(សៀមរាប)៖ ឧបនាយករដ្ឋមន្រ្តី ទៀ សីហា រដ្ឋមន្រ្តីក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តសៀមរាប បានស្នើរដ្ឋបាលខេត្ត សហការជាមួយក្រសួង និងស្ថាប័នពាក់ព័ន្ធ រួមគ្នាទប់ស្កាត់ បង្ក្រាបបទល្មើសព្រៃឈើ និងការកាប់ទន្រ្ទានព្រៃឈើយកដីធ្វើកម្មសិទ្ធិ ជាពិសេសនៅតំបន់ភ្នំគូលែន ឱ្យបានកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត។
ការស្នើយ៉ាងដូច្នេះរបស់ឧបនាយករដ្ឋមន្រ្តី ទៀ សីហា នៅក្នុងពិធីសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តសៀមរាប ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រី ជាក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទូទាំងខេត្តជាច្រើនចូលរួមផងដែរ។
ឧបនាយករដ្ឋមន្រ្តី ទៀ សីហា បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធទូទាំងខេត្ត ដែលបានបំពេញតួនាទីភារកិច្ចរបស់ខ្លួនបានយ៉ាងល្អ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងសម្រេចបាននូវសមិទ្ធផលជាច្រើន រួមចំណែកយ៉ាងសំខាន់ជាមួយក្រសួង ស្ថាប័ន និងរាជរដ្ឋាភិបាល នៅក្នុងការគ្រប់គ្រង និងដឹកនាំប្រទេសជាតិ ឱ្យកាន់តែមានការអភិវឌ្ឍ រីកចម្រើនលើគ្រប់វិស័យ ស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ជាមួយនឹងការធានាបានយ៉ាងល្អប្រសើរនូវសុខសន្តិភាព ស្ថិរភាពនយោបាយ។
ឧបនាយករដ្ឋមន្រ្តី បានបន្តថា ឆ្នាំ២០២៥ ជាឆ្នាំទី២ នៃការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលជារបៀបវារៈនយោបាយដ៏មានសារៈសំខាន់សម្រាប់ ការគ្រប់គ្រងដឹកនាំ និងអភិវឌ្ឍន៍ប្រទេស ជាតិប្រកបដោយទស្សនវិស័យវែងឆ្ងាយ និងនាំប្រទេសជាតិឱ្យកាន់តែមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យជាបន្តទៀតប្រកបដោយភាពធន់ សមធម៌ និងមាននិរន្តរភាព។
ឧបនាយករដ្ឋមន្រ្តី បន្តថា ស្នូលនៃយុទ្ធសាស្ត្រនេះ គឺផ្តោតលើការកែទម្រង់ ការពង្រឹងអភិបាលកិច្ច និងការធ្វើទំនើបកម្មស្ថាប័នរដ្ឋឱ្យក្លាយជារដ្ឋបាលសាធារណៈទំនើប ប្រកបដោយសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ ដែលជាមូលដ្ឋានគ្រឹះ ដើម្បីធានាសម្រេចបាននូវការអភិវឌ្ឍ ប្រកបដោយចីរភាពលើគ្រប់វិស័យ។
ឧបនាយករដ្ឋមន្រ្តី ក៏បានណែនាំដល់អាជ្ញាធរមានសមត្ថកិច្ចទូទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់ខិតខំរួមគ្នាប្តេជ្ញាចិត្តអនុវត្តឱ្យសម្រេចបានលទ្ធផលល្អប្រសើរក្នុងឆ្នាំ២០២៥នេះ និងត្រូវខិតខំរួមគ្នាបន្តពង្រឹង និងថែរក្សាការពារនូវសន្តិភាព ស្ថិរភាពនយោបាយ សណ្តាប់ធ្នាប់សាធារណៈ និងសុខសុវត្ថិភាពសង្គមឱ្យបានរឹងមាំ យកចិត្តទុកដាក់តាមដាន ស្រាវជ្រាវ និងទប់ស្កាត់ឱ្យបានទាន់ពេលវេលានូវរាល់ទង្វើមិនស្របច្បាប់ ចលនាឧទ្ទាម និងបដិវត្តពណ៌នៅក្នុងមូលដ្ឋានរបស់ខ្លួន ពិសេសរាល់សកម្មភាព ឬការផ្សព្វផ្សាយព័ត៌មានមិនពិត ការញុះញង់ អុចអាលបង្កឱ្យមានអំពើហិង្សា ការប្រឆាំងនឹងអាជ្ញាធរសាធារណៈជាដើម។
ជាមួយនេះដែរ លោក ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប បានបញ្ជាក់ថា សន្និបាតនេះ គឺជារបៀបវារៈការងារមួយដ៏សំខាន់ និងតែងតែបានរៀបចំឡើងជារៀងរាល់ឆ្នាំស្របតាមគោលការណ៍ណែនាំដែលបានកំណត់ ដើម្បីឲ្យរដ្ឋបាលខេត្តធ្វើការពិនិត្យ និងវាយតម្លៃអំពីសមិទ្ធផលការងារដែលសម្រេចបាននៅក្នុងរយៈពេលពេញមួយឆ្នាំកន្លងមក ព្រមទាំងពិនិត្យមើលនូវចំណុចខ្លាំង ចំណុចខ្សោយ បញ្ហាប្រឈម និងកាលានុវត្តភាព ដើម្បីរិះរកមធ្យោបាយ ឬដំណោះស្រាយឱ្យបានសមស្រប រួមជាមួយនឹងការដាក់ចេញទិសដៅការងារសម្រាប់ឆ្នាំ២០២៥ ប្រកបដោយភាពម៉ត់ចត់ និងគ្រប់ជ្រុងជ្រោយដែលអាចឆ្លើយតបនឹងតម្រូវការចាំបាច់នៅក្នុងខេត្តផងដែរ៕