(អង់ការ៉ា)៖ អគ្គិភ័យបានឆាបឆេះសណ្ឋាគារ រមណីយដ្ឋានជិះស្គីមួយកន្លែង នៅលើភ្នំ Bolu ប្រទេសតួកគី បណ្តាលឱ្យមនុស្សយ៉ាងតិច ៦៦នាក់ស្លាប់បាត់បង់ជីវិត និង៥១នាក់ផ្សេងទៀតរងរបួស នៅថ្ងៃអង្គារនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃអង្គារ ទី២១ ខែមករា ឆ្នាំ២០២៥។
ភ្លើងបានបង្ខំឱ្យភ្ញៀវដែលកំពុងភ័យស្លន់ស្លោ លោតចេញពីបង្អួចទាំងកណ្តាលយប់ដើម្បីគេចពីអណ្តាតភ្លើង។
រដ្ឋមន្ត្រីសុខាភិបាល លោក Kemal Memisoglu បានថ្លែង នៅឯ រមណីយដ្ឋានជិះស្គី Kartalkaya ភាគពាយព្យនៃប្រទេសតួកគីថា ហេតុការណ៍ដ៏រន្ធត់នេះ បានឆក់យកជីវិតមនុស្សយ៉ាងហោចណាស់ ៦៦ នាក់។
អាជ្ញាធរបានបញ្ជាក់ មុននេះបន្តិចថា អគ្គិភ័យបានចាប់ផ្តើមឆាបឆេះ នៅវេលាម៉ោង ៣:៣០ ទៀបភ្លឺ (ម៉ោងក្នុងតំបន់) នៅជាន់ភោជនីយដ្ឋាននៃសណ្ឋាគារ Grand Kartal ដែលមានកម្ពស់ ១១ជាន់។ ទោះជាយ៉ាងណា មូលហេតុនៃអគ្គិភ័យដ៏ប្រល័យនេះ នៅមិនទាន់ត្រូវបានបញ្ជាក់ច្បាស់ នៅឡើយទេ។
រថយន្តពន្លត់អគ្គីភ័យជាច្រើនគ្រឿង បានឡោមព័ទ្ធអគារដែលកំពុងឆេះ ខណៈដែលកម្រាលពូកពណ៌សដែលចងជាប់គ្នា ត្រូវបានគេឃើញទម្លាក់ចេញពីបង្អួចជាន់ខាងលើ ជាកន្លែងដែលភ្ញៀវព្យាយាមរត់គេចពីអណ្តាតភ្លើង៕