មន្ដ្រីជាន់ខ្ពស់ក្រសួងអប់រំ ជំរុញមន្ទីរអប់រំខេត្តកណ្ដាល ខិតខំប្រឹងប្រែងពង្រឹងការងារ សំដៅលើកម្ពស់គុណភាពឲ្យកាន់តែប្រសើរ

Posted By: RoogRog Robot | 21-Jan-2025 16:13:48

2025-01-21 04:11pm

(កណ្ដាល)៖ លោក ជា ជាតិ អនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា តំណាងលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានជំរុញដល់ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកណ្ដាល និងមន្ត្រីពាក់ព័ន្ធទាំងត្រូវប្ដេជ្ញាអនុវត្តនូវគោលការណ៍លើកម្ពស់វិស័យអប់រំថ្នាក់ខេត្ត ឲ្យកាន់តែល្អប្រសើរឡើង ឆ្លើយតបទៅនឹងតម្រូវការធនធានមនុស្សមានគុណភាពសម្រាប់ជួយកសាងប្រទេសជាតិ ឲ្យរីកចម្រើនទៅមុខជាលំដាប់។

ការថ្លែងបែបនេះ របស់លោក ជា ជាតិ ធ្វើឡើងក្នុងឱកាសអញ្ជើញបើកសន្និបាតបូកសរុបលទ្ធផលការងារអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំសិក្សា២០២៣-២០២៤ និងលើកទិសដៅឆ្នាំសិក្សា២០២៤-២០២៥ នាថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ នៅសាលាគរុកោសល្យ និងវិក្រឹតការ ខេត្តកណ្តាល។

លោកបញ្ជាក់ថា សន្និបាតឆ្នាំនេះលើកឡើងប្រធានបទពិភាក្សាឆ្លើយតបទៅនឹងទិសដៅកំណែទម្រង់របស់ក្រសួងអប់រំ យុវជន និងកីឡា អនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដោយបានផ្តល់អាទិភាពជាចម្បងទៅលើវិស័យអប់រំ ក្នុងការបណ្តុះបណ្តាលមូលធនមនុស្ស ដើម្បីឲ្យយុវជនមានចំណេះដឹងខ្ពស់ សមត្ថភាពខ្ពស់ ភាពច្នៃប្រឌិត ស្មារតីសហគ្រិនភាព នវានុវត្តន៍ និងក្រមសីលធម៌ខ្ពស់ ក្នុងការរួមចំណែក អភិវឌ្ឍសង្គម ធានាកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព និងបរិយាបន្ន។ ការលើកកម្ពស់ចំណេះដឹង កម្រិត ជំនាញរបស់យុវជន ឆ្លើយតបយុទ្ធសាស្ត្របញ្ចកោណឆ្នាំ២០៣០ ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ និងឆ្នាំ២០៥០ ជាប្រទេសមានចំណូលខ្ពស់។

ក្នុងឱកាសនោះ លោក ចេង សំអ៊ុល ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត បានលើកឡើងថា ស្របទៅតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងនោះរាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកវិស័យអប់រំ ជាវិស័យអាទិភាពទី១ ឆ្ពោះទៅអភិវឌ្ឍធនធានមនុស្សឲ្យ មានសមត្ថភាព ចំណេះដឹង និងជំនាញខ្ពស់ ភាពច្នៃប្រឌិត ស្មារតីសហគ្រិនភាព នវានុវត្តន៍ និងក្រមសីលធម៌ ដើម្បីជំរុញកំណើនការងារ សមធម៌ និងចីរភាព សំដៅការពារថែរក្សា និងពូនជ្រំសមិទ្ធផលជាតិ លើកកម្ពស់កិត្យានុភាពជាតិឲ្យខ្ពស់ត្រដែតជំរុញសន្ទុះនៃកំណើនសេដ្ឋកិច្ច និង កសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។

មន្ទីរអប់រំ យុវជន និងកីឡា បានសហការជាមួយដៃគូអភិវឌ្ឍ និងអ្នកពាក់ព័ន្ធដទៃទៀត ក្នុងការរៀបចំផែនការយុទ្ធ សាស្ត្រវិស័យអប់រំខេត្ត ២០២៤-២០២៨ សម្រាប់អនុវត្តបន្ត៥ឆ្នាំទៀត ស្របតាមគោលនយោបាយថ្នាក់ជាតិ ឆ្ពោះទៅគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព២០១៦-២០៣០។

សូមបញ្ជាក់ថា សន្និបាតអប់រំ យុវជន និងកីឡាខេត្ត មានរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃ២១ ដល់ថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ ដោយផ្តោតការយកចិត្តទុកដាក់សំខាន់ លើការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាទី៧ នៃរដ្ឋសភា៕



















News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...