តំណាងអយ្យការសម្រេចចោទប្រកាន់ប្រធានផ្សារទួលពង្រ និងមនុស្ស៣នាក់ទៀតពាក់ព័ន្ធការដើរប្រមូលចំណូលមិនមែនសារពើពន្ធដោយមិនទទួលបានសិទ្ធិពីរដ្ឋ

Posted By: RoogRog Robot | 21-May-2025 09:06:16

2025-05-21 08:59am

(ភ្នំពេញ)៖ លោក ប្លង់ សុផល អ្នកនាំពាក្យស្ថាប័ន អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ប្រាប់អ្នករាយការណ៍ព័ត៌មានអង្គភាព Fresh News ប្រចាំតុលាការ លោក ជួន សុជាតិ នៅព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ ថា សំណុំរឿងខាងលេីតំណាងអយ្យការសម្រេចបើកការស៊ើបសួរ ពីបទ ការប្រមូលចំណូលសារពើពន្ធដោយគ្មានសិទ្ធិ និងអំពើសមគំនិតក្នុងការប្រមូលចំណូលសារពើពន្ធដោយគ្មានសិទ្ធិ​ បទល្មើសមានចែង​ និងផ្តន្ទាទោសមាត្រា ៨៩ នៃច្បាប់ស្តីពីការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ និងមាត្រា ២៩ នៃក្រមព្រហ្មទណ្ឌ។

ការសម្រេចចោទប្រកាន់របស់តំណាងអយ្យការបានធ្វើឡើងបន្ទាប់ពីអង្គភាពប្រឆាំងអំពើពុករលួយ (ACU) កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ បានបញ្ជូនស្រ្តីប្រធានផ្សារទួលពង្រ និងមនុស្ស៣នាក់ទៀត ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ក្រោយឃាត់ខ្លូនពាក់ព័ន្ធការដើរប្រមូលលុយពីក្រុមអាជីវករលក់ដូរ តាមដងផ្លូវ ដែលជាការដើរប្រមូលចំណូលមិនមែនសារពើពន្ធដោយមិនទទួលបានសិទ្ធិពីរដ្ឋ។

លោក សយ ច័ន្ទវិចិត្រ អ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយបានប្រាប់បណ្តាញព័ត៌មាន Fresh News នៅយប់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥នេះថា ករណីសន្តិសុខផ្សារទួលពង្រ ដើមប្រមូលលុយពីក្រុមអាជីវករលក់ដូរតាមដងផ្លូវ ត្រូវបានគេចុះផ្សាយ ដ៏ច្រើនសន្ធឹកសន្ធាប់តាមបណ្ដាញសង្គម ដែលសកម្មភាពរបស់ក្រុមសន្តិសុខនេះ ធ្វើឡើងតាមបញ្ជារបស់ប្តីប្រពន្ធប្រធានផ្សារ។

លោក សយ ច័ន្ទវិចិត្រ បានបញ្ជាក់ថា ជនសង្ស័យទាំង៤រូបរួមមាន៖

ទី១៖ ឈ្មោះ ណៃ ដាណែត ភេទស្រី អាយុ៣៩ឆ្នាំ មុខរបរ ប្រធានផ្សារទួលពង្រទី២៖ ឈ្មោះ ប៊ុន ស៊ិន ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរ ជាងថតវីដេអូទី៣៖ ឈ្មោះ ម៉ី សាផាត ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរ សន្តិសុខផ្សារទួលពង្រទី៤៖ ឈ្មោះ សាម៉ាក់ ឆាន ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរសន្តិសុខផ្សារទួលពង្រ

បើតាមអ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយ, ជនសង្ស័យទាំង៤នាក់នេះ ជាប់សង្ស័យអំពីអំពើពុករលួយក្នុងបទល្មើស <<ប្រមូលចំណូលមិនមែនសារពើពន្ធដោយមិនទទួលបានសិទ្ធិពីរដ្ឋ មាត្រា ៨៩និងមាត្រា ៩៧ នៃច្បាប់ស្តីពីការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ និងការសមគំនិត តាមមាត្រា ២៩នៃក្រមព្រហ្មទណ្ឌ>>។

ក្រោយបញ្ចប់ការសួរនាំ, មន្ត្រីនគរបាលយុត្តិធម៌ នៃអង្គភាពប្រឆាំងអំពើពុករលួយ បានសម្រេចឃាត់ខ្លួនបុគ្គលទាំង៤នេះ នៅវេលាម៉ោង ១៦៖១០នាទីនាថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៥ ហើយបានបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥នេះតែម្តង៕








News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...