បទវិភាគ៖ សន្ទស្សន៍ជាច្រើន បានបង្ហាញពីនិន្នាការសេដ្ឋកិច្ចចិន ដែលរីកចម្រើនទៅមុខ ប្រកបដោយគុណភាពខ្ពស់

Posted By: RoogRog Robot | 21-Jan-2025 17:37:39

2025-01-21 05:33pm

(ប៉េកាំង)៖ “អនាគតអភិវឌ្ឍន៍របស់ចិនគឺភ្លឺស្វាង យើងមានទីបង្អែកនិងជំនឿចិត្តចំពោះការនេះ។” ពេលថ្មីៗកន្លងទៅនេះ លោក Pan Gongsheng ប្រធានធនាគារប្រជាជនចិន បានថ្លែងក្នុងពេលថ្លែងសុន្ទរកថា ក្នុងពិធីបើកវេទិកាហិរញ្ញវត្ថុអាស៊ីថា ចាប់ពីឆ្នាំ២០២៤មក សេដ្ឋកិច្ចចិនបានអភិវឌ្ឍទៅរកភាពល្អប្រសើរឡើងវិញ ក្នុងសភាពចុះឡើង តាមការប៉ាន់ប្រមាណ គឺអាចសម្រេចបាននូវគោលដៅកំណើន ប្រហែល៥ភាគរយពេញមួយឆ្នាំ។

ឆ្នាំ២០២៥ជាឆ្នាំបញ្ចប់ផែនការអភិវឌ្ឍន៍ជាតិ “៥ឆ្នាំទី១៤”របស់ចិន ស្ថានការណ៍សេដ្ឋកិច្ចរបស់ចិនត្រូវបានភាគីនានា យកចិត្តទុកដាក់យ៉ាងខ្លាំង ។ នៅដើមឆ្នាំថ្មី ផ្កាយរណបលេខ២៥ សម្រាប់ការអនុវត្តជាក់ស្តែងត្រូវបានបាញ់បង្ហោះ យន្តហោះខ្នាតធំ C៩១៩ ដែលផលិតដោយប្រទេសចិនបានចាប់ផ្តើម ជើងហោះហើរពាណិជ្ជកម្ម រវាងទីក្រុងសៀងហៃ និងហុងកុងតាមពេលកំណត់ ហេដ្ឋារចនាសម្ព័ន្ធបណ្តាញគណនាបែបថ្មី ប្រកបដោយលក្ខណៈប្រាកដប្រជា ដែលមាន ការរួមបញ្ចូលគ្នា ខាងប្រព័ន្ធអុបទិកអេឡិចត្រូនិក បានដាក់ឱ្យប្រើប្រាស់នៅក្រុង Nanjing ។ល។ កម្លាំងផលិតកម្មគុណភាពថ្មី បន្តទទួលការអភិវឌ្ឍ ដែលគូរចេញនូវផែនការគោលថ្មីនៃសេដ្ឋកិច្ចចិន។

លោក Teguh Dartanto ប្រធានវិទ្យាស្ថានសេដ្ឋកិច្ចនៃសាកលវិទ្យាល័យឥណ្ឌូណេស៊ី បានថ្លែងនៅពេលផ្តល់បទសម្ភាសន៍ ជាមួយអ្នកសារព័ត៌មាននៃកាសែតប្រជាជនចិន នៅពេលថ្មីៗកន្លងទៅនេះថា “ប្រទេសចិនដែលបានអនុវត្តដោយគ្រប់ជ្រុងជ្រោយ នូវគំនិតអភិវឌ្ឍន៍ថ្មីនិងពន្លឿនការបង្កើតនិម្មាបនកម្មអភិវឌ្ឍន៍ថ្មី នឹងបន្តរួមចំណែកកម្លាំងវិជ្ជមានដល់ ការអភិវឌ្ឍសេដ្ឋកិច្ចសកល ។” ពីខែមករាដល់ខែកញ្ញាឆ្នាំ២០២៤ បរិមាណសរុបនៃ GDP របស់ចិនបានកើនឡើងជិត៣,៧ទ្រីលានយាន់ប្រាក់ចិន បើប្រៀបធៀបនឹងរយៈពេលដូចគ្នា នាឆ្នាំ២០២៣ ហើយបរិមាណសរុបនៃ GDP នៅត្រីមាសទីបីបានកើនឡើងជិត ១,៣ទ្រីលានយាន់ប្រាក់ចិន បើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំ២០២៣ និងបានរក្សាល្បឿនកំណើនវិជ្ជមាន ក្នុងរយៈពេល៩ត្រីមាសជាប់ៗគ្នា បើប្រៀបធៀបនឹងខែមុន។

ទន្ទឹមនឹងការមានប្រសិទ្ធភាពជាបន្តបន្ទាប់ ដោយគោលនយោបាយរក្សាមានស្រាប់ និងគោលនយោបាយបន្ថែមថ្មីមួយចំនួន ល្បឿនកំណើននៃការប្រើប្រាស់របស់ចិននៅខែតុលា បានកើនឡើងគួរឱ្យកត់សម្គាល់ ការវិនិយោគលើអចលនាទ្រព្យ បានកើនឡើងដោយនឹងនរ ដែលផ្តល់ការគាំទ្រដ៏រឹងមាំដល់ការរីកចម្រើន ប្រកបដោយស្ថិរភាពនិងកំណើនយ៉ាងនឹងនរ ។ គោលនយោបាយក៏កាន់តែផ្តោតលើ ការមានអំណោយផលដល់ជីវភាពរស់នៅ របស់ប្រជាជននិងជំរុញការប្រើប្រាស់ផងដែរ។

បច្ចុប្បន្ននេះ ប្រទេសចិនមានតួអង្គសេដ្ឋកិច្ចអជីវកម្មលើសពី១៨០លាន ដែលមកពីគ្រប់វិស័យ គឺជាសមាសភាពលម្អិត នៃសេដ្ឋកិច្ចទីផ្សារ ហើយក៏ជាការបង្ហាញយ៉ាងរស់រវើក នៃសេដ្ឋកិច្ចចិនផងដែរ។ ពីខែមករាដល់ខែកញ្ញាឆ្នាំ២០២៤ សហគ្រាសឯកជនថ្មីនៅទូទាំងប្រទេសចិន មានចំនួន៦លាន១សែន៩ម៉ឺន១ពាន់ ។ ការនាំចេញនាំចូលនៃសហគ្រាស ឯកជនជាមួយអាស៊ាន អាហ្វ្រិកនិងអាមេរិកឡាទីនគឺ ១២ភាគរយ ៦,៤ភាគរយនិង១៣,៩ភាគរយ ដោយឡែកពីគ្នា ។ ទំហំលក់រាយទំនិញពិតតាមអនឡាញ បានកើនឡើង៧,៩ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នា នាឆ្នាំ២០២៣ ការវិនិយោគលើកំណែទម្រង់ បច្ចេកទេសខាងឧស្សាហកម្មកម្មន្តសាល បានកើនឡើង៩,៥ភាគរយ ហើយការធ្វើបរិវត្តកម្ម និងលើកកម្ពស់លំដាប់ថ្នាក់កំពុង ត្រូវបានជំរុញទៅមុខ។

ក្នុងនាមជាវិធានការដ៏សំខាន់ នៃគោលនយោបាយបន្ថែមថ្មីមួយចំនួន ក្នុងឆ្នាំ២០២៤ “វិធានការចម្រុះ”សម្រាប់ដោះស្រាយបំណុល ក្នុងតំបន់ចំនួន១២ទ្រីលានយាន់ប្រាក់ចិន ដែលត្រូវបានដាក់ចេញថ្មី កំពុងពន្លឿនការអនុវត្តជាក់ស្តែង ។ ក្នុងការចំណាយខាងហិរញ្ញវត្ថុទូទាំងប្រទេស មានចំនួនលើសពី៨០ភាគរយគឺមកពីតំបន់ថ្នាក់ក្រោមជាតិ ។ ក្នុងសភាពការណ៍ ដែលត្រូវកាត់បន្ថយបន្ទុក រដ្ឋបាលថ្នាក់ក្រោមជាតិមុខជានឹងជំរុញឱ្យសេដ្ឋកិច្ចចិន ងើបឡើងវិញនិងអភិវឌ្ឍទៅរកភាពល្អប្រសើរ។

បើមើលពីអត្រាបំណុល តាមស្ថិតិនៃអង្គការមូលនិធិរូបិយវត្ថុអន្តរជាតិឱ្យដឹងថា នៅចុងឆ្នាំ២០២៣ អត្រាបំណុលនៃរដ្ឋាភិបាលរដ្ឋ សមាជិកនៃប្រទេសG២០ គិតជាមធ្យមគឺ១១៨,២ភាគរយ អត្រាបំណុលនៃរដ្ឋាភិបាលរដ្ឋសមាជិក នៃប្រទេសG៧គិតជាមធ្យមគឺ១២៣,៤ភាគរយ ។ ក្នុងពេលដំណាលគ្នា អត្រាបំណុលនៃរដ្ឋាភិបាលចិនគឺ៦៧,៥ភាគរយ ។ បើមើលពីអត្រាឱនភាព ជាយូរណាស់មកហើយ ប្រទេសចិនមានភាពប្រយ័ត្ន ក្នុងការដោះស្រាយបញ្ហាអត្រាឱនភាព ភាគច្រើនគឺមិនដល់៣ភាគរយ ដែលទាបជាងអង្គភាពសេដ្ឋកិច្ចសំខាន់ៗផ្សេងទៀតយ៉ាងច្បាស់។

និយាយជាទូទៅ សេដ្ឋកិច្ចចិនមានឧត្តមភាពដូចជា សមត្ថភាពច្នៃប្រឌិតថ្មីដ៏ខ្លាំងក្លា ទីផ្សារដ៏មានទ្រង់ទ្រាយធំធេង ប្រព័ន្ធឧស្សាហកម្មដ៏ល្អពេញលេញ ហេដ្ឋារចនាសម្ព័ន្ធដ៏មានសុក្រឹតភាព និងធនធានមនុស្ស ប្រកបដោយគុណភាពខ្ពស់ជាដើម ។ ពួកយើងមានជំនឿចិត្ត មានសមត្ថភាពនិងមានមធ្យោបាយ ក្នុងការឆ្លើយតបនឹងឧបសគ្គ និងបញ្ហាប្រឈមគ្រប់បែបយ៉ាង ដើម្បីសម្រេចបាននូវការដែលសេដ្ឋកិច្ចងើបឡើងវិញ ឆ្ពោះទៅរកភាពល្អប្រសើរ។ នៅឆ្នាំ២០២៥ ភាគីនានារំពឹងថា ប្រទេសចិននឹងបន្តនាំមក នូវកម្លាំងចលករខាងកំណើនដ៏ខ្លាំងក្លាដល់ទូទាំងពិភពលោក ចិននឹងឆ្លើយតបនឹងសេចក្តីប្រាថ្នា របស់ពិភពលោក តាមរយៈទំនួលខុសត្រូវនិងក្តីក្លាហាន ដើម្បីបន្តដើរតួនាទីសំខាន់ជា ក្បាលម៉ាស៊ីននៃកំណើនសេដ្ឋកិច្ចពិភពលោក៕

វិទ្យុមិត្តភាពកម្ពុជាចិន




News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...