(ប៊ែកឡាំង)៖ អធិការបតីអាល្លឺម៉ង់លោក Olaf Scholz បានបង្ហាញសុទិដ្ឋិនិយមប្រកបដោយការប្រុងប្រយ័ត្ន ចំពោះទំនាក់ទំនងរវាងអាល្លឺម៉ង់ និងសហរដ្ឋអាមេរិក ក្រោមការដឹកនាំរបស់ប្រធានាធិបតីអាមេរិកថ្មី ដូណាល់ ត្រាំ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃអង្គារ ទី២១ ខែមករា ឆ្នាំ២០២៥។
ថ្លែងនៅក្នុងវេទិកាសេដ្ឋកិច្ចពិភពលោក នៅទីក្រុង Davos ប្រទេសស្វីស លោក Scholz បានសង្កត់ធ្ងន់លើសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ ប៉ុន្តែក៏បានអំពាវនាវឱ្យមានការប្រុងប្រយ័ត្ន និងការរក្សា <<ភាពស្ងប់ស្ងាត់>>។
លោក Scholz បាននិយាយថា <<សហរដ្ឋអាមេរិក គឺជាសម្ព័ន្ធមិត្តជិតស្និទ្ធបំផុតរបស់យើងនៅខាងក្រៅអឺរ៉ុប... ហើយខ្ញុំនឹងធ្វើអ្វីគ្រប់យ៉ាងនៅក្នុងអំណាចរបស់ខ្ញុំ ដើម្បីធានាថាវានៅដដែល... ការសន្ទនាដ៏ល្អដំបូងរបស់ខ្ញុំជាមួយប្រធានាធិបតី ត្រាំ និងការទំនាក់ទំនងរវាងទីប្រឹក្សារបស់យើង បានចង្អុលបង្ហាញទិសដៅនេះ>>។
លោកបានបន្ថែមថា អឺរ៉ុបត្រូវតែមានភាពជឿជាក់លើខ្លួនឯងបន្ថែមទៀត និងត្រូវតែរក្សា <<ភាពស្ងប់ស្ងាត់>> ចំពោះមុខភាពមិនប្រាកដប្រជានៅក្នុងទំនាក់ទំនងអន្តរជាតិ។ លោកក៏បានលើកឡើងពីសារៈសំខាន់ នៃកិច្ចសហប្រតិបត្តិការរវាងអឺរ៉ុប និងសហរដ្ឋអាមេរិក សម្រាប់សន្តិភាពនិងសន្តិសុខពិភពលោក។
ទោះបីជាមានសុទិដ្ឋិនិយមក៏ដោយ ក៏មានការព្រួយបារម្ភ អំពីអនាគតទំនាក់ទំនង រវាងអាល្លឺម៉ង់និងសហរដ្ឋអាមេរិក ក្រោមរដ្ឋបាលលោក ត្រាំ។ ក្រុមហ៊ុនអាល្លឺម៉ង់មានការព្រួយបារម្ភ អំពីគោលនយោបាយពាណិជ្ជកម្ម របស់រដ្ឋបាលថ្មីនេះ និងលទ្ធភាពនៃការដាក់ពន្ធបន្ថែម៕