តើក្រុមហ៊ុនណាខ្លះជាអ្នកទទួលបានផលចំណេញច្រើនជាង បើសិនជា TikTok ត្រូវបិទនៅសហរដ្ឋអាមេរិក?

Posted By: RoogRog Robot | 21-Jan-2025 10:34:32

2025-01-21 10:29am

(បរទេស)៖​ ប៉ុន្មានថ្ងៃនេះ ព័ត៌មានទាក់ទងនឹងការបិទ TikTok នៅសហរដ្ឋអាមេរិក បានទាក់ទាញចំណាប់អារម្មណ៍មនុស្សជាច្រើន ជាពិសេសគឺ​បណ្ដាព័ត៌មាន និងក្រុមហ៊ុនបច្ចេកវិទ្យាធំៗ។ ហេតុផលដែលនាំឱ្យអាមេរិកចេញបទបញ្ជាប្រតិបត្តិបិទកម្មវិធីទូរសព្ទចិនគឺក្រោមហេតុផល​សន្តិសុខជាតិ ប៉ុន្តែក៏មានការលើកឡើងផ្សេងក្រៅពីនេះផងដែរគឺវាជាង្គ្រាមទីផ្សារបច្ចេកវិទ្យា។ តើនរណាជាអ្នកទទួលបានផលចំណេញ​ច្រើន​ជាងគេបំផុត បើសិនជា TikTok ត្រូវបានបិទជាស្ថាពរនៅសហរដ្ឋអាមេរិក?

ការហាមប្រាម TikTok នៅសហរដ្ឋអាមេរិកអាចនាំឱ្យមានអត្ថប្រយោជន៍យ៉ាងសំខាន់សម្រាប់វេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម និងក្រុមហ៊ុនធំៗមួយចំនួនដូចខាងក្រោម៖

១) ក្រុមហ៊ុន Meta ( មាន Facebook, Instagram និង WhatsApp)

អ្នកវិភាគមកពី Morgan Stanley បានលើកឡើងថា Facebook គឺជាអ្នកទទួលបានផលចំណេញច្រើនជាងគេ ខណៈដែលបណ្ដាញសង្គមយក្ស​មួយនេះបានបាត់បង់ស្ទើរគ្រប់យ៉ាងចាប់តាំងពីមានវត្តមានរបស់ TikTok នៅលើទឹកដីសហរដ្ឋអាមេរិក។ មិនត្រឹមតែអ្នកប្រើប្រាស់​បានងាយ​ទៅ​ប្រើ TikTok ប៉ុន្តែទោះទេ សូម្បីតែអ្នកផលិតមាតិកា ក្រុមហ៊ុនផ្សព្វផ្សាយពាណិជ្ជកម្ម បានងាកទៅរក TikTok គ្រប់គ្នា ដែលនាំឱ្យ Facebook ខាតបង់ប្រាក់ចំណូលយ៉ាងច្រើនសន្ធឹក។ យោងតាមរបាយការណ៍ចុងក្រោយបានបង្ហាញឱ្យដឹងថា នៅឆ្នាំ២០២១ TikTok រកចំណូលពី​ការផ្សព្វផ្សាយពាណិជ្ជកម្មនៅសហរដ្ឋអាមេរិកបានរហូតដល់ ៤ពាន់លានដុល្លារ ហើយនៅឆ្នាំ២០២៤នេះ ត្រូវបានគេប៉ាន់ប្រមាណថា​មាន​ចម្លោះពីជាង ១០ ទៅ ១១ពាន់លានដុល្លារអាមេរិក ប្រហែល ៥០ ទៅ ៦០ភាគរយនៃប្រាក់ចំណូលពាណិជ្ជកម្មសរុបរបស់ TikTok ទាំងមូល។

បើសិនជា TikTok បិទ នោះអ្នកប្រើប្រាស់ TikTok នឹងត្រឡប់ទៅកាន់ Instagram និង Facebook ដែលជាជម្រើសដ៏ស័ក្តិសមសម្រាប់ពួកគេ ហើយការផ្សព្វផ្សាយពាណិជ្ជកម្មវានឹងចាប់ផ្ដើមកើនឡើង ព្រោះតែអ្នកបង្កើតមាតិកា និងអ្នកប្រើប្រាស់ប្រាស់បានត្រឡប់មកវិញ។

២) បណ្ដាញសង្គមវីដេអូយក្ស YouTube

YouTube ត្រូវបានគេស្គាល់ថាជាបណ្ដាញសង្គមវីដេអូដែលមានប្រជាប្រិយភាព និងរកចំណូលបានច្រើនជាងគេបំផុត សម្រាប់អ្នកប្រើប្រាស់។ YouTube បានដាក់ចេញនូវមុខងារ YouTube Shorts ដើម្បីបង្កើតការទាក់ទាញដល់អ្នកប្រើប្រាស់កុំឱ្យងាកទៅរក TikTok ហើយវាក៏ជា​ប្រភព​ចំណូលមួយដ៏សំខាន់ផងដែរសម្រាប់អ្នកផលិតមាតិកា។ បើសិនជា TikTok បិទមែន នោះ YouTube គឺជាអ្នកទទួលបានផលចំណេញច្រើន​ផងដែរ ដោយទទួលបានទាំងអ្នកប្រើប្រាស់ អ្នកផលិតមាតិកា និងអ្នកផ្សព្វផ្សាយពាណិជ្ជកម្ម។

៣) វេទិកា និងបណ្ដាញសង្គមផ្សេងៗទៀត

Snapchat, Pinterest និង Roblox ក៏មិនសប្បាយចិត្តចំពោះវត្តមានរបស់ TikTok នៅលើទឹកដីដុល្លារមួយនេះផងដែរ។ ត្បិតតែ TikTok ជា​វេទិកា​សង្គមសម្រាប់ការកម្សាន្តបែបវីដេអូខ្លីៗ ប៉ុន្តែវាបានប្រមូលអ្នកអនឡាញឱ្យទៅប្រើប្រាស់ពេលវេលាប្រចាំថ្ងៃជាមួយវាច្រើនជាងបណ្ដាញសង្គម​​​ណាៗទាំងអស់។ ចំណុចនេះហើយដែលនាំឱ្យក្រុមហ៊ុនផ្សព្វផ្សាយបានធ្វើការកាត់បន្ថយ​ការផ្សព្វផ្សាយពួកគេនៅលើបណ្ដាញសង្គម និង​ទេវិកា​អនឡាញផ្សេងៗ ដោយផ្ដល់ចំណេញដ៏ធំទៅលើ TikTok។

៤) ប្រព័ន្ធផ្សព្វផ្សាយ និងភ្នាក់ងារផ្សាយពាណិជ្ជកម្មបែបប្រពៃណី

ប្រព័ន្ធផ្សព្វផ្សាយបែបប្រពៃណីដែលមានដូចជា កាសែត ទស្សនាវដ្ដី ព្រឹត្តិបត្រ វិទ្យុ និងទូរទស្សន៍ អាចនឹងទទួលបាន​អត្ថប្រយោជន៍ត្រឡប់​មវិញ​ពីរធំៗគឺចំនួនអ្នក​អានប្រចាំថ្ងៃ និង​ការផ្សព្វផ្សាយពាណិជ្ជកម្ម។ កន្លងមក នៅពេលដែល TikTok ចាប់ផ្ដើម​វាយឡុកទីផ្សារ​អាមេរិកគឺ​ការ​ផ្សព្វផ្សាយនៅលើប្រព័ន្ធផ្សព្វផ្សាយប្រពៃណីត្រូវបានកាត់បន្ថយ។

៥) គូប្រកួតប្រជែងនៅក្នុងពិភពផលិតមាតិកាវីដេអូខ្លី (Short-Video)

វេទិកាថ្មីៗ ឬដែលបានចាប់ផ្ដើមដំណើរការឡើងហើយ តែមិនទាន់ល្បី ដែលមានមុខងារស្រដៀងគ្នាទៅនឹង TikTokអាចទទួលបានការចាប់ អារម្មណ៍ នៅពេលដែលអ្នកប្រើប្រាស់ស្វែងរកជម្រើសជំនួស TikTok ។

សរុបមក ខណៈពេលដែលការហាមប្រាម TikTok នឹងជះឥទ្ធិពលអវិជ្ជមានដល់អ្នកប្រើប្រាស់ចំនួន ១៧០លាននាក់នៅសហរដ្ឋអាមេរិក និងអាជីវកម្មខ្នាតតូចជាច្រើនដែលពឹងផ្អែកលើវេទិកាសម្រាប់ទីផ្សារ និងការលក់ វាបង្ហាញពីឱកាសសម្រាប់បណ្ដាញសង្គម​ដែលមាន​លក្ខណៈស្រដៀងគ្នា ដូចជា Meta និង YouTube ដើម្បីពង្រីកលទ្ធភាព និងប្រាក់ចំណូល៕













News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...