រដ្ឋមន្ត្រី ប៉េង ពោធិ៍នា ចុះពិនិត្យកំណាត់ផ្លូវជាតិលេខ១០ ដែលបានរអិលបាក់ស្រុត នៅស្រុកវាលវែង , ផ្លូវនេះបានតភ្ជាប់ឡើងវិញ និងអាចចរាចរណ៍បានរថយន្តធុនស្រាល

Posted By: RoogRog Robot | 27-Jul-2024 06:08:34

2024-07-27 08:06pm

(ពោធិ៍សាត់)៖ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នារសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៤នេះ បានចុះពិនិត្យ និងធ្វើការជាមួយក្រុមហ៊ុននៅកំណាត់ផ្លូវជាតិលេខ១០ នៅត្រង់ចំណុច PK90 600 ដែលបានរអិលបាក់ស្រុត ស្ថិតក្នុងស្រុកវាលវែង ក្នុងខេត្តពោធិ៍សាត់ ដោយមានការចូលរួមអមដំណើរពីថ្នាក់ដឹកនាំក្រសួង អាជ្ញាធរដែនដី ក្រុមការងារបច្ចេកទេស ភាគីក្រុមហ៊ុន និងភាគីពាក់ព័ន្ធទៀតផងដែរ។

ទីតាំងលើកំណាត់ផ្លូវជាតិ ដែលមានដីរអិលបាក់ស្រុតនេះ បណ្តាលមកពីភ្លៀងធ្លាក់ជាប្រចាំជោគជាំប្រមាណ​ ២សប្តាហ៍ជាប់ៗគ្នា ដែលមានកំរិតទឹកភ្លៀងខុសពីធម្មតា បានធ្វើឱ្យហូរច្រោះដីនៅស្រទាប់ខាងក្រោម និងបាក់ស្រុត នាល្ងាចថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ កន្លងមកនេះ។

ក្រុមការងារបច្ចេកទេសរបស់ក្រសួង និងភាគីក្រុមហ៊ុន បានធ្វើការយ៉ាងសកម្មក្នុងការជួសជុល និងតភ្ជាប់ឡើងវិញ រហូតអាចចរាចរណ៍ជាបណ្តោះអាសន្នបានសម្រាប់រថយន្តធុនស្រាល និងខិតខំរួមគ្នាបន្តដោះស្រាយ ដើម្បីអាចបើកចរាចរណ៍ធម្មតានាពេលឆាប់ៗខាងមុខនេះ។

គួរបញ្ជាក់ថា គិតត្រឹមចុងខែកក្កដា ឆ្នាំ២០២៤នេះ គម្រោងស្ថាបនាផ្លូវជាតិលេខ១០ សម្រេចបាន៨៩,៥៦% ហើយ។​ ផ្លូវជាតិលេខ១០នេះ ជាប្រភេទផ្លូវ Grade III ក្រាលកៅស៊ូពីរស្រទាប់ (DBST) មានប្រវែងសរុប ១៩៨,៥១ គីឡូម៉ែត្រ និងតភ្ជាប់ខេត្តចំនួន៣ រួមមាន៖ ខេត្តកោះកុង ខេត្តពោធិ៍សាត់ និងខេត្តបាត់ដំបង។ គម្រោងសាងសង់ផ្លូវនេះ មានរយៈពេល ៦៦ខែ និងបានចាប់ផ្ដើមសាងសង់ពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ ហើយគ្រោងនឹងបញ្ចប់នាខែមិថុនា ឆ្នាំ២០២៥ខាងមុខនេះ៕













News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...