អត្ថបទស៊ីជម្រៅ៖ គ្មានទេសចរណ៍ណាធ្វើទស្សនកិច្ចក្នុងប្រទេសដែលគ្មានសន្តិភាពឡើយ!​ (Video inside)

Posted By: RoogRog Robot | 21-Jan-2025 16:35:47

2025-01-21 04:31pm

(ភ្នំពេញ)៖ រយៈពេល២៦ឆ្នាំកន្លងមកនេះ សន្តិភាព បាននាំប្រទេសជាតិ បោះជំហានទៅមុខតាមគន្លង លទ្ធិប្រជាធិបតេយ្យ ជាមួយនឹងការអភិវឌ្ឍនានាគួរជាទីមោទនៈ។ Fresh Exclusive មានសេចក្តីរាយការណ៍ស៊ីជម្រៅមួយក្រោមចំណងជើងថា <<គ្មានទេសចរណ៍ណាធ្វើទស្សនកិច្ច ក្នុងប្រទេសដែលគ្មានសន្តិភាពឡើយ!>>

ភាពលេចធ្លោរបស់កម្ពុជាក្នុងនាមជាប្រទេសនៃគោលដៅទេសចរណ៍ក្នុងរង្វង់ចំណាត់ថ្នាក់កំពូលនៅអាស៊ី គឺជាសក្ខីភាពមួយ ដែលបង្ហាញនូវភាពធន់នៃនយោបាយឈ្នះឈ្នះ ដែលរក្សាសន្តិភាពរយៈពេល២៦ឆ្នាំរួចមកនេះ។ បើគ្មានពន្លឺ <<សន្តិភាព>> ចែងចាំងតាមរយៈនយោបាយឈ្នះឈ្នះ ដាក់ចេញដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នោះទេម្ល៉េះចំណាត់ថ្នាក់របស់កម្ពុជានៃប្រទេសគោលដៅទេសចរណ៍របស់ពិភពលោក ប្រហែលជាកំពុងកប់ក្នុងបាតតារាងនៅឡើយទេ។

គេហទំព័រ Tripadvisor របស់ពិភពលោក បានដាក់ខេត្តសៀមរាបក្នុងចំណាត់ថ្នាក់ទី៥ និងរាជធានីភ្នំពេញក្នុងចំណាត់ថ្នាក់ទី១៨ ក្នុងចំណោមគោលដៅទេសចរណ៍ពេញនិយមបំផុតទាំង២៥ នៅទ្វីបអាស៊ីសម្រាប់ឆ្នាំ២០២៥។ ចំណាត់ថ្នាក់របស់គេហទំព័រពិភពលោកនេះ កំពុងគូសបញ្ជាក់ពីការទាក់ទាញជាសកល ដែលបង្ហាញនូវសក្តានុពលរីកចម្រើនរបស់កម្ពុជាក្រោម ការដឹកនាំរបស់រាជរដ្ឋាភិបាលបច្ចុប្បន្នកាច់ចង្កូតដោយគណបក្សប្រជាជនកម្ពុជា។ ចំណាត់ថ្នាក់របស់គេហទំព័រពិភពលោកនេះ បានបង្ហាញថានយោបាយឈ្នះឈ្នះ មិនត្រឹមពន្លត់ភ្លើងសង្គ្រាមស៊ីវិលរបស់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមជាអំណាចដ៏មានសក្តានុពលដែល បាននិងកំពុងពង្រឹងគ្រឹះសន្តិភាពកាន់តែរឹងមាំថែមទៀតនៅក្នុងប្រទេសកម្ពុជា ដែលមិនអាចមានសត្រូវណាធ្វើឱ្យរង្គោះរង្គើបានឡើយ។

*តើសន្តិភាព២៦ឆ្នាំនេះ មានន័យយ៉ាងណាសម្រាប់កម្ពុជា?

រំលឹកបកក្រោយមុន២៦ឆ្នាំ នៅពេលដែលសន្តិភាពរបស់កម្ពុជាមិនទាន់បានវិលត្រឡប់មកវិញនោះ ឈ្មោះរបស់ប្រទេសកម្ពុជា ត្រូវបានពិភពលោកកត់ត្រាទុកក្នុងបញ្ជីមួយនៃប្រទេស ដែលគ្មានស្ថិរភាពនយោបាយ និងអសន្តិសុខ។

ក្នុងអម្លុងទសវត្សរ៍ដ៏ច្របូកច្របល់រយៈពេលជិត៣០ឆ្នាំ បន្ទាប់ពីរដ្ឋប្រហារថ្ងៃទី១៨ មីនា ឆ្នាំ១៩៧០ ដែលរំលាយរបបសង្គមរាស្ត្រនិយមរបស់អតីតព្រះមហាវីរក្សត្រ ព្រះបាទ នរោត្តម សីហនុ នោះរួចមក កម្ពុជា គឺជាប្រទេសដែលរងភាពឯកោពីពិភពខាងក្រៅ។ ទេសចរណ៍បរទេស មិនហ៊ានធ្វើដំណើរមកកាន់ប្រទេសកម្ពុជាដែលមានសង្គ្រាមស៊ីវិលឡើយ។ ក្រុងភ្នំពេញ និងក្រុងអង្គរខេត្តសៀមរាប នាសម័យសង្គ្រាមក្នុងអតីតជំនាន់របបសាធារណរដ្ឋខ្មែរ លោក លន់ នល់ គឺជាតំបន់អសន្តិសុខដែលរងនឹងការបាញ់គ្រាប់ផ្លោងស្ទើរមិនលោះថ្ងៃណាមួយ ឡើយពីសំណាក់ក្រុមទាហានខ្មែរក្រហមតស៊ូក្នុងព្រៃ។

សម័យគ្រាប់ផ្លោងជាង៥ឆ្នាំ បានបន្លាចទេសចរណ៍បរទេសមិនហ៊ានធ្វើដំណើរមកទស្សនកិច្ចក្នុងប្រទេសខ្មែរឡើយ បើទោះបីជាសហរដ្ឋអាមេរិក បានខ្ជះខ្ជាយថវិកានូវជំនួយ ១,៦០០លានដុល្លារដល់អតីតរបបសាធារណរដ្ឋខ្មែរ លន់ នល់ ដើម្បីទប់ទល់នឹងការវាយប្រហាររបស់ក្រុមតស៊ូខ្មែរក្រហមយ៉ាង ណាក៏ដោយ។ ក្រោយការដួលរំលំរបបសាធារណរដ្ឋខ្មែរនៅថ្ងៃទី១៧ មេសា ឆ្នាំ១៩៧៥ នោះមកក្រុងភ្នំពេញ ក៏ដូចជាក្រុងអង្គរខេត្តសៀមរាបនៃប្រទេសកម្ពុជា ត្រូវបានកាត់ផ្តាច់ពីពិភពលោកទាំងស្រុង។

របបកម្ពុជាប្រជាធិបតេយ្យ ដែលគេស្គាល់ថាជារបបកាប់សម្លាប់ខ្មែរក្រហមនោះ បានលុបបំបាត់ចោលទីផ្សារ បំបាត់ចោលការចាយលុយ សេដ្ឋកិច្ចជាតិដួលរលំដល់កម្រិតសូន្យ និងឈ្មោះរបស់កម្ពុជា កាន់តែត្រូវបានគេបំភ្លេចចោល និងក្នុងអតីតកាលនោះ បើទោះបីជារបបកម្ពុជាប្រជាធិបតេយ្យ បានប្រើទង់ជាតិក្រហមរបស់ខ្លួន ដាក់រូបប្រាសាទអង្គរវត្តជានិមិត្តរូប ដើម្បីសម្គាល់ជាតិយ៉ាងណាក៏ដោយ ក៏គ្មានទេសចរណ៍បរទេសណាបានស្គាល់ប្រាង្គប្រាសាទអង្គរវត្ត របស់ខ្មែរឡើយ ពីព្រោះរបបកាប់សម្លាប់ខ្មែរក្រហម បានផ្តាច់ប្រទេសរបស់ខ្លួនឯងទាំងស្រុងចេញពីចរន្តសេដ្ឋកិច្ចរបស់ពិភពលោក។

ក្រោយការដួលរំលំនៃរបបកម្ពុជាប្រជាធិបតេយ្យខ្មែរក្រហម តាមរយៈកងកម្លាំងរណសិរ្ស សាមគ្គីសង្គ្រោះជាតិកម្ពុជា ដែលសហការជាមួយនឹងកងកម្លាំងស្ម័គ្រចិត្តវៀតណាម ក្រុងភ្នំពេញ និងក្រុងអង្គរខេត្តសៀមរាប ក៏ដូចជាប្រទេសទាំងមូល ត្រូវបានបើកទ្វារទទួលភ្ញៀវ ទេសចរណ៍ ប៉ុន្តែដោយសារប្រទេសនៅមានសង្គ្រាមស៊ីវិលនៅក្នុងស្រុកស្ថានការណ៍នាពេលនោះ បានបន្តរារាំងកម្ពុជា មិនអាចមានភ្ញៀវទេសចរណ៍បរទេសច្រើនមកកំសាន្តបានឡើយ។ ប៉ុន្តែអ្វីៗបានផ្លាស់ប្តូរទាំងស្រុង បន្ទាប់ពីនយោបាយឈ្នះឈ្នះ រយៈពេល១,០៥២យប់និងថ្ងៃ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានបំបាត់អស់ទាំងស្រុងនូវចលនាឧទ្ទាមខ្មែរក្រហម សង្គ្រាមស៊ីវិលត្រូវបានបញ្ចប់ ទឹកដីជាតិកម្ពុជាទាំងមូលលែងមានតំបន់អបគមន៍ និងក្លាយជាទឹកដីនៃឯកភាពជាតិទាំងស្រុង នៅថ្ងៃទី២៩ ធ្នូ ឆ្នាំ១៩៩៨ ដែលមិនធ្លាប់ មានក្នុងប្រវត្តិសាស្ត្រជាតិកម្ពុជា រយៈពេល៥០០ឆ្នាំកន្លងមកនេះ។

សន្តិភាពនិងស្ថិរភាពរឹងមាំក្រោមនយោបាយឈ្នះឈ្នះ បានផ្លាស់ប្តូរផ្នត់គំនិតទេសចរណ៍បរទេស ដែលធ្លាប់តែភ័យខ្លាចបានមើលឃើញដោយជាក់ស្តែងផ្ទាល់នឹងភ្នែក នូវដំណើរការរីកចមម្រើនទៅមុខគួរឱ្យកត់សម្គាល់របស់កម្ពុជាក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលបច្ចុប្បន្នកាច់ចង្កូតដោយគណបក្សប្រជាជនកម្ពុជា។

ក្រោមម្លប់សន្តិភាព ដែលជួយជម្រុញប្រទេសរីកចម្រើនលើគ្រប់វិស័យរយៈពេល ២៦ឆ្នាំរួចមកនេះ ក្រសែភ្នែករបស់ពិភពលោក បានទទួលស្គាល់ថា កម្ពុជាក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលបច្ចុប្បន្ន ពិតជាបានដើរចេញពីប្រទេសក្រោមបន្ទាត់ក្រីក្រ និងត្រៀមចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួចក្នុងឆ្នាំ២០២៩ និងបោះជំហានទៅរកប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់ក្នុងឆ្នាំ២០៥០។ បើគ្មាននយោបាយឈ្នះឈ្នះ កម្ពុជាក៏មិនអាចសម្រេចបាននូវពិន្ទុដែលអាចអូសទាញទេសចរណ៍ ដែលជាគ្រឹះដ៏រឹងមាំមួយនៃកំណើនសេដ្ឋកិច្ចជាតិបានឡើយ។

*ទេសចរណ៍ គឺជាសសរស្តម្ភនៃកំណើនសេដ្ឋកិច្ច

វិស័យទេសចរណ៍កម្ពុជា មានការរីកចម្រើនក្នុងសម័យសន្តិភាពនេះ។ ខេត្តសៀមរាប ដែលមានប្រាសាទអង្គរវត្ត បានទាក់ទាញភ្ញៀវទេសចរណ៍រាប់លាននាក់ក្នុងមួយឆ្នាំៗ ខណៈពេលដែលភាពស៊ីវិល័យក្នុងរាជធានីភ្នំពេញ បូកបញ្ចូលគ្នាជាមួយនឹងភាពឆើតឆាយនៃក្រុងអង្គរដ៏រស់រវើកនោះ បាននិងកំពុងទាក់ទាញជាគោលដៅស្រូបយកទេសចរណ៍ជាតិនិងអន្តរជាតិជាខ្លាំង។

យោងតាមក្រសួងទេសចរណ៍ ក្នុងឆ្នាំ២០២៤ ចំនួនភ្ញៀវទេសចរណ៍អន្តរជាតិ ដែលបានមកដល់កម្ពុជាមានចំនួន ៦លាន៧សែននាក់ ដែលកើនឡើង ២២.៩%បើប្រៀបធៀបឆ្នាំ២០២៣។ មន្ត្រីនាំពាក្យក្រសួងទេសចរណ៍ លោកស្រីរដ្ឋលេខាធិការ ហ៊ុន ដានី ត្រូវបានគេដកស្រង់ប្រសាសន៍បញ្ជាក់ប្រាប់អ្នកសារព័ត៌មានក្នុងស្រុកថា ក្នុងចំណោមភ្ញៀវទេសចរណ៍ ៦លាន៧សែននាក់នោះ ភាគច្រើនគឺជាភ្ញៀវអន្តរជាតិចម្រុះជាតិសាសន៍មកពីប្រទេសថៃ, វៀតណាម, ចិន, ឡាវ, សហរដ្ឋអាមេរិក និងពីបណ្តាប្រទេសនានានៃទ្វីបអឺរ៉ុប។ មន្ត្រីនាំពាក្យក្រសួងទេសចរណ៍ដដែល បានថ្លែងថាសម្រាប់ឆ្នាំ២០២៥ឈានមកដល់នេះ ក្រសួងទេសចរណ៍ ត្រៀមនឹងដាក់ចេញនូវផែនការសកម្មភាពជាច្រើន ដើម្បីការទាក់ទាញភ្ញៀវទេសចរណ៍បរទេសឱ្យបានចំនួន ៧លាននាក់។

វិស័យទេសចរណ៍បានរួមចំណែកយ៉ាងសំខាន់ដល់សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ។ ក្នុងឆ្នាំ២០១៩ វិស័យទេសចរណ៍នេះ បានជួយរួមចំណែកប្រមាណ ១៨.២%នៃផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេស ដែលបង្កើតប្រាក់ចំណូលបានប្រមាណ ៤.៩ពាន់លានដុល្លារ។

ក្រោយមក ជំងឺរាតត្បាត Covid-19 បានប៉ះពាល់យ៉ាងខ្លាំងដល់ការធ្វើដំណើរជុំវិញពិភពលោក ដែលនាំឱ្យភ្ញៀវទេសចរណ៍អន្តរជាតិមកកម្ពុជា បានធ្លាក់ចុះយ៉ាងគំហុក។ ទោះជាយ៉ាងណាក៏ដោយ វិស័យនេះ ត្រូវបានស្តារឱ្យងើបសាឡើងវិញគ្រាដែលប្រទេសជាតិបានប្តេជ្ញាចិត្ត ថែរក្សាសន្តិភាពមិនឱ្យឃ្លាតចេញពីមាតុប្រទេសជាលើកទី២ឡើយ។

នៅក្នុងឆ្នាំ២០២៣ ប្រាក់ចំណូលពីវិស័យទេសចរណ៍ បានស្ទុះងើបឡើងវិញដល់ ៣.០៤ពាន់លានដុល្លារពោលគឺកើនឡើង ១១៥%ធៀបនឹងឆ្នាំកន្លងមក។ ការងើបឡើងវិញនេះបញ្ជាក់ពីភាពធន់នៃវិស័យនេះ និងសារៈសំខាន់ជាបន្តបន្ទាប់របស់វិស័យទេសចរណ៍ចំពោះសេដ្ឋកិច្ចជាតិក្រោមលំអាននយោបាយដឹកនាំ របស់រាជរដ្ឋាភិបាលកាច់ចង្កូតដោយគណបក្សប្រជាជនកម្ពុជា ដែលពង្រឹងកត្តាសន្តិភាពជាគ្រឹះដ៏រឹងមាំនៃដំណើរបោះជំហានទៅមុខរបស់ជាតិ។

ធនាគារអភិវឌ្ឍន៍អាស៊ី ADB បានព្យាករណ៍ថាសេដ្ឋកិច្ចរបស់កម្ពុជា នឹងកើនឡើងដល់ ៦.០នៅក្នុងឆ្នាំ២០២៤ ដែលកំណើននេះ ត្រូវបានជម្រុញដោយវិស័យទេសចរណ៍ និងវិស័យសេវាកម្ម បើទោះបីជាលក្ខខណ្ឌសេដ្ឋកិច្ចពិភពលោក ស្ថិរភាពនយោបាយ និងវិបត្តិសុខភាពសាធារណៈជាសកល នៅមិនទាន់មានភាពប្រាកដប្រជាយ៉ាងណាក៏ដោយ។ អ្វីទាំងនេះអាចធ្វើដំណើរទៅមុខបាន គឺការត្រូវដឹងគុណដំបូងលើកត្តាសន្តិភាព ដែលជាគ្រឹះដ៏រឹងមាំនៃការជម្រុញដំណើរការសេដ្ឋកិច្ចជាតិ។

ការផ្តល់ចំណាត់ថ្នាក់របស់គេហទំព័រពិភពលោកនានាដូចជា Tripadvisor ចំពោះកម្ពុជានេះ គឺជាការទទួលស្គាល់ថា សន្តិភាពរបស់កម្ពុជា ដែលពលរដ្ឋបានរួមគ្នាថែរក្សាមិនឱ្យឃ្លាតចាកឆ្ងាយពីមាតុប្រទេសរបស់ខ្លួននេះ គឺពិតជាវត្ថុដ៏មានតម្លៃពិតប្រាកដមិនអាចខ្វះបាន ក្នុងការរក្សាលំហូចរន្តសេដ្ឋកិច្ចជាតិ។ ចំណាត់ថ្នាក់របស់ Tripadvisor ក៏ជាសក្ខីកម្មជាក់លាក់ ដែលបង្ហាញពីវឌ្ឍនភាពរបស់ប្រទេសកម្ពុជា ក្រោមនយោបាយដ៏សុក្រិត្យរបស់រាជរដ្ឋាភិបាលអាណ្ណត្តិទី៧ ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលជារឿយៗសម្តេចតែងបញ្ជាក់ការប្តេជ្ញាចិត្តទាំងស្រុងនូវការហ៊ានធ្វើពលិកម្មគ្រប់បែបយ៉ាងទាំងអស់ ដើម្បីការថែរក្សាសន្តិភាពឱ្យបានគង់វង្ស ដើម្បីផ្តល់លទ្ធភាពឱ្យប្រជាពលរដ្ឋមានឱកាស នាំប្រទេសជាតិ ធ្វើដំណើរទៅមុខក្នុងភាពរីកចម្រើន៖

<<គោលដៅធំ២, ធំទី១គឺការថែរក្សាឱ្យបាននូវសុខសន្តិភាព, ទី២ គឺការអភិវឌ្ឍជូនឱ្យប្រជាពលរដ្ឋយើងកាន់តែរីកចម្រើន។ នេះជាគោលដៅធំបំផុតសម្រាប់យើង ដែលគោលនយោបាយ ត្រឹមត្រូវរបស់យើង គឺយកប្រជាជនជាគោល…ឱ្យប្រជាជនយើងបានរស់នៅក្នុងសុខសន្តិភាព មានឱកាសអភិវឌ្ឍរីកចម្រើនកាន់តែមានបាន។ នេះគឺជាគោលដៅរបស់យើង>>៕










News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...