(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា នៅក្នុងជីវិតនេះ មិនមានបុគ្គលណាជោគជ័យជារៀងរហូតនោះឡើយ ដូច្នេះត្រូវចេះលើកទឹកចិត្តខ្លួនឯង ហើយបន្តប្រឹងប្រែងដោយមិនរាថយ មិនចុះចាញ់ ហើយកុំខ្លាចនឹងការប្រឈមជាមួយអ្វីៗក្នុងជីវិត ទោះបីជាយើងត្រូវចេះម្ចាស់ការខ្លួនឯងក៏ដោយ តែវានឹងជួយឱ្យយើងកាន់តែរឹងមាំ។
ការថ្លែងបែបនេះរបស់សម្ដេចបវរធិបតីនាយករដ្ឋមន្ត្រី ធ្វើឡើងក្នុងឱកាសអញ្ជើញក្នុងពិធីសំណេះសំណាល និងផ្តល់រង្វាន់ជូនសិស្សនិទ្ទេស A ពីការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ៨ តុលា ២០២៤។ ពិធីនេះដែរធ្វើឡើងនាថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ នៅសាលសន្និបាតនិងពិព័រណ៍អន្តរជាតិជ្រោយចង្វា។
នាឱកាសនោះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានផ្ដាំផ្ញើដល់សិស្សដែលប្រឡងជាប់សញ្ញាបត្របាក់ឌុប សូមប្រកាន់នូវទស្សនវិជ្ជមានក្នុងការបន្តការសិក្សារៀនសូត្រនៅថ្នាក់ឧត្តមសិក្សា ក៏ដូចជានៅពេលចេញប្រកបការងារក្នុងសង្គម។
សម្ដេចបានថ្លែងយ៉ាងដូច្នេះថា <<អត់មាននរណាដែលថាមួយជីវិតធ្វើអ្វីក៏ជោគជ័យនោះដែរ ហើយបើជោគជ័យតែរហូត ក៏គ្មានអ្វីដែលជាមេរៀនត្រូវពង្រឹងខ្លួនឯងទេ>>។
សម្ដេចបវរធិបតីបានបន្តថា អ្នករៀនបានលេខ១ ឬនិទ្ទេស A រហូត ក៏សូមអបអរសាទរ ប៉ុន្តែត្រូវត្រៀមខ្លួនប្រឈមជាមួយកិច្ចការងារជាច្រើន ដែលត្រូវដាក់ទិសដៅខំប្រឹងឱ្យច្រើនលើសនេះទៀត ព្រោះត្រូវចូលប្រឡូកក្នុងពិភពពិតប្រាកដដែលមិនអាចល្អឥតខ្ចោះដូចកាលនៅរៀនឡើយ។
សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានផ្ដាំផ្ញើទៀតថា មកដល់ផ្លូវបំបែកនេះ យើងជ្រើសរើសទៅណា យើងជ្រើសរើសធ្វើអី សូមដាក់ចិត្តឱ្យខ្លាំងក្លាដូចយើងប្រឡងបាក់ឌុប ពេលរៀននៅមហាវិទ្យាល័យត្រូវខិតខំប្រឹងរៀនឱ្យអស់លទ្ធភាព ហើយពេលចេញធ្វើការត្រូវដាក់ចិត្តធ្វើការសម្រេចឱ្យបានជោគជ័យ នេះហើយទើបជាភាពជោគជ័យរបស់យើង។
សម្ដេចបវរធិបតីបានណែនាំបន្ថែមដល់សិស្សដែលប្រឡងជាប់សញ្ញាបត្របាក់ឌុបថា ជីវិតកាន់តែលំបាក កាន់តែប្រឈមនឹងបញ្ហា ដូច្នេះកុំខ្លាចនឹងការប្រឈមជាមួយអ្វីៗក្នុងជីវិត ទោះបីជាយើងត្រូវចេះម្ចាស់ការខ្លួនឯងក៏ដោយ តែវានឹងជួយឱ្យយើងកាន់តែរឹងមាំ៕