(ភ្នំពេញ)៖ បណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារកសាងសមត្ថភាពរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងនាយឧត្តមសេនីយ៍ ភួង ស៊ីផាន រដ្ឋលេខាធិការក្រសួងការពារជាតិ បានយល់ឃើញស្របគ្នាដោយចាត់ទុកការលើកកម្ពស់កិច្ចសហប្រតិបត្តិការ ក្នុងការកសាងគុណវុឌ្ឍិវិជ្ជាជីវៈជំនាញដល់មន្ត្រីមានសារៈសំខាន់ចាំបាច់ ដើម្បីឆ្លើយតបទៅនឹងផែនការកំណែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាល។
ការយល់ឃើញរបស់មន្ត្រីជាន់ខ្ពស់ទាំងពីរក្រសួងធ្វើឡើងក្នុងឱកាសចូលរួមជាអធិបតីភាពពិធីចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់រវាង វិទ្យាស្ថានសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង សាកលវិទ្យាល័យការពារជាតិ នៃក្រសួងការពារជាតិ ក្នុងគោលបំណងលើកកម្ពស់កិច្ចសហប្រតិបត្តិការ ក្នុងការកសាងគុណវុឌ្ឍិវិជ្ជាជីវៈជំនាញហិរញ្ញវត្ថុសាធារណៈ ជូនមន្រ្តីអនុវត្តការងារហិរញ្ញវត្ថុ នៃអង្គភាពថវិការបស់ក្រសួងការពារជាតិ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ នារសៀលថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥។
ថ្លែងក្នុងពិធីនោះ, លោកបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប បានជម្រាបជូនអង្គពិធីថា រាជរដ្ឋាភិបាលបានចាប់ផ្ដើមអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី ១ ក្នុងឆ្នាំ ២០០៤ និង បានបន្តអនុវត្តដំណាក់កាលបន្តបន្ទាប់ យ៉ាងស្វាហាប់ ដោយទទួលបានជោគជ័យត្រចះត្រចង់ ក្នុងការកសាង <<ភាពជឿទុកចិត្តបាននៃថវិកា, គណនេយ្យភាពហិរញ្ញវត្ថុ, និង ការផ្សារភ្ជាប់ថវិកាទៅនឹងគោលនយោបាយនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច>> ព្រមទាំង បានបិទបញ្ចប់ជាស្ថាពរនូវបំណុលសាច់ប្រាក់រ៉ាំរ៉ៃ និង បង្កើតបាននូវអតិរេកសាច់ប្រាក់ ដែលជាមូលដ្ឋានក្នុងការបង្កើនវិនិយោគសាធារណៈ លើវិស័យអាទិភាពសំខាន់ៗ និង អាចបង្កើនប្រាក់បៀវត្សជូន គ្រូបង្រៀន គ្រូពេទ្យ មន្រ្តីរាជការសាធារណៈ និង កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ បានជាបន្តបន្ទាប់ ដោយបើកផ្តល់ទាន់ពេល និង មានស្ថិរភាព។
បច្ចុប្បន្ន, កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ បាន និង កំពុងស្ថិតក្នុងដំណាក់កាលទី ៤ (២០២៣-២០២៧) ជាដំណាក់កាលចុងក្រោយ និងត្រូវបានបន្តគាំទ្រយ៉ាងមុតមាំ ពីរាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយថាមពល និង គតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងគោលដៅគឺ <<គណនេយ្យភាពសមិទ្ធកម្ម>> សម្រាប់ជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និង ការលើកកម្ពស់កម្រិតជីវភាពជូនប្រជាពលរដ្ឋ។
លោកបណ្ឌិតសភាចារ្យ បានគូសរំលេចថា ផ្អែកតាមមាត្រា ១៤ នៃច្បាប់ស្ដីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈឆ្នាំ ២០២៣ បានកំណត់ថា មន្ត្រីរាជការជំនាញហិរញ្ញវត្ថុសាធារណៈ នៃក្រសួងស្ថាប័ន អង្គភាពសាធារណៈប្រហាក់ប្រហែល រដ្ឋបាលថ្នាក់ក្រោមជាតិ និង គ្រឹះស្ថានសាធារណៈរដ្ឋបាល ដែលមានភារកិច្ចអនុវត្តការងារហិរញ្ញវត្ថុ ចាំបាច់ត្រូវមានគុណវុឌ្ឍិវិជ្ជាជីវៈ តាមប្រភេទមុខតំណែងការងារនីមួយៗ។
នាយឧត្តមសេនីយ៍ ភួង ស៊ីផាន បានថ្លែងថា កងយោធពលខេមរភូមិន្ទតែងចាត់ទុកការហ្វឹកហ្វឺនបណ្តុះបណ្តាល គឺជាការងារដ៏មានសារៈសំខាន់ចាំបាច់ ដើម្បីឆ្លើយតបទៅនឹងការបន្តអនុវត្ត ផែនការកំណែទម្រង់ស៊ីជម្រៅ ។ ក្នុងន័យនេះ, ការងារហ្វឹកហ្វឺន និង បណ្តុះបណ្តាល គឺជាកិច្ចការអទិភាព ដែលត្រូវដំណើរការដូចភ្លៀងរលឹម មិនថាជាកម្លាំងដែលមានស្រាប់ និង កម្លាំងបំពេញបន្ថែមថ្មី ត្រូវទទួលបាននូវការហ្វឹកហ្វឺន និង បណ្តុះបណ្តាល ជាប់ជាប្រចាំ ដើម្បីពង្រឹងសមត្ថភាព និង ចំណេះជំនាញ ដោយផ្តោតលើគុណភាព និង ការផ្ទេរនូវបទពិសោធន៍ ។
នាយឧត្តមសេនីយ៍ បានបន្ថែមទៀតថា ការចុះអនុស្សរណៈនៃការយោគយល់នាថ្ងៃនេះ បានឆ្លើយតបចំពោះសេចក្តីត្រូវការ ក្នុងការពង្រឹងសមត្ថភាពជំនាញរបស់យោធិន ដើម្បីធានាបាននូវនិរន្តរភាពនៃសមត្ថភាពក្នុងការបំពេញភារកិច្ច ក្នុងពេលចំពោះមុខ និង នាពេលអនាគត, ហើយអនុស្សរណៈនៃការយោគយល់នេះ នឹងលើកកម្ពស់កិច្ចសហប្រតិបត្តិការ និង ការគាំទ្រគ្នាទៅវិញទៅមក ពាក់ព័ន្ធទៅនឹងការអភិវឌ្ឍសមត្ថភាព ការអប់រំ និង កិច្ចការស្រាវជ្រាវ របស់ស្ថាប័នបណ្តុះបណ្តាលទាំងពីរ ។
លោកបណ្ឌិតសភាចារ្យ បានបន្ថែមទៀតថា ផ្អែកតាមការវាយតម្លៃ និង បទពិសោធអន្តរជាតិ, ការសម្រេចជោគជ័យនៃដំណាក់កាលចុងក្រោយនេះ គឺពឹងអាស្រ័យជាចាំបាច់ ទៅនឹងសមត្ថភាពធនធានមនុស្ស និង ការចូលរួមអនុវត្ត ប្រកបដោយបុរេសកម្ម និង សកម្មក្នុងភាពជាម្ចាស់ និង ដោយឆន្ទៈមុតមាំ ពីគ្រប់ក្រសួងស្ថាប័ន ដោយហេតុថាការកែទម្រង់នេះ មានវិសាលភាពកាន់តែទូលាយ និង ស្មុគស្មាញ ហើយមានភាពប្រទាក់ក្រឡាស៊ីជម្រៅពាក់ព័ន្ធទៅនឹងកម្មវិធីកែទម្រង់គន្លឹះសំខាន់ៗ ដទៃទៀតរបស់រាជរដ្ឋាភិបាល។ ក្នុងន័យនេះ, ការកសាង និង ការអភិវឌ្ឍសមត្ថភាពធនធានមនុស្ស គឺជាការងារចាំបាច់ ដែលគ្រប់ក្រសួងស្ថាប័ន ត្រូវបន្តយកចិត្តទុកដាក់ខ្ពស់បន្ថែមទៀត។
លោកបណ្ឌិតសភាចារ្យ បានសង្កត់ធ្ងន់ថា ការចុះអនុស្សរណៈនៃការយោគយល់វវាង វិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង សាកលវិទ្យាល័យការពារជាតិ នៃក្រសួងការពារជាតិ នាពេលនេះ គឺជាកាលានុវត្ត និង ជាជំហានថ្មីមួយទៀត ដើម្បីពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការ ក្នុងការបណ្តុះបណ្តាល និងវិក្រឹតការ និង ជំរុញលើកទឹកចិត្ត ដល់ស្ថាប័នបណ្ដុះបណ្ដាលទាំងពីរ ឱ្យបន្តពង្រឹងពង្រីកកិច្ចសហការ ឱ្យកាន់តែស្អិតរមួត និង សកម្មថែមទៀត សំដៅលើកកម្ពស់ការកសាងគុណវុឌ្ឍិវិជ្ជាជីវៈ ជូនមន្ត្រីអនុវត្តហិរញ្ញវត្ថុសាធារណៈ សម្រាប់ចូលរួមគាំទ្រ និង អនុវត្តការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី ៤ ឱ្យសម្រេចបានជោគជ័យ ប្រកបដោយប្រសិទ្ធភាព និងចីរភាព ៕