ប្រជាជនបារាំងជាង១០០,០០០នាក់ នាំគ្នាធ្វើបាតុកម្មប្រឆាំងជម្រើសនាយករដ្ឋមន្រ្តីថ្មី របស់ប្រធានាធិបតី Macron

Posted By: RoogRog Robot | 08-Sep-2024 02:45:45

2024-09-08 09:43am

(ប៉ារីស)៖ កាលពីថ្ងៃសៅរ៍សប្តាហ៍នេះ ប្រជាជនបារាំង ដែលប្រកាន់និន្នាការនយោបាយឆ្វេងនិយម ចំនួនប្រមាណជាង១០០,០០០នាក់ បាននាំគ្នាចេញធ្វើបាតុកម្មនៅទូទាំងប្រទេស ដើម្បីប្រឆាំងការតែងតាំងលោក Michel Barnier ដែលមាននិន្នាការស្តាំកណ្តាលនិយម ជានាយករដ្ឋមន្រ្តី ហើយពួកគេបានថ្កោលទោសប្រធានាធិបតី លោក Emmanuel Macron ថា ឆក់ឱកាសយកអំណាច។ នេះបើតាម​ការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃអាទិត្យ ទី៨ ខែកញ្ញា ឆ្នាំ២០២៤។

ក្រសួងមហាផ្ទៃបារាំង បាននិយាយថា មនុស្សសរុប១១០,០០០នាក់ បាននាំគ្នាធ្វើបាតុកម្ម នៅតាមដងផ្លូវពាសពេញប្រទេស ក្នុងនោះមាន​ទាំង២៦,០០០នាក់ នៅរដ្ឋធានីប៉ារីស។ ទីក្រុងបារាំងជាច្រើនទៀត រួមមានដូចជា Nantes នៅឯភាគខាងលិច, Nice និង Marseille នៅភាគខាងត្បូង ព្រមទាំង Strasbourg នៅភាគខាងកើត ក៏បានមើលឃើញមានសកម្មភាពតវ៉ា ផងដែរ។ ក្រុមបាតុករជាច្រើន បានបញ្ចេញកំហឹង​ដាក់លោក Macron ហើយមួយចំនួន បានទាមទារឱ្យរូបលោក ចុះចេញពីតំណែងថែមទៀតផង។

កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ លោក Macron បានសម្រេចតែងតាំងលោក Barnier វ័យ៧៣ឆ្នាំ ឱ្យធ្វើជានាយករដ្ឋមន្រ្តីថ្មី ដើម្បីព្យាយាម​ទម្លុះភាពជាប់គាំងនយោបាយ ក្រោយការបោះឆ្នោតសភាមុនអាណត្តិ ដែលសម្ព័ន្ធភាពកណ្តាលនិយមរបស់លោក ឈ្នះបានសំឡេងគាំទ្រត្រឹមលំដាប់ថ្នាក់ទី២។ លោក Barnier ជាអតីតរដ្ឋមន្រ្តីការបរទេសបារាំង ដែលបានដើរតួនាទីជាអ្នកចរចា Brexit របស់សហភាពអឺរ៉ុប។

គួរបញ្ជាក់ថា សម្ព័ន្ធភាពឆ្វេងនិយម ដែលបានក្លាយជាក្រុមនយោបាយធំបំផុតរបស់បារាំង ក្រោយការបោះឆ្នោត ដែលបានប្រព្រឹត្តទៅ​កាលពីខែមិថុនា-កក្កដា បានថ្កោលទោសការជ្រើសរើសតែងតាំង លោក Barnier ដោយលោក Macron។ ពួកគេចង់បាន អ្នកស្រី Lucie Castes ដែលជាសេដ្ឋវិទូវ័យ៣៧ឆ្នាំ ធ្វើជានាយករដ្ឋមន្រ្តី ប៉ុន្តែលោក Macron បានបដិសេធ ក្រោមហេតុផលថា អ្នកស្រីនឹងមិនអាចឆ្លតផុត ការបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត នៅក្នុងសភា ដែលមិនមានបក្សនិងសម្ព័ន្ធភាពនយោបាយណាមួយ គ្រប់គ្រងសំឡេងភាគច្រើន​ដាច់ខាតនោះឡើយ៕




News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...