(វ៉ាស៊ីនតោន)៖ លោក Donald Trump Jr. កូនប្រុសច្បងរបស់ប្រធានាធិបតី ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃពុធ ទី២១ ខែឧសភា ថា លោកអាចនឹងឈរឈ្មោះជាប្រធានាធិបតីសហរដ្ឋអាមេរិកនៅថ្ងៃណាមួយនាពេលអនាគត។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។
ថ្លែងក្នុងវេទិកាសេដ្ឋកិច្ចកាតានៅទីក្រុងដូហា លោក Trump Jr. អាយុ ៤៧ឆ្នាំ ត្រូវបានសួរថា តើលោកនឹងឈរឈ្មោះដែរឬទេ បន្ទាប់ពីឪពុករបស់លោកចាកចេញពីតំណែង។ លោកបានឆ្លើយថា លោក <<មិនដឹងទេ>> ប៉ុន្តែ <<ប្រហែលជាថ្ងៃណាមួយ>>។ លោកបានបញ្ជាក់ថា មានគេចង់ឲ្យលោកធ្វើអ៊ីចឹង ហើយលោកនឹង <<តែងតែចេញមុខគាំទ្ររឿងទាំងនេះខ្លាំងៗ>>។
គួរបញ្ជាក់ថា លោក Donald Trump Jr. បានលេចធ្លោជាកម្លាំងនយោបាយម្នាក់។ Reuters កាលពីខែវិច្ឆិកាកន្លងទៅ បានចាត់ទុកលោកថាជាសមាជិកគ្រួសារ Trump មានឥទ្ធិពលបំផុតក្នុងការរៀបចំគណៈរដ្ឋមន្ត្រីអាណត្តិទីពីររបស់ឪពុកលោក។ ប្រភពបាននិយាយថា លោកបានដើរតួនាទីក្នុងការជ្រើសរើស ឬរារាំងបេក្ខជនក្នុងគណៈរដ្ឋមន្ត្រី រួមទាំងការគាំទ្រលោក JD Vance ឲ្យធ្វើជាអនុប្រធានាធិបតី និងការរារាំងអតីតរដ្ឋមន្ត្រីការបរទេស Mike Pompeo។
ការបង្ហាញពីមហិច្ឆតានេះ អាចនឹងត្រួសត្រាយផ្លូវសម្រាប់រាជវង្សនយោបាយ Trump បន្តទៀត និងមានឥទ្ធិពលយ៉ាងខ្លាំងដល់ទិសដៅអនាគតរបស់គណបក្សសាធារណរដ្ឋ៕