លោក ដូណាល់ ត្រាំ ចេញបទបញ្ជាប្រតិបត្តិ លុបចោលសិទ្ធិទទួលបានសញ្ជាតិអាមេរិកដោយស្វ័យប្រវត្តិ សម្រាប់កូនជនអន្តោប្រវេសន៍ខុសច្បាប់

Posted By: RoogRog Robot | 21-Jan-2025 09:19:02

2025-01-21 04:18pm

(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃចន្ទ ទី២០ ខែមករា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិ ដែលមានគោលដៅ​លុបចោល សិទ្ធិទទួលបានសញ្ជាតិដោយស្វ័យប្រវត្តិ សម្រាប់ទារកណាក៏ដោយ ឱ្យតែកើតនៅលើទឹកដីរបស់សហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

សិទ្ធិទទួលបានសញ្ជាតិតាមដែនដីកំណើត ឬ birthright citizenship មានន័យថា នរណាក៏ដោយ ឱ្យតែកើតនៅក្នុងសហរដ្ឋអាមេរិក ឬដែនដីរបស់អាមេរិក គឺមានឋានៈជាពលរដ្ឋអាមេរិក ដោយស្វ័យប្រវត្តិ។ សព្វថ្ងៃ សិទ្ធិនេះត្រូវបានការពារដោយ វិសោធនកម្មទី១៤ រដ្ឋធម្មនុញ្ញអាមេរិក។ យ៉ាងណាមិញ តាមរយៈបទបញ្ជាប្រតិបត្តិខាងលើ លោក ត្រាំ ចង់ឱ្យកែសម្រួល ការបកប្រែនិយមន័យនៃសិទ្ធិនោះ ឱ្យមានន័យថា ក្មេងដែលកើតនៅលើទឹកដីអាមេរិក ប៉ុន្តែមានឪពុកម្តាយជាជនអន្តោប្រវេសន៍ខុសច្បាប់ គឺមិនអាចទទួលបានសញ្ជាតិស្វ័យប្រវត្តិទេ។

ក្រុមអ្នកជំនាញផ្នែកច្បាប់ភាគច្រើន បានឯកភាពគ្នាថា លោក ត្រាំ នឹងមិនអាចបញ្ចប់សិទ្ធិទទួលបានសញ្ជាតិតាមដែនដីកំណើតនោះ តាមរយៈបទបញ្ជាប្រតិបត្តិឡើយ ហើយវានឹងបង្កឱ្យមានការតវ៉ាក្តីក្តាំងយ៉ាងស្មុគស្មាញ ចាប់ពីតុលាការជាន់ទាប រហូតដល់តុលាការកំពូល។ ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ អាចលុបចោលសិទ្ធិនេះបាន ប៉ុន្តែវានឹងតម្រូវឱ្យមានការបោះឆ្នោតគាំទ្រ​ក្នុងសំឡេង២ភាគ៣ ទាំងនៅក្នុងរដ្ឋសភា និងនៅក្នុងព្រឹទ្ធសភាអាមេរិក ហើយមានការយល់ព្រមពី ៣ភាគ៤ នៃរដ្ឋទាំង៥០ របស់អាមេរិក។

អំឡុងការឃោសនាឈរឈ្មោះជា ប្រធានាធិបតីអាមេរិកលើកដំបូង កាលពីឆ្នាំ២០១៥ លោក ត្រាំ ក៏ធ្លាប់បានសន្យា បញ្ចប់សិទ្ធិទទួលបានសញ្ជាតិតាមដែនដីកំណើតផងដែរ ហើយកាលពីឆ្នាំ២០១៨ ក្រោយពេលឡើងកាន់អំណាច លោក ត្រាំ បាននិយាយថា រូបលោកនឹងចេញបទបញ្ជាប្រតិបត្តិមួយ ប៉ុន្តែវាមិនបានកើតឡើង តាមសន្យាទេ នាពេលនោះ។ រឿងអន្តោប្រវេសន៍ ក៏បានក្លាយជាបញ្ហាកំពូលម្តងទៀត នៅពេលដែលលោកឃោសនាបោះឆ្នោត កាលពីឆ្នាំ២០២៤ ដោយលោក ត្រាំ បានសន្យា​ជាថ្មី ចំពោះអ្នកបោះឆ្នោតថា នឹងលុបចោលសិទ្ធិនោះ។

គួរបញ្ជាក់ថា អំឡុងប៉ុន្មានទសវត្សរ៍ចុងក្រោយ តួលេខក្មេងកើតនៅអាមេរិក ដែលមានឪពុកម្តាយជា ជនអន្តោប្រវេសន៍ខុសច្បាប់ គឺមានការថយចុះ។ មជ្ឈមណ្ឌលស្រាវជ្រាវ Pew Research Center បានប៉ាន់ប្រមាណថា ពលរដ្ឋអាមេរិក១.៣លាននាក់ ដែលបានកើតនៅអាមេរិក គឺមានឪពុកម្តាយជា ជនអន្តោប្រវេសន៍ខុសច្បាប់ បើតាមយោងតាមទិន្នន័យឆ្នាំ២០២២ ដែលជា​ទិន្នន័យថ្មីចុងក្រោយបង្អស់។ រីឯបើតាមវិទ្យាស្ថាន Migration Policy Institute ការបិទបញ្ចប់សិទ្ធិទទួលបានសញ្ជាតិ ដោយស្វ័យប្រវត្តិតាមដែនដីកំណើត នឹងធ្វើឱ្យចំនួនអ្នកកើតនៅអាមេរិក ដែលឪពុកម្តាយជាជនអន្តោប្រវេសន៍ខុសច្បាប់ កើនឡើង​សរុបដល់ខ្ទង់៤.៧លាននាក់ នៅត្រឹមឆ្នាំ២០៥០៕



News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...