(កំពង់ចាម)៖ ក្នុងកិច្ចប្រជុំជាមួយគណៈកម្មការទី៧ នៃរដ្ឋសភា នៅសាលប្រជុំសាលាខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានលើកឡើងថា រដ្ឋបាលខេត្តមានផែនការសាងសង់សារមន្ទីរវប្បធម៌ប្រវត្តិសាស្រ្តមួយកន្លែង ដើម្បីរក្សាទុកវត្ថុបុរាណ និងបម្រើដល់វិស័យទេសចរណ៍ សម្រាប់ភ្ញៀវជាតិ និងអន្តរជាតិចូលទស្សនាផងដែរ។
កិច្ចប្រជុំខាងលើនេះគណៈកម្មការទី៧ នៃរដ្ឋសភា ដឹកនាំដោយលោក ប៉ា សុជាតិវង្ស ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា សំណេះសំណាលជាមួយ លោក អ៊ុន ចាន់ដា អភិបាលខេត្ត និងសហការី ក្នុងគោលបំណងឈ្វេងយល់ ពីសភាពការណ៍ទូទៅរបស់ខេត្ត របាយការណ៍វឌ្ឍនភាពការងារ បញ្ហាប្រឈម និងទិសដៅការងារពាក់ព័ន្ធនឹងវិស័យទាំង៤ ដែលគណៈកម្មការទទួលខុសត្រូវ។
លោកអភិបាលខេត្ត បានលើកឡើងថា ដោយសារកន្លងទៅ ក្នុងខេត្តកំពង់ចាម បានរកឃើញវត្ថុបុរាណច្រើន ដូច្នេះ ដើម្បីឱ្យមានកន្លែងទុកដាក់វត្ថុបុរាណទាំងនោះឱ្យបានសមរម្យ នៅក្នុងឆ្នាំ២០២៥នេះ រដ្ឋបាលខេត្តមានផែនការសាងសង់សារមន្ទីរវប្បធម៌ប្រវត្តិសាស្ត្រមួយកន្លែង ដើម្បីប្រមូលវត្ថុបុរាណដែលនៅរាយប៉ាយទាំងអស់នោះយកមករក្សាទុក និងបម្រើដល់វិស័យទេសចរណ៍ក្នុងខេត្តផងដែរ ពោលគឺ នឹកពេលភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិចូលមកទស្សនកិច្ចនៅខេត្តកំពង់ចាម ពួកគាត់អាចចូលទៅទស្សនា វត្ថុបុរាណនៅក្នុងសារមន្ទីរ ដើម្បីផ្សព្វផ្សាយអំពីវប្បធម៌ប្រវត្តិសាស្ត្រនៅក្នុងខេត្តកំពង់ចាមផងដែរ។
លោកអភិបាលខេត្ត បានលើកឡើងថា កន្លងមកក៏ដូចជាបច្ចុប្បន្ន មានភ្ញៀវទេសចរបរទេស បានចូលមកទស្សនកិច្ចក្នុងខេត្តកំពង់ចាម ជាពិសេសតាមផ្លូវទឹក មានកប៉ាល់ទេសចរណ៍ធំៗ ចតនៅមាត់ទន្លេក្នុងក្រុងកំពង់ចាម ទើបមានរថយន្តមកទទួល ដឹកទៅទស្សនកិច្ចតាមបណ្ដារមណីយដ្ឋានផ្សេងៗ។ ដូច្នេះប្រសិនបើមានភ្ជាប់ជាមួយសារមន្ទីរផ្សព្វផ្សាយវត្ថុបុរាណប្រវត្តិសាស្រ្តមួយកន្លែងទៀត នោះកាន់តែប្រសើរ៕