ព្យុះទីហ្វុង Yagi ផ្តាច់ជីវិតមនុស្សយ៉ាងហោច៤នាក់ នៅវៀតណាម​ ក្រោយវាយប្រហារលើចិននិងហ្វីលីពីន

Posted By: RoogRog Robot | 08-Sep-2024 10:31:47

2024-09-08 10:30am

(ហាណូយ)៖ ព្យុះកំណាចបំផុតនៅអាស៉ីក្នុងឆ្នាំនេះ ឈ្មោះថា Yagi បានសម្លាប់មនុស្សយ៉ាងហោច៤នាក់ នៅប្រទេសវៀតណាម បន្ទាប់ពី​វាបានវាយប្រហារលើកោះ Hainan របស់ចិន និងប្រទេសហ្វីលីពីន ក្នុងសប្តាហ៍នេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃអាទិត្យ ទី៨ ខែកញ្ញា ឆ្នាំ២០២៤។

ព្យុះទីហ្វុង Yagi បានបោកបក់ មកដល់ភាគខាងជើងប្រទេសវៀតណាម កាលពីរសៀលថ្ងៃសោរ៍សប្តាហ៍នេះ ជាមួយកម្លាំងខ្យល់ក្នុងល្បឿនប្រហែល ១៦០គីឡូម៉ែត្រក្នុង១ម៉ោង។ វាបានថយចុះថាមពល ពីល្បឿនខ្យល់រហូតដល់ជាង ២៣០គីឡូម៉ែត្រក្នុងមួយម៉ោង នៅពេលវាយប្រហារលើ​កោះ Hainan កាលពីថ្ងៃសុក្រ។ បើតាមតួលេខចុងក្រោយបង្អស់ពីរដ្ឋាភិបាលវៀតណាម ចំនួនអ្នកដែលស្លាប់ដោយសារព្យុះទីហ្វុងនេះ គឺយ៉ាងហោច៤នាក់ និង៧៨នាក់រងរបួស ហើយប្រហែលជាង១០នាក់ទៀត បាត់ខ្លួននៅសមុទ្រ។

គួរបញ្ជាក់ថា មុនមកដល់វៀតណាម ព្យុះ Yagi បានឆក់យកជីវិតមនុស្សយ៉ាងហោច៣នាក់ នៅកោះ Hainan ព្រមទាំង១៦នាក់ទៀត នៅហ្វីលីពីន ជាទីដែលវាបានវាយប្រហារដំបូងគេ។ វៀតណាម បានជម្លៀសមនុស្សជាង ៥០,០០០នាក់ ចេញពីបណ្តាក្រុងដែលនៅជាប់ឆ្នេរសមុទ្រ ហើយដាក់ពង្រាយបុគ្គលិកយោធាចំនួន ៤៥០,០០០នាក់ សម្រាប់ប្រតិបត្តិការជួយសង្រ្គោះ។ ជាមួយគ្នានេះ កាលពីថ្ងៃសៅរ៍ ជើងហោះហើររាប់រយជើង ត្រូវបាន​លុបចោល ខណៈសាលារៀនត្រូវបានបិទទ្វារ នៅខេត្តភាគខាងជើងចំនួន១២ខេត្ត ក្នុងនោះរួមមានទាំង នៅរដ្ឋធានីហាណូយ ដែលមានប្រជាជន៨.៥លាននាក់៕





News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...