(តាកែវ)៖ លោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានបញ្ជាក់ឲ្យដឹងថា ក្រសួងធនធានទឹក នឹងបូមទឹកដាក់ក្នុងប្រឡាយជាង១៦គីឡូម៉ែត្រ នៅស្រុកបាទី ខេត្តតាកែវ ដើម្បីដោះស្រាយបញ្ហាខ្វះទឹកបង្កបង្កើនផល ជូនដល់ប្រជាពលរដ្ឋ។
ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅរសៀលថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥នេះ ទេសរដ្ឋមន្ត្រី គន់ គីម បានបញ្ជាក់យ៉ាងដូច្នេះថា <<ក្រសួងធនធានទឹក នឹងចាត់វិធានការ ដើម្បីបូមទឹកដាក់ស្ដុកនៅក្នុងប្រឡាយ ប្រមាណជា១៦គីឡូម៉ែត្រ>>។
ជាមួយគ្នានេះ លោកទេសរដ្ឋមន្ត្រី គន់ គីម ក៏ទទូចដល់ប្រជាពលរដ្ឋប្រមាណ៤ពាន់គ្រួសារ សូមមេត្ដាកុំអាលបូមទឹក ដោយរក្សាទឹកស្ដុកក្នុងប្រឡាយនេះ រយៈពេល៧ថ្ងៃសិន ដើម្បីឲ្យទឹកពេញនៅក្នុងប្រឡាយ។
លោកទេសរដ្ឋមន្ត្រី គន់ គីម បានឲ្យដឹងទៀតថា ក្រោយពីបូមទឹកដាក់ក្នុងប្រឡាយ បានរយៈពេល៧ថ្ងៃរួចហើយ ទើបអនុញ្ញាតឲ្យប្រជាពលរដ្ឋប្រមាណ៤ពាន់គ្រួសារនេះ ដាក់ម៉ាស៊ីនបូមទឹក បើមិនធ្វើដូច្នេះទេ អ្នកខាងលើបូមទឹកអស់ ហើយអ្នកខាងក្រោម នឹងមិនបានទឹកប្រើនោះទេ។
បើតាមទេសរដ្ឋមន្ត្រី គន់ គីម, រដ្ឋមន្ដ្រីក្រសួងធនធានទឹក នឹងខិតខំព្យាយាមឲ្យអស់ពីលទ្ធភាព ដើម្បីជួយដោះស្រាយបញ្ហាខ្វះទឹក តាមការបញ្ជាដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្ដរាយ។
សូមជម្រាបថា នៅព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ ប្រជាពលរដ្ឋប្រហែលជា៤០០នាក់ បាននាំគ្នាតវ៉ាបិទផ្លូវជាតិលេខ ២ ត្រង់ចំណុចភូមិព្រះម្លប់ ឃុំកណ្ដឹង ស្រុកបាទី ដើម្បីស្នើសុំ បើកទឹកឲ្យពួកគាត់បូមធ្វើស្រែប្រាំង ដែលខ្វះទឹកចំនួនប្រមាណជាង ៤៥០០ហិចតា នៅចំនួន០៥ ឃុំ គឺ ១-ឃុំកណ្តឹង ២-ឃុំក្រាំងធ្នង់ ៣-ឃុំចំប៉ី ៤-ឃុំ.ពារាម ៥-ឃុំត្នោត។
បន្ទាប់ពីអាជ្ញាធរសម្របសម្រួល ជាមួយប្រជាពលរដ្ឋ នៅវេលាម៉ោង១០៖៥៦នាទី ប្រជាពលរដ្ឋបានបើកដំណើរការផ្លូវលេខ០២ឡើងវិញ។ ការចុះសម្របសម្រួលនេះ ដោយមានចូលរួមពីលោកទេសរដ្ឋមន្ត្រី គន់ គីម, លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក៕