រដ្ឋបាលខេត្តពោធិ៍សាត់ បើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥

Posted By: RoogRog Robot | 21-Jan-2025 14:21:47

2025-01-21 02:16pm

(ពោធិ៍សាត់)៖ លោក ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥នេះ បានអញ្ជើញជាគណៈអធិបតី ក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់រដ្ឋបាលខេត្ត។

ពិធីបើកសន្និបាតនេះ ត្រូវបានធ្វើឡើងនៅសាលប្រជុំថ្មីសាលាខេត្ត ដោយមានការអញ្ជើញចូលរួមពីសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត តំណាងអយ្យការអមសាលាដំបូងខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត កងកម្លាំងសមត្ថកិច្ច មន្ត្រីរាជការ ក្រុមប្រឹក្សា គណៈអភិបាលក្រុង ស្រុក ក្រុមប្រឹក្សាឃុំ សង្កាត់ ព្រមទាំងស្ថាប័នពាក់ព័ន្ធមួយចំនួនទៀត។

ថ្លែងក្នុងឱកាសបើកសន្និបាត លោក ខូយ រីដា បានជម្រាបជូនថា កម្មវិធីដែលយើងបាននឹងកំពុងប្រព្រឹត្តទៅក្នុងពេលនេះ មានគោលបំណងសំខាន់ គឺដើម្បីធ្វើការឆ្លុះបញ្ចាំង និងបង្ហាញពីលទ្ធផល សមិទ្ធផល ដែលរដ្ឋបាលខេត្តសម្រេចបានកន្លងមក និងរំលេចឱ្យឃើញនូវបញ្ហាប្រឈមនានា ក្នុងការអនុវត្តតួនាទីភារកិច្ចរបស់មន្ទីរអង្គភាព និងស្ថាប័នពាក់ព័ន្ធ ការផ្តល់សេវាសាធារណៈ ការថែរក្សាសន្តិសុខសណ្តាប់ធ្នាប់ និងសុវត្ថិភាពជូនប្រជាពលរដ្ឋ។

លោកបានបន្តថា ជាលទ្ធផលដ៏ល្អប្រសើរ នៃការថែរក្សាបាននូវសន្តិសុខ ស្ថិរភាពនយោបាយ និងសណ្តាប់ធ្នាប់ ដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឆ្លាតវៃ របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព។ ការអភិវឌ្ឍបានរៀបចំនូវក្របខ័ណ្ឌគោលនយោបាយ និងក្របខ័ណ្ឌគតិយុត្ត ដើម្បី គាំទ្របង្កលក្ខណៈងាយស្រួល និងជំរុញឱ្យមានការរីកចម្រើនលូតលាស់ ថែមទាំងធានាបានប្រក្រតីភាព ជីវភាពសង្គមលើគ្រប់វិស័យ និងផ្តល់នូវភាពកក់ក្តៅធ្វើឱ្យប្រជាពលរដ្ឋ រស់នៅក្នុងភាពសុខដុមរមនា និងភាពសុខសាន្ត ថែមទាំងបានបង្កើននូវទំនុកចិត្តជូនដល់វិនិយោគិន ធុរជន និងពាណិជ្ជករមកបណ្តាក់ទុនវិនិយោគ បង្កើតរោងចក្រសហគ្រាស នៅក្នុងខេត្តពោធិ៍សាត់ មានការកើនឡើងជាបន្តបន្ទាប់។

លោក ខូយ រីដា បានគូសបញ្ជាក់ថា ដើម្បីឱ្យអង្គសន្និបាតរបស់យើង ប្រព្រឹត្តទៅដោយរលូន និងទទួលបាននូវធាតុចូល ពីគ្រប់តួអង្គពាក់ព័ន្ធ រដ្ឋបាលខេត្ត បានរៀបចំឱ្យមានប្រធានបទពិភាក្សា ចំនួន០៤ គឺទី១៖ ការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព, ទី២៖ ការលើកកម្ពស់លើការផ្គត់ផ្គង់ទឹកស្អាត និងការគ្រប់គ្រងសំណល់ ទី៣៖ សក្តានុពលនៃប្រព័ន្ធធារាសាស្ត្រ និងការគ្រប់គ្រងទឹកនៅរដូវប្រាំង និងទី៤៖ ការចុះបញ្ជីដីបង្ហើយ និងអត្ថប្រយោជន៍នៃការចុះបញ្ជីដី។

លោកអភិបាលខេត្តសូមស្នើដល់អង្គសន្និបាតទាំងមូល ចូលរួមផ្តល់យោបល់ឱ្យបានផុលផុស ដើម្បីជាធាតុចូលក្នុងការពង្រឹងការអនុវត្តទិសដៅ របស់រដ្ឋបាលខេត្ត សម្រាប់ឆ្នាំ២០២៥ ប្រកបដោយប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព ស្របតាមគោលនយោបាយ កំណែទម្រង់ស៊ីជម្រៅ នៃយុទ្ធសាស្ត្របញ្ចកោណដំណាក់ទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា។

ជាមួយគ្នានោះ លោកសូមឱ្យអង្គពិធីទាំងមូលផ្តោតការយកចិត្តទុកដាក់ក្នុងការចូលរួមពិនិត្យ ពិភាក្សាលើបញ្ហាប្រឈមនានា និងផ្តល់ជាធាតុចូលទាំងឡាយ ទៅក្នុងកិច្ចពិភាក្សានីមួយៗ ដើម្បីធានាបាននូវផែនការជាក់លាក់ និងជាវិធានរួមដ៏លម្អិតមួយ ដែលមានភាពប្រាកដប្រជា និងធានាបាននូវភាពជាម្ចាស់របស់ស្ថាប័ន ព្រមទាំងអាចអនុវត្តបានប្រកបដោយជោគជ័យ។

សូមជម្រាបថា អង្គសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តពោធិ៍សាត់ ត្រូវបានធ្វើឡើងនៅសាលប្រជុំថ្មីសាលាខេត្ត ដែលប្រព្រឹត្តទៅរយៈពេល០២ថ្ងៃ, ចំពោះពិធីបិទសន្និបាតនឹងត្រូវធ្វើឡើងក្រោមអធិបតីភាព លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តពោធិ៍សាត់៕






















News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...