(វ៉ាស៊ីនតោន)៖ លោកប្រធានាធិបតីអាមេរិក Donald Trump បាននិយាយថា លោកគ្រោងនឹងអនុម័តវិធានការដកហូតពន្ធគយរហូតដល់ ២៥% លើប្រទេសម៉ិកស៊ិកនិងកាណាដានៅថ្ងៃទី១ ខែកុម្ភៈ ដោយបានរំលឹកឡើងវិញនូវការលើកឡើងរបស់គាត់ថា ប្រទេសជិតខាងទាំងពីរនេះកំពុងអនុញ្ញាតឱ្យមានលំហូរជនអន្តោប្រវេសន៍ខុសច្បាប់ និងគ្រឿងញៀនចូលមកសហរដ្ឋអាមេរិក។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg។
ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ដោយដកស្រង់សម្ដីរបស់លោក ត្រាំ ខណៈឆ្លើយតបទៅនឹងសំណួររបស់អ្នកយកព័ត៌មានថា <<យើងកំពុងគិតអំពីការដកហូតពន្ធ ២៥% លើម៉ិកស៊ិក និងកាណាដា ពីព្រោះពួកគេអនុញ្ញាតឱ្យមានមនុស្សយ៉ាងច្រើន>> ចូលទៅក្នុងសហរដ្ឋអាមេរិក។ លោកបានបន្ថែមថា៖ <<ខ្ញុំគិតថា យើងនឹងធ្វើវានៅថ្ងៃទី១ ខែកុម្ភៈ>>។
ផែនការរបស់លោក ត្រាំ សម្រាប់ការដកហូតពន្ធគយលើទំនិញរបស់ប្រទេសពីរដែលមានសារៈសំខាន់សម្រាប់ការនាំចូលថាមពល និងរថយន្តរបស់សហរដ្ឋអាមេរិក គំរាមកំហែងឱ្យមានការចាប់ផ្តើមសង្គ្រាមពាណិជ្ជកម្មក្នុងចំណោមប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងអាមេរិក-ម៉ិកស៊ិក-កាណាដា (USMCA) ដែលជាកិច្ចព្រមព្រៀងត្រូវបានបង្កើតឡើងជាការស្នងកិច្ចព្រមព្រៀង Nafta ដែលត្រូវបានចរចាទៅតាមការចង់បានរបស់លោក ត្រាំ ក្នុងអំឡុងពេលកាន់អំណាចអាណត្តិដំបូងរបស់គាត់។ កិច្ចព្រមព្រៀងនេះគ្រប់គ្រងលំហូរពាណិជ្ជកម្មទំនិញ និងសេវាកម្មចំនួន ១,៨ពាន់ពាន់លានដុល្លារ ដោយផ្អែកលើទិន្នន័យឆ្នាំ២០២២។
ទាំងប្រទេសកាណាដានិងម៉ិកស៊ិក បាននិយាយថា ពួកគេនឹងសងសឹកលើទំនិញអាមេរិក ប្រសិនបើលោក ត្រាំ ដកហូតពន្ធគយលើទំនិញរបស់ខ្លួន។ កិច្ចព្រមព្រៀង USMCA នឹងត្រូវបានពិនិត្យមើលឡើងវិញនៅឆ្នាំ២០២៦។
លោក ត្រាំ បាននិយាយដោយត្អូញត្អែរអំពីចរន្តនៃលំហូរចូលថ្នាំញៀនហ្វែនតានីល (fentanyl) និងជនអន្តោប្រវេសន៍ឆ្លងកាត់ព្រំដែនភាគខាងជើងសហរដ្ឋអាមេរិកថា៖ <<កាណាដាគឺជាអ្នករំលោភបំពានដ៏អាក្រក់បំផុត>>។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg៕