មេទ័ពជើងគោកប៉ាគីស្ថាន​ ឡើងតំណែងជានាយឧត្តមសេនីយ៍ផ្កាយ៥ ក្រោយការផ្ទុះជម្លោះក្តៅគគុកជាមួយឥណ្ឌា

Posted By: RoogRog Robot | 21-May-2025 13:58:06

2025-05-21 01:56pm

(អ៉ីស្លាម៉ាបាដ)៖ ការិយាល័យនាយករដ្ឋមន្រ្តីនៃប្រទេសប៉ាគីស្ថាន បានប្រកាសឱ្យដឹងកាលពីថ្ងៃអង្គារ ទី២០ ខែឧសភា ថា ប្រមុខកងទ័ពជើងគោកប៉ាគីស្ថាន ឧត្តមសេនីយ៍ Asim Munir នឹងត្រូវដំឡើងឋានន្តរសក្តិជា នាយឧត្តមសេនីយ៍ផ្កាយ៥ផុតលេខ ដែលមិនធ្លាប់មានឡើយ ក្នុងរយៈពេលជិត៦០ឆ្នាំ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

ការដំឡើងតំណែងរបស់លោក គឺបន្ទាប់ពីប៉ាគីស្ថានក្នុងខែឧសភានេះ បានផ្ទុះជម្លោះយោធាដ៏អាក្រក់បំផុតជាមួយឥណ្ឌា គិតក្នុងរយៈពេលជិត៣ទសវត្សរ៍។ នាយករដ្ឋមន្រ្តីប៉ាគីស្ថាន លោក Shehbaz Sharif បានិយាយថា ការផ្តល់ឋានន្តរសក្តិផ្កាយ៥ ដល់លោកឧត្តមសេនីយ៍ Munir គឺជាការទទួលស្គាល់ចំពោះ ភាពឈ្លាសវៃផ្នែកយុទ្ធសាស្រ្ត និងភាពជាអ្នកដឹកនាំយ៉ាងអង់អាច ដែលបានធានានូវ​សន្តិសុខជាតិ និងយកឈ្នះលើគូសត្រូវ។ ការដំឡើងសក្តិនេះ គឺជាលើកដំបូងបំផុត គិតចាប់តាំងពីអតីតមេដឹកនាំប៉ាគីស្ថាន ឧត្តមសេនីយ៍ Ayub Khan បានតែងតាំងខ្លួនឯង ជានាយឧត្តមសេនីយ៍ផ្កាយ៥ កាលពីឆ្នាំ១៩៦៥។

គួរបញ្ជាក់ថា កឋានន្តរសក្តិផ្កាយ៥ផុតលេខខាងលើ គឺជាឋានន្តរសក្តិកិត្តិយស ដែលជាទូទៅដើម្បីបង្ហាញពីការដឹកនាំដ៏វិសេសអស្ចារ្យ ក៏ដូចជាស្នាដៃអំឡុងពេលសង្រ្គាម។ លោក Munir នឹងបន្តមានតួនាទីជា ប្រមុខកងទ័ពជើងគោកប៉ាគីស្ថានដដែល។ ទន្ទឹមគ្នានេះ គណៈរដ្ឋមន្រ្តីប៉ាគីស្ថាន ក៏បានសម្រេចពន្យាររយៈពេលកាន់តំណែងរបស់ ប្រមុខកងទ័ពអាកាស គឺឧត្តមសេនីយ៍ Zaheer Ahmed Babar Sidhu ក្រោយពេលលោកផុតអាណត្តិផងដែរ៕


News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...