នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ ជំរុញរដ្ឋបាលខេត្តព្រះវិហារ ពង្រឹងគុណភាព និងប្រសិទ្ធភាពនៃការផ្ដល់សេវាគ្រប់ប្រភេទជូនពលរដ្ឋ

Posted By: RoogRog Robot | 21-Jan-2025 16:30:33

2025-01-21 04:26pm

(ព្រះវិហារ)៖ នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះវិហារ បានជំរុញដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ នៃរដ្ឋបាលខេត្តព្រះវិហារ ត្រូវបន្តយកចិត្តទុកដាក់ពង្រឹងគុណភាព និងប្រសិទ្ធភាពនៃការផ្ដល់សេវាគ្រប់ប្រភេទជូនប្រជាពលរដ្ឋ ពិសេសការផ្ដល់សេវាតាមយន្តការច្រកចេញចូលតែមួយឲ្យបានល្អប្រសើរ។

ក្នុងឱកាសអញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តព្រះវិហារ នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥នេះ នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ បានណែនាំឲ្យបន្ដការដោះស្រាយបញ្ហាអត្រានុកូលដ្ឋាន ជៀសវាងកុំឲ្យមានការថ្នាំងថ្នាក់ពីប្រជាពលរដ្ឋ និងជំរុញការចុះបញ្ជីដីធ្លី ការចេញបណ្ណ និងការដោះស្រាយទំនាស់ដីធ្លី។

បន្ថែមពីនេះ ត្រូវពង្រឹងការដោះស្រាយវិវាទក្រៅប្រព័ន្ធប្រកបដោយប្រសិទ្ធភាព និងពន្លឿនការដោះស្រាយបណ្ដឹងនៅតុលាការ និងការកាត់ក្តីប្រកបដោយយុត្តិធម៌ កាត់បន្ថយនូវការកកស្ទះសំណុំរឿងដោយ ឈរលើគោលការណ៍ច្បាប់និងនីតិវិធីជាធរមាន ព្រមទាំងត្រូវគិតគូពីប្រយោជន៍រួមរបស់ប្រជាជន និងប្រយោជន៍ជាតិ អនុវត្តតាមអភិក្រម <<ដោះស្រាយបញ្ហា និងមិនបង្កើតបញ្ហា>> ក្នុងគោលដៅបង្កើនជំនឿទំនុកចិត្តពីប្រជាជន។

ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះវិហារ នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ ក៏បានផ្ដល់នូវអនុសាសន៍ និងគោលការណ៍ណែនាំបន្ថែមលើកិច្ចការសំខាន់ៗ មួយចំនួនសម្រាប់អនុវត្តក្នុងឆ្នាំ២០២៥ ដើម្បីពង្រឹង និងលើកស្ទួយសេដ្ឋកិច្ចនៅមូលដ្ឋាន និងការដោះស្រាយជីវភាពប្រជាជន ជាពិសេសការទប់ស្កាត់ និងបង្ក្រាបបទល្មើសនានា ជាពិសេសពាក់ព័ន្ធបញ្ហាគ្រឿងញៀន ក្មេងទំនើង ល្បែងស៊ីសងខុសច្បាប់ និងបទល្មើសធនធានធម្មជាតិ។

នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ ក៏បានរំលឹកពីអនុសាសន៍ដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ជូនដល់លោក លោកស្រី សមាជិក សមាជិកា នៃអង្គសនិ្នបាតទាំងមូល ត្រូវរួមកម្លាំងគ្នាឲ្យទៅជាកម្លាំងសរុប ឈរលើផ្លូវតែមួយ ទិសដៅតែមួយ ខិតខំប្រឹងប្រែងបន្តអនុវត្តការងារប្រកបដោយការទទួលខុសត្រូវ សកម្ម និងបុរេសកម្ម ដោយយក <<ស្មារតីខ្វល់ខ្វាយពីប្រជាជន បម្រើប្រជាជនដោយស្មោះត្រង់ ដែលនេះគឺជាក្តីសង្ឃឹម និងការចង់បានរបស់ប្រជាជន ក៏ដូចជារបស់រាជរដ្ឋាភិបាល>> ដើម្បីសម្រេចចក្ខុវិស័យដ៏មានមហិច្ឆតារបស់កម្ពុជា។

នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ ក្នុងនាម​​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានសម្តែងនូវការអបអរសាទរ​ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់លោក លោកស្រី ដែលជាថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធទាំងអស់ នៃខេត្តព្រះវិហារ ដែលបានយកអស់កម្លាំងកាយចិត្ត ប្រាជ្ញា ស្មារតី ខិតខំប្រឹងប្រែង យកចិត្តទុកដាក់អនុវត្តតួនាទី ភារកិច្ចយ៉ាងសកម្ម ប្រកបដោយការទទួលខុសត្រូវខ្ពស់ សម្រេចបាននូវវឌ្ឍនភាព និងសមិទ្ធផលជាច្រើន។

ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ បានប្រកាសរៀបចំកម្មវិធីកម្សាន្ដជាច្រើន ក៏ដូចជាការប្រគុំតន្ដ្រីជូនប្រជាពលរដ្ឋទស្សនាកម្សាន្ដ។ ដោយឡែក តាមបណ្តាលស្រុកទាំង៧ លោកនឹងឧបត្ថម្ភថវិកាក្នុងស្រុកនីមួយៗចំនួន៥លានរៀល និងឧបត្ថម្ភកាំជ្រូចដល់រដ្ឋបាលស្រុក សម្រាប់បាញ់អបអរសាទរបុណ្យឆ្នាំថ្មី ជាមួយនឹងការណែនាំឲ្យរដ្ឋបាលស្រុកទាំងអស់ ត្រូវចាប់ផ្តើមរៀបផែនការចាប់ពីថ្ងៃនេះតទៅ៕

























News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...