កម្ពុជា-ទីម័រឡេស្តេ ចុះអនុស្សរណៈនៃការយោគយល់ ផ្ដោតលើកិច្ចសហប្រតិបត្តិការ អភិវឌ្ឍបចេ្ចកទេស និងធនធានមនុស្សរវាងប្រទេសទាំងពីរ

Posted By: RoogRog Robot | 21-Jan-2025 20:54:45

2025-01-21 07:52pm

(ភ្នំពេញ)៖ លោក ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) នៃព្រះរាជាណាចក្រកម្ពុជា និងលោក Miguel Margue GonçalvesManetelu រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូន និងសារគមនាគមន៍ នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ រសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីចុះហត្ថលេខាលើ <<អនុស្សរណៈនៃការយោគយល់ស្តីពីកិច្ចសហប្រតិបត្តិការក្នុងវិស័យប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន និងបរិវត្តកម្មឌីជីថល>>។

ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ ថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃ ក.ប.ទ. និងគណៈប្រតិភូ នៃក្រសួងដឹកជញ្ជូននិងសារគមនាគមន៍ នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ។

អនុស្សរណៈនៃការយោគយល់នេះ រៀបចំឡើងក្នុងគោលបំណងផ្ដោតទៅលើកិច្ចសហប្រតិបត្តិការ ការអភិវឌ្ឍបចេ្ចកទេស និងការអភិវឌ្ឍធនធានមនុស្សរវាងប្រទេសទាំងពីរ ក្នុងវិស័យសំខាន់ៗចំនួន ៤ រួមមាន (១) វិស័យប្រៃសណីយ៍ (២)វិស័យទូរគមនាគមន៍ (៣) វិស័យបច្ចេកវិទ្យាព័ត៌មាននិងគមនាគមន៍ និង(៤) ការផ្លាស់ប្តូរ បទពិសោធគ្នាទៅវិញទៅមកនៃការធ្វើបរិវត្តកម្មឌីជថល។ កិច្ចសហប្រតិបត្តិការនាពេលនេះ គឺជាជំហានថ្មីមួយទៀតរបស់ ក.ប.ទ. ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាលកម្ពុជា នឹងជួយសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ ក្នុងការដាក់ឱ្យប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.tl នៅសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ។

ថ្នាលផ្ទៀងផ្ទាត់ឯកសាររបស់រាជរដ្ឋាភិបាល verify.gov.kh ត្រូវបានទទួលស្គាល់ថាជាហេដ្ឋារចនាសម្ព័ន្ធសាធារណៈឌីជីថល (DPI) ទី៤ របស់ពិភពលោក ហើយស្ថាប័នអន្តរជាតិមួយចំនួន រួមមាន កម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) ធនាគារពិភពលោក (World Bank) មូលនិធិ Co-Develop និងសម្ព័ន្ធភាពផលិតផលសាធារណៈឌីជីថល (Digital Public Goods Alliance) និងយុទ្ធនាការ 50-In-5 បានលើកទឹកចិត្តឱ្យប្រទេសផ្សេងៗពិចារណាប្រើប្រាស់ថ្នាលនេះ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនិងតម្លាភាព នៃការផ្ដល់សេវាសាធារណៈដល់ធុរកិច្ចនិងប្រជាពលរដ្ឋ ដែលធ្វើឱ្យថ្នាលរបស់កម្ពុជាមួយនេះ រឹតតែទទួលបានការចាប់អារម្មណ៍ពីបណ្តាប្រទេសមួយចំនួន បន្ថែមទៀត ហើយក.ប.ទ. នឹងសហការជាមួយបណ្តាប្រទេសទាំងនោះ ដើម្បីជួយដាក់ឱ្យប្រើថ្នាhttp://xn--verify-917a.gov/ ជាបន្តបន្ទាប់ផងដែរ។

សូមបញ្ជាក់ផងដែរថា ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh គឺជាថ្នាលរបស់រាជរដ្ឋាភិបាល ដែលអភិវឌ្ឍដោយ ក.ប.ទ. និងត្រូវបានដាក់ឱ្យប្រើក្នុងគោលបំណងលុបបំបាត់ការក្លែងបន្លំឯកសារ ផ្តល់ភាពងាយស្រួល ក្នុងការប្រើប្រាស់និងផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនៃឯកសារ ផ្តល់ទំនុកចិត្ត ចំណេញពេលវេលា និងកាត់បន្ថយចំណាយនានា ព្រមទាំងជំរុញការធ្វើបរិវត្តកម្មឌីជីថល ស្របតាមឧត្តមានុវត្តជាអន្តរជាតិ។

ការផ្ទៀងផ្ទាត់ឯកសារនៅលើថ្នាល verify.gov.kh ត្រូវធ្វើឡើងតាមរយៈការដាក់បញ្ចូល QR Code ស្តង់ដា ដោយប្រើបច្ចេកវិទ្យាប្លុកឆេន (Blockchain) ដែលមានសុវត្ថិភាពខ្ពស់នៅលើសន្លឹកនៃឯកសារនីមួយៗ។ ទន្ទឹមនឹងនេះ ការប្រើប្រាស់ឯកសារដែលមានដាក់បញ្ចូល QR Code ស្តង់ដានេះ មិនតម្រូវឱ្យមានការធ្វើនីត្យានុកូលកម្ម នៅលើឯកសារថតចម្លងក្នុងទម្រង់ជាក្រដាសឡើយ៕











News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...