មន្រ្តីជលផលសម្រេចកប់សពក្រពើ៩ក្បាល នៅមាត់ច្រាំងស្ទឹង ដែលអណ្តែតក្នុងស្ទឹងសង្កែ និងកំពុងស្វែងរកម្ចាស់សពក្រពើមកទម្លាក់ចូលស្ទឹង យកមកអប់រំតាមច្បាប់

Posted By: RoogRog Robot | 21-Jan-2025 14:16:33

2025-01-21 02:12pm

(បាត់ដំបង)៖ លោក ជួង សុភា នាយខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង បានឱ្យដឹងថា សាកសពក្រពើចំនួន ៩ក្បាល ត្រូវបានមន្រ្តីជំនាញសម្រេចកប់ ចោលនៅច្រាំងស្ទឹង ទីតាំងដែលក្រពើអណ្តែតមកទើរនៅចំណុចមុខវត្តក្តាំងងារ ភូមិខ្វិត ឃុំព្រែកខ្ពប ស្រុកឯកភ្នំខេត្តបាត់ដំបង នាល្ងាចថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥។

លោកនាយខណ្ឌ បានបញ្ជាក់ថា តាមការសាកសួរប្រជាពលរដ្ឋ នៅជិតទីតាំងកើតហេតុ បានឱ្យដឹងថា សត្វក្រពើនេះមានជនមិនស្គាល់មុខបានដឹកតាមរ៉ឺម៉ក យកមកបោះចោលតាំងពីកំឡុងថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង ៧ទៅ៨យប់។

លោកបានបន្តថា សត្វក្រពើទាំងអស់មានចំនួន៩ក្បាល ដែលកំពុងហើមរលួយ ទើរនៅមាត់ច្រាំង អាចមានប្រវែង ពី១,៥០ ទៅ១,៧០ម៉ែត្រ មិនអាចកំណត់ញី ឬឈ្មោលបានឡើយ ព្រោះហើមរលួយ ហើយមួយចំនួនទៀត បានអណ្តែតទៅផ្នែកខាងក្រោម។

លោកបញ្ជាក់ថា តាមការបំភ្លឺពីប្រជាពលរដ្ឋ អាចមានចំនួនសរុប១៨ ទៅ២០ក្បាល ដែលជាក្រពើងាប់ស្រាប់ ក្នុងកសិដ្ឋានមិនមែនក្រពើធម្មជាតិឡើយ។ ក្នុងនាមជាមន្ត្រីជំនាញបានសុំឱ្យអាជ្ញាធរមូលដ្ឋាន ជួយផ្សព្វផ្សាយ ដល់ម្ចាស់កសិដ្ឋានចិញ្ចឹមក្រពើ ពេលដែលមានក្រពើងាប់ត្រូវជីកកប់ឬដុតបំផ្លាញចោល មិនត្រូវបោះចោលតាមទីសាធារណៈ ដែលធ្វើឱ្យប៉ះពាល់ដល់បរិស្ថាន និងបង្កការភ័យខ្លាច និងភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ ពិសេសអ្នករស់នៅតាមដងស្ទឹងសង្កែនោះបន្តទៀតឡើយ៕








News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...