ទេសរដ្ឋមន្ត្រី អៀង មូលី ចូលរួមក្នុងសន្និសីទពិភពលោកស្ដីអំពីជំងឺអេដស៍ឆ្នាំ២០២៤ (AIDS 2024) នៅក្រុងមុយនិច សាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់

Posted By: RoogRog Robot | 27-Jul-2024 06:51:33

2024-07-27 08:45pm

(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍អញ្ជើញចូលរួមសន្និសីទពិភពលោកស្ដីអំពីជំងឺអេដស៍ឆ្នាំ២០២៤ (AIDS 2024) នៅក្រុងមុយនិច សាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤។​

ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍របស់កម្ពុជាបានថ្លែងប្រាប់ឲ្យដឹងថា សន្និសីទពិភពលោកស្តីអំពីអេដស៍ឆ្នាំ២០២៤ (AIDS 2024) ជាវេទិកាដ៏ធំបំផុតក្នុងពិភពលោក ដែលមានអ្នកចូលរួមប្រមាណមួយម៉ឺននាក់។ នេះជាវេទិកាដែលអ្នកស្រាវជ្រាវវិទ្យាសាស្ត្រតំណាងសហគមន៍អ្នកផ្ទុកមេរោគអេដស៍ ប្រជាជនគន្លឹះ អ្នកផ្តល់សេវាបង្ការការពារព្យាបាលថែទាំជំងឺអេដស៍ អ្នករៀបចំគោលនយោបាយ អ្នកផ្តល់ជំនួយ អង្គការក្រៅរដ្ឋាភិបាល តំណាងសង្គមស៊ីវិល អង្គការអន្តរជាតិ និងអ្នកតំណាងរដ្ឋាភិបាល ផ្លាស់ប្តូរមតិគ្នា ដើម្បីរួមគ្នាទប់ស្កាត់ការរីករាលដាលនៃមេរោគអេដស៍។

លោកទេសរដ្ឋមន្រ្តី អៀង មូលី បានចូលរួមសម្ដែងអំណរសាទរចំពោះការរកឃើញនូវវិធីបង្ការការពារការឆ្លងថ្មី តាមរយៈការចាក់ថ្នាំបង្ការការពារ២ដងក្នុងមួយឆ្នាំ (Twice-Yearly HIV​Prevention Injection) ប្រកបដោយប្រសិទ្ធភាព១០០% ប្រឆាំងនឹងមេរោគអេដស៍ ដែលប្រកាសឡើងដោយលោកស្រី Sharon Lewin ប្រធានអង្គការអេដស៍អន្តរជាតិ (International AIDS Society) ក្នុងឱកាសបើកសន្និសីទពិភពលោកឆ្នាំ២០២៤ (AIDS 2024) នាល្ងាចថ្ងៃ២២ ខែកក្កដា ឆ្នាំ២០២៤។ នេះជាសេចក្តីសង្ឃឹមដ៏ធំធេងមួយសម្រាប់មនុស្សជាតិ ក្នុងការទប់ស្កាត់ការរីករាលដាលនៃមេរោគអេដស៍។

លោកទេសរដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍កម្ពុជាស្នើដល់សហគមន៍អ្នកវិទ្យាសាស្តឱ្យបន្តយកចិត្តទុកដាក់ស្រាវជ្រាវគ្រប់ជ្រុងជ្រោយបន្ថែមទៀត ដើម្បីឱ្យវិធីបង្ការការពារថ្មីនេះអាចយកទៅប្រើប្រាស់បាននៅគ្រប់ទីកន្លែងក្នុងពិភពលោក រួមទាំងនៅកម្ពុជា និងស្នើឱ្យអ្នកផលិតរិះរកមធ្យោបាយផលិតដោយតម្លៃថោកសមរម្យ ដើម្បីអាចឱ្យប្រជាជននៃប្រទេសកំពុងអភិវឌ្ឍន៍មានលទ្ធភាពទិញយកទៅការពារខ្លួនបានផងដែរ៕














News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...