល្អប្រសើរ រួមចំណែកអភិវឌ្ឍធនធានមនុស្ស និងកំណើនសេដ្ឋកិច្ច ប្រកបដោយចីរភាព>> ស្របតាមយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។
ដូច្នេះសិក្ខាសាលាដែលរៀបចំឡើងដោយនាយកដ្ឋានសុខភាពផ្លូវចិត្ត និងការបំពានគ្រឿងញៀន នៃក្រសួងសុខាភិបាល មានរយៈពេល ២ថ្ងៃនេះ ទី២១-២២ ខែមករា ក្នុងគោលបំណងសំខាន់ គឺស្វែងយល់ពីការធ្វើអត្តឃាតជាសកល ក្នុងតំបន់ និងនៅប្រទេសកម្ពុជា, ការចែករំលែកបទពិសោធន៍នៃការបង្ការការធ្វើអត្តឃាត, ការធ្វើការវិភាគស្ថានការណ៍ និងរៀបចំសេចក្តីព្រាង ផែនការសកម្មភាពពហុវិស័យ សម្រាប់ការបង្ការការធ្វើអត្តឃាតនៅប្រទេសកម្ពុជា។ នេះបើតាមការបញ្ជាក់បន្ថែមរបស់លោកសាស្ដ្រាចារ្យរដ្ឋមន្ដ្រី។
សូមជម្រាបថានៅក្នុងសិក្ខាសាលាខាងលើនេះ លោកសាស្ដ្រាចារ្យរដ្ឋមន្ដ្រី ក៏បានផ្ដល់នូវអនុសាសន៍គន្លឹះមួយចំនួនផងដែរ ដើម្បីជាទុនសម្រាប់ពិចារណាក្នុងការកសាងផែនការសម្រាប់ការបង្ការការធ្វើអត្ដឃាត៕