(វ៉ាស៊ីនតោន)៖ ព្រឹទ្ធសភាអាមេរិក កាលពីថ្ងៃចន្ទ ទី២០ ខែមករា បានទទួលស្គាល់ជាឯកច្ឆន្ទសមាជិកព្រឹទ្ធសភា លោក Marco Rubio ដែលមានជំហរតឹងរ៉ឹងចំពោះចិន និងគាំទ្រអ៉ីស្រាអែលផ្កាប់មុខ ជារដ្ឋមន្ត្រីការបរទេស របស់លោកប្រធានាធិបតី ដូណាល់ ត្រាំ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ព្រឹទ្ធសភាអាមេរិកបានបោះឆ្នោតគាំទ្រការតែងតាំងលោក Marco Rubio ជាប្រមុខការទូតអាមេរិក ក្នុងសំឡេងគាំទ្រ៩៩ ទល់នឹង០សំឡេង បន្ទាប់ពីសមាជិកនៃគណៈកម្មាធិការទំនាក់ទំនងការបរទេស និងគណៈកម្មាធិការស៊ើបការណ៍សម្ងាត់នៃព្រឹទ្ធសភាអាមេរិក ប្រកាសទទួលស្គាល់រូបលោក Rubio ដែលបានក្លាយជាមន្ត្រីជាន់ខ្ពស់ដំបូងបំផុតក្នុងជួរគណៈរដ្ឋមន្ត្រីរបស់លោក ត្រំា ដែលត្រូវបានព្រឹទ្ធសភាអនុម័តទទួលស្គាល់។
លោក Marco Rubio មានអាយុ ៥៣ឆ្នាំ គឺជាមនុស្សម្នាក់មានជំហរតឹងរ៉ឹងចំពោះចិន និងគាំទ្រអ៉ីស្រាអែលផ្កាប់មុខ។ អំឡុងការបោះឆ្នោតទទួលស្គាល់ លោក Rubio បានព្រមានថាសហរដ្ឋអាមេរិកត្រូវតែផ្លាស់ប្ដូរដំណើរ សព្វថ្ងៃ ដើម្បីបញ្ចៀសកុំឱ្យពឹងផ្អែកលើចិន ហើយក៏បានសន្យាដែរថានឹងពង្រឹងគោលនយោបាយការបរទេសអាមេរិកដោយផ្ដោតលើផលប្រយោជន៍ របស់សហរដ្ឋអាមេរិកជាធំ។
* តើលោក Marco Rubio ជានរណា?
លោក Marco Rubio មានដើមកំណើតចេញពីគ្រួសារជាជនអន្តោប្រវេសន៍មកពីប្រទេសគុយបា។ លោកកើតនៅក្នុងទីក្រុង Miami រដ្ឋ Florida នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ១៩៧១។ លោក Rubio បានបញ្ចប់ការសិក្សា ដោយទទួលសញ្ញាបត្រពីសាកលវិទ្យាល័យ University of Florida ក្នុងឆ្នាំ១៩៩៣ និងបញ្ចប់ការសិក្សាផ្នែកច្បាប់ពីសាកលវិទ្យាល័យ University of Miami នៅឆ្នាំ១៩៩៦។ ពីឆ្នាំ១៩៩៨ ដល់ឆ្នាំ២០០០ លោក Rubio បានក្លាយជាសមាជិកនៃគណៈកម្មការ West Miami City Commission ហើយពីឆ្នាំ២០០០ ដល់ឆ្នាំ២០០៨ លោកបានក្លាយជាសមាជិកសភាតំណាងរាស្ត្រប្រចាំរដ្ឋ Florida មកពីគណបក្សសាធារណរដ្ឋ និងក្លាយជា មេដឹកនាំសំឡេងភាគច្រើននៃសភាតំណាងរាស្ត្រប្រចាំរដ្ឋ Florida។ រហូតដល់ឆ្នាំ២០១០ លោក Rubio បានជាប់ឆ្នោតជាសមាជិកព្រឹទ្ធសភានៃគណបក្សសាធារណរដ្ឋ និងជាប់ឆ្នោតម្ដងទៀតនៅឆ្នាំ២០១៦ ហើយជាប់ឆ្នោតថ្មីនៅឆ្នាំ២០២២។
លោក Rubio បានរៀបការជាមួយលោកស្រី Jeanette Dousdebes Rubio ក្នុងឆ្នាំ១៩៩៨ ដោយអ្នកទាំង២មានកូន៤នាក់។
គួរបញ្ជាក់ថា លោក Marco Rubio ក៏ធ្លាប់បរាជ័យផងដែរនៅក្នុងការឈរឈ្មោះជាបេក្ខជនប្រធានាធិបតីអាមេរិកតំណាងឱ្យគណបក្សសាធារណរដ្ឋកាលពីឆ្នាំ២០១៦៕