(កំពង់ធំ)៖ លោក ពេជ សោភ័ន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានលេខាធិការដ្ឋាន គ.វ.អ បានលើកឡើងថា <<មនុស្សគ្រប់រូបត្រូវហ៊ានប្រឈមចំពោះការផ្លាស់ប្តូរចំនួន ៤ ជាប្រចាំដើម្បីការអភិវឌ្ឍខ្លួន និងវឌ្ឍនភាពការងារគឺ៖ ផ្លាស់ប្តូរការគិត, ផ្លាស់ប្តូរផ្នត់គំនិត, ផ្លាស់ប្តូរចរិតឬសីលធម៌, និងផ្លាស់ប្តូរទម្លាប់>>។
លោក ពេជ សោភ័ន បានលើកឡើងបែបនេះ នៅក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីចាប់ផ្តើមយុទ្ធនាការវគ្គគាំទ្រសាលារៀនគោលដៅក្នុងខេត្តកំពង់ធំ និងខេត្តព្រះវិហារ កាលពីព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ នេះ ដែលរៀបចំរួមគ្នានៅសាលាខេត្តកំពង់ធំ ដោយមានការអញ្ជើញចូលរួមជាកិត្តិយស និងជំរុញយុទ្ធនាការនេះយ៉ាងផុលផុសបំផុតពីសំណាក់ ឯកឧត្តម អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ធំ និងខេត្តព្រះវិហារ, ឯកឧត្តម លោកជំទាវ អភិបាលក្រុង ស្រុកក្នុងខេត្តទាំងពីរ, លោក លោកស្រី ជាប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធជុំវិញខេត្ត, អាជ្ញាធរ, កងកម្លាំងប្រដាប់អាវុធ, មេឃុំ ចៅសង្កាត់ នាយកសាលា គ្រូបង្រៀន និងឪពុកម្តាយសិស្សសរុបប្រមាណជាង ៣០០នាក់។អស់រយៈពេលជាង១សប្តាហ៍កន្លងមកនេះ យុទ្ធនាការគាំទ្រសាលារៀនគោលដៅរបស់លេខាធិការដ្ឋានគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំរបស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា(គ.វ.អ.) បានរៀបចំសកម្មភាពផ្សព្វផ្សាយជាសាធារណៈនៅតាមបណ្តាខេត្តគោលដៅ ដោយមានអ្នកចូលរួមទទួលព័ត៌មាន និងពង្រីកការយល់ដឹងប្រមាណ ១៥០០នាក់។នៅក្នុងឱកាសនោះ លោក ពេជ សោភ័ន បានគូសបញ្ជាក់ពីគោលបំណងនៃយុទ្ធនាការដូច្នេះថា ៖ <<ជាការផ្សព្វផ្សាយបញ្ជ្រាបការយល់ដឹងអំពីការដាក់ចេញនូវរបៀបវារៈនៃការកែទម្រង់វិស័យអប់រំដ៏ប្រាកដនិយម និងស៊ីជម្រៅតាមរយៈការជ្រើសរើសយក និងឱកាសជាអាទិភាពបំផុតចំពោះសាលារៀនដែលស្ម័គ្រចិត្ត និងមានឆន្ទៈអនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំ។>>
កាលពីអំឡុងខែវិច្ឆិកា ឆ្នាំ២០២៤ កន្លងមក ក្រុមការងារចំពោះកិច្ចបានពិនិត្យជ្រើសរើសសាលាបឋមសិក្សាគោលដៅបន្ថែមចំនួន១១៩ ដើម្បីដាក់ឲ្យអនុវត្តវិធានការគន្លឹះក្នុងការលើកកម្ពស់វិស័យអប់រំ។ ក្នុងនោះខេត្តកំពង់ធំរើសបាន៧សាលា (សាលាតាំងក្រសាំង, សាលាស្វាយកាល់, សាលាកកោះ, សាលាជីមាឃ, សាលាត្រពាំងអារក្ស, សាលាតារាម និងសាលាក្អិន) និងខេត្តព្រះវិហារជ្រើសរើសបានចំនួន ២ សាលា (សាលាបឋមសិក្សា ត្បែងមានជ័យ និងសាលាព្រះឃ្លាំង)។
ដូចនេះ ការចាប់ផ្តើមយុទ្ធនាការនាថ្ងៃនេះគឺជាការចេញដំណើរជាផ្លូវការក្នុងការអនុវត្តវិធានការគន្លឹះជាក់ស្តែងនៅតាមសាលាទាំងអស់ដោយផ្តោតលើ៖ អភិបាលកិច្ចសាលារៀន, ការពង្រឹងចំណេះដឹង វិន័យ សីលធម៌ ការបង្រៀនបន្ថែម២ម៉ោង, ការយកចិត្តទុកដាក់សុខភាពសិស្ស និងការជំរុញការចូលរួមរបស់សហគមន៍។
លោក ញឹក បានខេង អភិបាលរងខេត្តកំពង់ធំ បានគូសបញ្ជាក់ថា ៖ <<ខេត្តកំពង់ធំបាននឹងកំពុងយកចិត្តទុកដាក់ជំរុញការលើកកម្ពស់កិច្ចការអប់រំនៅគ្រប់កម្រិតសិក្សា ដែលបានធ្វើឱ្យគុណភាពអប់រំកាន់តែប្រសើរឡើងជាលំដាប់។ ទន្ទឹមនេះ រដ្ឋបាលខេត្តបានត្រៀមខ្លួនរួចជាស្រេចក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍមូលធនមនុស្សដើម្បីឈានទៅសម្រេចនូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ និងឆ្នាំ២០៥០ ជាពិសេសការគាំទ្រពេញទំហឹងចំពោះការអនុវត្តវិធានការគន្លឹះចំពោះសាលាគោលដៅទាំង៧ ក្នុងខេត្ត។ >>
រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយបញ្ញាញាណឈ្លាសវៃបំផុតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បាននិងកំពុងជំរុញការយកចិត្តទុកដាក់ខ្ពស់ក្នុងការពង្រឹងគុណភាពសាលារដ្ឋ ជាពិសេសផ្តោតលើការកែប្រែឥរិយាបថ វិន័យ សីលធម៌ និងចរិយាធម៌ របស់សិស្សនៅកម្រិតបឋមសិក្សា ដែលជាមូលដ្ឋានគ្រឹះចាំបាច់បំផុតក្នុងការកសាងមូលធនមនុស្សល្អ និងផ្សារភ្ជាប់ទៅការសិក្សានៅកម្រិតខ្ពស់បន្តទៀត។
លោកប្រធានលេខាធិការដ្ឋាន បានក្រើនរំឭកដល់អង្គពិធីថាដើម្បីជំរុញឲ្យការកែទម្រង់ក្នុងវិស័យអប់រំមានការផ្លាស់ប្តូរមុខមាត់ថ្មីជាវិជ្ជមាន គណៈគ្រប់គ្រង គ្រូបង្រៀន និងភាគីពាក់ព័ន្ធ ត្រូវប្រឈមចំពោះការផ្លាស់ប្តូរចំនួន ៤ ជាប្រចាំដើម្បីការអភិវឌ្ឍខ្លួន និងវឌ្ឍនភាពការងារគឺ ៖ <<ផ្លាស់ប្តូរការគិត (Change thinking) ដោយត្រូវមានគំនិតថ្មី ច្នៃប្រឌិត និងគិតខុសប្លែកពីអ្វីដែលធ្លាប់គិតពីមុន, ផ្លាស់ប្តូរផ្នត់គំនិត (Change mindset) ដោយត្រូវបំពាក់នូវផ្នត់គំនិតវិជ្ជមាន ការហ៊ានលះបង់ និងទទួលខុសត្រូវចំពោះតួនាទីភារកិច្ច ឬបញ្ហាប្រឈមផ្សេងៗ, ផ្លាស់ប្តូរចរិតឬសីលធម៌ (Change character and morals) ដោយត្រូវប្រតិបត្តិនូវឥរិយាបថល្អ ទស្សនៈវិជ្ជមាន និងសីលធម៌ល្អដែលមានបំពាន ឬបង្កការរំខានដល់អ្នកដទៃ, និងផ្លាស់ប្តូរទម្លាប់ (Change habit) ដោយត្រូវកែប្រែទម្លាប់អាក្រក់ចោល ហើយទម្លាប់យកនូវទង្វើល្អ វិធីសាស្ត្រល្អ និងឥរិយាបថល្អ>> ។
តំណាងឪពុកម្តាយសិស្សដែលអញ្ជើញចូលរួមក្នុងយុទ្ធនាការនេះ បានបង្ហាញចំណាប់អារម្មណ៍ថា ៖ <<វិធានការគន្លឹះ គ.វ.អ. នឹងជួយដល់កូនគាត់ឲ្យបានរៀនសូត្របន្ថែមម៉ោង ចៀសវាងនៅផ្ទះទំនេរដើរលេងផ្តេសផ្តាស ឬមើលទូរសព្ទច្រើនពេក។ ជាពិសេស ការរៀនបន្ថែមម៉ោងគឺមិនចាំបាច់បង់ប្រាក់ ដែលជួយសម្រាលជីវភាពគាត់បានច្រើន។>>
តំណាងគ្រូបង្គោល គណៈគ្រប់គ្រងសាលា និងគ្រូបង្រៀន បានប្តេជ្ញាខិតខំអនុវត្តវិធានការគន្លឹះឲ្យមានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់ ដោយសន្យាជួយជំរុញការផ្សព្វផ្សាយវិធានការគន្លឹះទៅដល់សាលាផ្សេងទៀតតាមវិធីសាស្ត្រផ្ការីក ជាបន្តបន្ទាប់ឲ្យបានច្រើនបំផុត ដើម្បីចូលរួមចំណែកសម្រេចនូវការកែទម្រង់វិស័យអប់រំជាមួយរាជរដ្ឋាភិបាល, សម្តេចមហាបវរធិបតី និងលេខាធិការដ្ឋាន គ.វ.អ៕