(ភ្នំពេញ)៖ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤នេះ បានណែនាំអគ្គនាយកដ្ឋានកៅស៊ូ ឱ្យផ្តោតលើការកសាងសហគមន៍កសិកម្មទំនើប ដោយប្រមូលផ្តុំអ្នកដាំដុះកៅស៊ូ ឱ្យក្លាយជាបណ្តុំមួយរឹងមាំ មានផែនការវិនិយោគ និងផលិតកម្មច្បាស់លាស់។
ការណ៍នេះធ្វើឡើងនាឱកាសដែល លោកបានអញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅអនុវត្តការងារឆ្នាំ២០២៥ របស់អគ្គនាយកដ្ឋានកៅស៊ូ ដែលមានមន្រ្តីក្រោមឱវាទចូលរួមជិត ២០០នាក់ នៅអគ្គនាយកដ្ឋានកៅស៊ូ។
ថ្លែងទៅកាន់អង្គពិធី លោករដ្ឋមន្ដ្រី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ និងក្តីសោមនស្សរីករាយក្នុងការចូលរួមកម្មវិធីនាថ្ងៃនេះ ដើម្បីតម្រង់ទិសអគ្គនាយកដ្ឋានកៅស៊ូសម្រាប់ទិសដៅអនុវត្តការងារឆ្នាំ២០២៥។ លើសពីនេះ លោក បានណែនាំដល់អង្គពិធីត្រូវចូលរួមពិភាក្សាលើផែនការថវិកា ការប្រើប្រាស់ថវិកា និងលទ្ធផលសូចនាករទាំងអស់ប្រៀបធៀបនឹងផែនការរំពឹងទុក ព្រមទាំងពិនិត្យវាយតម្លៃឱ្យបានច្បាស់លាស់ ឆ្លើយតបទៅនឹងកិច្ចសន្យាសមិទ្ធកម្មជាមួយក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ ដែលជាបទពិសោធសម្រាប់ការអនុវត្តការងារឆ្នាំ២០២៥ កាន់តែមានប្រសិទ្ធភាព និងដាក់អាទិភាពចំគោលដៅ។
ជាមួយគ្នានេះ លោក ឌិត ទីណា បានកោតសរសើរ និងវាយតម្លៃខ្ពស់នូវការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់នៃអគ្គនាយកដ្ឋានកៅស៊ូ ក្នុងការបំពេញការងារពេញលេញ ជំរុញការស្រាវជ្រាវបង្កើតបាននូវក្លូនកៅស៊ូ CRRI12 និងCRRI19 បានដោយជោគជ័យ និងបន្តបញ្ចេញក្លូននេះដល់បណ្តាអ្នកដាំកៅស៊ូទាំងអស់ ដើម្បីជំរុញក្លូនកៅស៊ូនេះឱ្យកាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់។
ទន្ទឹមនឹងនេះ លោកបានផ្តល់អនុសាសន៍ណែនាំដល់អង្គពិធី ត្រូវគិតគូរពីវិស័យកៅស៊ូស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល មានសេដ្ឋកិច្ចមាត្រដ្ឋាន រៀបចំមូលដ្ឋានច្បាប់ បច្ចេកទេសច្បាស់លាស់ សិក្សាពីតម្រូវការទីផ្សារ កាត់បន្ថយថ្លៃដើមផលិត និងផ្តល់ផលចំនេញសេដ្ឋកិច្ចពិតប្រាកដដល់ប្រជាពលរដ្ឋ។
រដ្ឋមន្ដ្រីក្រសួងកសិកម្មរូបនេះ បានបញ្ជាក់បន្ថែមថា <<ការងារកៅស៊ូនេះ ត្រូវពិចារណាគិតគូរឱ្យបានវែងឆ្ងាយ មានភាពម្ចាស់ការ មានអំណាចទៅលើទីផ្សារ និងទាក់ទាញការវិនិយោគលើការកែច្នៃផលិតផលសម្រេចឱ្យមានភាពរឹងមាំ សំដៅជំរុញការពង្រឹងនូវផលិតកម្ម ដោយមិនមានការពង្រីកឡើយ>>។
ជាថ្មីម្ដងទៀត លោកបានលើកទឹកចិត្តដល់អង្គប្រជុំ ត្រូវផ្តោតការពិភាក្សាលើការកសាងសហគមន៍កសិកម្មទំនើប ដែលប្រមូលផ្តុំនូវអ្នកដាំដុះកៅស៊ូ ជាបណ្តុំមួយមានភាពរឹងមាំ មានផែនការវិនិយោគ និងផលិតកម្មច្បាស់លាស់ ព្រមទាំងឆ្លើយតបទៅតាមតម្រូវការទីផ្សារ និងមានប្រសិទ្ធភាពសេដ្ឋកិច្ចពិតប្រាកដ៕