អភិសន្តិបណ្ឌិត ស សុខា អញ្ជើញមាតុភូមិនិវត្តន៍ប្រកបដោយសុវត្ថិភាព បន្ទាប់ពីបំពេញទស្សនកិច្ចដោយជោគជ័យ នៅប្រទេសចិន

Posted By: RoogRog Robot | 08-Sep-2024 03:20:16

2024-09-08 10:16am

(ភ្នំពេញ)៖ អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងមហាផ្ទៃ មាតុភូមិនិវត្តន៍មកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ប្រកបដោយសុវត្ថិភាព នាយប់ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៤ បន្ទាប់ពីបញ្ចប់ដំណើរទស្សនកិច្ចការងារប្រកបដោយជោគជ័យ នៅរដ្ឋធានីប៉េងកាំង និងខេត្តគួយចូវ នៃសាធារណរដ្ឋប្រជាមានិតចិន ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៤។

ក្នុងរយៈពេល ៣ថ្ងៃ នៃដំណើរទស្សនកិច្ចការងារនេះ អភិសន្តិបណ្ឌិត ស សុខា បានអញ្ជើញធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារសម្រាប់ឆ្នាំ នៃកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ ជាមួយលោក វ៉ាង ស៊ាវហុង សមាជិកក្រុមប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីក្រសួងសន្តិសុខសាធារណៈចិន។

ភាគីទាំងពីរ ក៏បានចុះហត្ថលេខាលើផែនការការងារ ស្តីពីការបន្តអនុវត្តឆ្នាំនៃកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ និងអនុអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីការបន្តដំណើរការការិយាល័យ សម្របសម្រួលកិច្ចសហប្រតិបត្តិការការអនុវត្តច្បាប់រវាងក្រសួងទាំងពីរ។

អភិសន្តិបណ្ឌិត ស សុខា និងលោក វ៉ាង ស៊ាវហុង ក៏បានបន្តជួបពិភាក្សាទ្វេភាគីដាច់ដោយឡែកមួយទៀត ដោយក្នុងជំនួបនោះ លោកអភិសន្តិបណ្ឌិត បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចសហការនានា ដែលភាគីចិន បាននិងកំពុងជួយកម្ពុជា លើវិស័យសន្តិសុខ ទាំងការផ្តល់សម្ភារៈបច្ចេកទេស ការបណ្តុះបណ្តាលធនធានមនុស្ស ការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ការជួញដូរមនុស្ស និងសកម្មភាពឆបោកតាមអនឡាញជាដើម។

លោក វ៉ាង ស៊ាវហុង ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ដូចគ្នា ចំពោះកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ នាពេលកន្លងមក ព្រមទាំងបានបង្ហាញក្ដីសង្ឃឹមជឿជាក់ខ្ពស់ថា នៅក្នុងអាណត្តិថ្មីនៃរាជរដ្ឋាភិបាលកម្ពុជា កិច្ចសហប្រតិបត្តិការអនុវត្តច្បាប់រវាងក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងសន្តិសុខសាធារណៈចិន នឹងកាន់តែមានភាពរីកចម្រើនជាផ្លែផ្កា។ លោកក៏បានបញ្ជាក់ជូនអភិសន្តិបណ្ឌិត នូវការបន្តគាំទ្រ និងផ្តល់ជំនួយទាំងផ្នែកពង្រឹងសមត្ថភាព និងសម្ភារៈផ្សេងៗផងដែរ។

ក្នុងជំនួបនោះដែរ ភាគីទាំងពីរ ក៏បានគូសបញ្ជាក់នូវអំណរសាទរចំពោះលទ្ធផលនៃដំណើរទស្សនកិច្ចទាំងពីរលើក របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា មកកាន់ប្រទេសចិន កាលពីឆ្នាំ២០២៣ ជាពិសេសការឯកភាពពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការគ្រប់វិស័យ ដោយបានចុះហត្ថលេខាលើផែនការសកម្មភាពនៃការកសាងសហគមន៍វាសនារួម កម្ពុជា-ចិន ក្នុងយុគសម័យថ្មី សម្រាប់ឆ្នាំ២០២៤-២០២៨។

ក្រៅពីនេះ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី បានបន្តដឹកនាំគណៈប្រតិភូ ធ្វើទស្សនកិច្ចនៅខេត្តគួយចូវ ដោយបានពិនិត្យ និងស្វែងយល់អំពីការងារ នៅមជ្ឈមណ្ឌលទិន្នន័យធំរបស់ខេត្តគួយចូវ ការិយាល័យអនុវត្តច្បាប់នៃមន្ទីរសន្តិសុខសាធារណៈ នៃសង្កាត់គ័នសានហ៊ូ និងទទួលជួបសំណេះសំណាលពិភាក្សាការងារជាមួយថ្នាក់ដឹកនាំខេត្តគួយចូវ ដែលដឹកនាំដោយលោក ស៊ី លីន លេខាបក្សខេត្តគួយចូវ មុនអញ្ជើញមាតុភូមិនិវត្តន៍។

ក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងសន្តិសុខសាធារណៈចិន បានចុះហត្ថលេខាបង្កើតកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ជាមួយគ្នាចាប់ពីឆ្នាំ២០១៩។ កិច្ចសហប្រតិបត្តិការនេះ ឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ និងការប្តេជ្ញាចិត្តក្នុងកិច្ចសហការថែរក្សាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ។ សម្រាប់ឆ្នាំបន្តនេះ ភាគីទាំងពីរ បានផ្ដោតលើការងារសន្តិសុខ ការស្វែងរកជនល្មើស និងការធ្វើមាតុភូមិនិវត្តន៍ ការពង្រឹងការអនុវត្តច្បាប់ជាក់ស្តែង ការកសាងសមត្ថភាព ការលើកកម្ពស់គុណភាពនិងប្រសិទ្ធភាពកិច្ចសហប្រតិបត្តិការ៕











News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...