អភិសន្តិបណ្ឌិត ស សុខា បង្ហើបពីការសិក្សាកែសម្រួលការជ្រើសរើសនិងលក្ខណៈសម្បត្តិថ្នាក់ដឹកនាំភូមិ

Posted By: RoogRog Robot | 21-Jan-2025 09:30:33

2025-01-21 04:26pm

(ព្រៃវែង)៖ ថ្លែងក្នុងពិធីបិទសន្និបាត បូកសរុបលទ្ធផលការងាររបស់រដ្ឋបាលខេត្តព្រៃវែង នាព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង បានបង្ហើបអំពីការត្រៀមលក្ខណៈពិនិត្យកែសម្រួលឡើងវិញនូវនីតិវិធី និងលក្ខណៈសម្បត្តិនៃការជ្រើសរើសមេភូមិ អនុភូមិ និងសមាជិកភូមិ ទូទាំងប្រទេស។

ការបញ្ជាក់របស់អភិសន្តិបណ្ឌិត ធ្វើឡើងនៅមួយថ្ងៃ បន្ទាប់ពីលោកក្នុងនាមប្រធានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ បានបើកកិច្ចប្រជុំ ដើម្បីពិនិត្យបញ្ហាប្រឈម និងសំណូមពររបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងនោះក៏រួមទាំងការពិនិត្យពិភាក្សាសំណើកែសម្រួលនីតិវិធី និងលក្ខណៈសម្បត្តិនៃការជ្រើសរើសមេភូមិ អនុភូមិ និងសមាជិកភូមិផងដែរ។

បើតាមអភិសន្តិបណ្ឌិត ក្នុងរយៈកាលប្រមាណ២០ឆ្នាំមកនេះ ពោលគឺចាប់តាំងពីកម្ពុជារៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ដោយប្រជាពលរដ្ឋផ្ទាល់ជាប្រវត្តិសាស្រ្តកាលពីឆ្នាំ២០០២ មេភូមិ អនុភូមិ និងសមាជិកភូមិ ដែលត្រូវបានបោះឆ្នោតជ្រើសរើសដោយក្រុមប្រឹក្សាឃុំ សង្កាត់ បានខិតខំបំពេញការងារយ៉ាងសកម្ម តាមតួនាទី និងភារកិច្ច ជាពិសេសការដើរតួនាទីជាស្ពានទំនាក់ទំនងការងាររវាងពលរដ្ឋក្នុងភូមិ និងក្រុមប្រឹក្សាឃុំ សង្កាត់ ដើម្បីដោះស្រាយសំំណើ សំណូមពរ និងតម្រូវការផ្សេងៗ។

អភិសន្តិបណ្ឌិត ស សុខា បានគូសបញ្ជាក់ថា ឆ្លងកាត់បទពិសោធន៍នៃការអនុវត្តជាច្រើនមកនេះ ស្ថានភាពសង្គមកាន់តែមានការរីកចម្រើនប្រែប្រួលពីមួយថ្ងៃទៅមួយថ្ងៃ ជាពិសេសតម្រូវការអាទិភាពក្នុងកិច្ចការប្រចាំថ្ងៃនៅមូលដ្ឋាន ដែលពាក់ព័ន្ធនឹងតួនាទីថ្នាក់ដឹកនាំភូមិ ដែលទាមទារឱ្យមានការពិនិត្យ និងកែសម្រួលឡើងវិញ ទាំងគោលការណ៍ នីតិវិធី និងលក្ខណៈសម្បត្តិនៃការជ្រើសរើស ដោយពិនិត្យលើអាយុ កម្រិតវប្បធម៌ និងអាណត្តិការងារ ធ្វើយ៉ាងណាដើម្បីធានារួមចំណែកបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានកាន់តែប្រសើរ។

យោងតាមសេចក្ដីណែនាំលេខ០០៤ ចុះហត្ថលេខាដោយសហរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ កាលពីឆ្នាំ២០០៦ ដែលអនុវត្តមកដល់បច្ចុប្បន្ន ក្នុងចំណោមលក្ខខណ្ឌមួយចំនួន បេក្ខជនមេភូមិ អនុភូមិ និងសមាជិកភូមិ ត្រូវមានអាយុយ៉ាងតិច២៥ឆ្នាំ ចេះអាន និងសរសេរអក្សរខ្មែរ។

ថ្នាក់ដឹកនាំភូមិទាំង៣រូបនេះ មិនមានអាណត្តិ ដូចក្រុមប្រឹក្សាឃុំ សង្កាត់ឡើយ។ ជាទូទៅ កម្រមានការផ្លាស់ប្ដូរថ្នាក់ដឹកនាំភូមិណាស់ លើកលែងតែពួកគាត់ទទួលមរណភាព ឬមានកំហុសផ្ទុយ និងសេចក្ដីណែនាំលេខ០០៤៕

















News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...