សន្និបាតប្រចាំឆ្នាំរបស់រដ្ឋបាលរាជធានីភ្នំពេញ បន្ដបែងចែកក្រុមពិភាក្សា ដើម្បីរិះរកយន្ដការថ្មីៗ ក្នុងការអភិវឌ្ឍ និងបម្រើសេវាជូនប្រជាពលរដ្ឋ

Posted By: RoogRog Robot | 21-Jan-2025 16:02:17

2025-01-21 03:58pm

(ភ្នំពេញ)៖ នារសៀលថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥នេះ អង្គសន្និបាតបូកសរុបការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់រដ្ឋបាលរាជធានីភ្នំពេញ បានបន្តពិភាក្សាលើប្រធានបទ ទៅតាមក្រុមនីមួយៗ ដើម្បីដកស្រង់បទពិសោធន៍ និងពិភាក្សារកដំណោះស្រាយបញ្ហាប្រឈម ដែលមានទាក់ទងនឹងប្រធានបទពិភាក្សាទាំង៦នោះ ដើម្បីចូលរួមអភិវឌ្ឍន៍រាជធានីភ្នំពេញ ពិសេសបន្តបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋានប្រកបដោយតម្លាភាព ប្រសិទ្ឋភាព និងសមធម៌។

លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានលើកឡើថា ឆ្នាំ២០២៤កន្លងមកនេះ រដ្ឋបាលរាជធានីបានផ្តល់សេវាសាធារណៈគ្រប់ប្រភេទជូនប្រជាពលរដ្ឋ តាមរយៈអង្គភាពច្រកចេញចូលតែមួយ របស់រដ្ឋបាលរាជធានីភ្នំពេញបានចំនួន១០១,៧០០សេវា ដែលក្នុងមួយថ្ងៃទទួលបាន២៧៣សេវា ទទួលបានចំណូលសរុប៤៨,៣៩៤,៧៣១,៣៥០រៀល ស្មើនិងជាង១២សែនដុល្លារ។

ក្នុងនោះ ក៏បានទទួលបណ្ដឹង សំណូមពរ និងធ្វើការសម្របសម្រួលដល់ប្រជាពលរដ្ឋ និងសាធារណជនទូទៅ ដែលមកស្នើសុំប្រើប្រាស់សេវាបានចំនួន២៧០នាក់។ ចំនួនភ្ញៀវជាតិ អន្តរជាតិមកចូលទស្សនាតាមរមណីយដ្ឋាននានា នៅក្នុងរាជធានីភ្នំពេញ មានចំនួនជាង១១លាននាក់ ដែលមានកំណើតកើនឡើងជាង៦៣ភាគរយ បើប្រាប់ធៀបឆ្នាំ២០២៣។

លោក ឃួង ស្រេង បានបន្តថា នៅឆ្នាំ២០២៤ រាជធានីភ្នំពេញ មានសំណង់បណ្តុំផ្ទះលែ្វង ចំនួន៤៥៣កន្លែង មានអគារខ្ពស់ៗ ចាប់ពី៥ជាន់ឡើងទៅ ចំនួន១៨៧៧អគារ មានរោចក្រ ចំនួន៨១១រោងចក្រ កើនឡើង១៨រោងចក្រ។

ក្នុងឆ្នាំ២០២៤កន្លងទៅនេះ រដ្ឋបាលរាជធានីភ្នំពេញ បានបន្តខិតខំយកចិត្តទុកដាក់ និងបំពេញតួនាទីយ៉ាងសកម្ម ក្នុងនាមរដ្ឋបាលថ្នាក់ក្រោមជាតិ ដោយឈរលើគោលការណ៍រដ្ឋបាលឯកភាព នៃការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ស្របតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីសម្រេចបាននូវសមិទ្ធផល និងស្នាដៃការងារសំខាន់ៗ គួរជាទីមោទនៈ ពិសេសក្នុងវិស័យសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សង្គមនៅគ្រប់ព្រឹត្តិការណ៍ជាតិ-អន្តរជាតិ ការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ការកែលម្អអនាម័យ-បរិស្ថាន ការផ្តល់សេវាសាធារណៈ និងការងារកំណែទម្រង់តាមវិស័យ ដែលជាផ្នែកមួយជួយជំរុញដល់ការអភិវឌ្ឍ និងកំណើនសេដ្ឋកិច្ចជាតិ។

រដ្ឋបាលរាជធានីភ្នំពេញ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនថ្នាក់ដឹកនាំ រាជរដ្ឋាភិបាល ដែលបានបង្កើតឱ្យមានយន្តការក្រុមការងារចុះមូលដ្ឋាន ដោយតាមរយៈសកម្មភាព និងសមិទ្ធផលក្រុមការងារសម្រេចបាន គឺឆ្លុះបញ្ចាំងឲ្យឃើញថា ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានីភ្នំពេញ បានខិតខំជំរុញលើកទឹកចិត្ត និងគាំទ្រទាំងស្មារតី ធនធាន សម្ភារៈ តាមគ្រប់រូបភាព និងមធ្យោបាយជួយដល់រដ្ឋបាលខណ្ឌទាំង១៤ ក្នុងរាជធានីភ្នំពេញ ក្នុងការអភិវឌ្ឍមូលដ្ឋាន បំពេញបន្ថែមនូវចំណុចខ្វះចន្លោះណាមួយ របស់រដ្ឋបាលរាជធានីភ្នំពេញ និងរដ្ឋបាលខណ្ឌ-សង្កាត់ បានកាន់តែប្រសើរថែមទៀត ក្នុងការជួយលើកកម្ពស់កម្រិតជីវភាព។ ជាមួយគ្នានេះ ក៏បានចូលរួមចំណែកឆ្លើយតបសំណូមពរ និងការដោះស្រាយបញ្ហាប្រឈមខ្លះៗ របស់ប្រជាពលរដ្ឋបានជាបណ្តើរៗ។

ទន្ទឹមនឹងលទ្ធផល ដែលសម្រេចបានជាវិជ្ជមាន រដ្ឋបាលរាជធានីភ្នំពេញ នឹងព្យាយាមបន្តប្រមូលផ្តុំកម្លាំងសរុប មធ្យោបាយសរុប និងវិធានការសរុប ដើម្បីបន្តគ្រប់គ្រង និងដោះស្រាយឲ្យបានកាន់តែល្អប្រសើរបន្ថែមទៀត លើការងារអាទិភាពសំខាន់ៗ ពិសេសការបំពេញតួនាទី ភារកិច្ច ក្នុងនាមជាអ្នកបម្រើសេវាសាធារណៈ ជូនប្រជាពលរដ្ឋ ប្រកបដោយតម្លាភាព ប្រសិទ្ធភាព និងសមធម៌៕





























News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...