(មូស្គូ)៖ វិមានក្រឹមឡាំង បានព្រមាននៅថ្ងៃពុធនេះថា គម្រោងខែលការពារមីស៊ីល Golden Dome (ដំបូលមាស) ដ៏មហិច្ឆតារបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ អាចនឹង <<ទាមទារឲ្យមានការបន្តទំនាក់ទំនងឡើងវិញ>> លើការគ្រប់គ្រងអាវុធនុយក្លេអ៊ែររវាងមហាអំណាចទាំងពីរ ដោយសារវាប៉ះពាល់ដល់ស្ថិរភាពយុទ្ធសាស្ត្រ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២១ ខែឧសភា ឆ្នាំ២០២៥។
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov ថ្វីត្បិតតែបានបញ្ជាក់ថា គម្រោងនេះជា <<បញ្ហាអធិបតេយ្យភាពរបស់អាមេរិក>> និងព័ត៌មានលម្អិតនៅមានតិចតួចក៏ដោយ ក៏លោកបានសង្កត់ធ្ងន់ថា ការវិវត្តបែបនេះ នឹងជៀសមិនផុតពីការនាំទៅរកការចរចាថ្មីៗ។ លោកបានចង្អុលបង្ហាញថា ក្របខ័ណ្ឌច្បាប់គ្រប់គ្រងអាវុធដែលមានស្រាប់ ដូចជាសន្ធិសញ្ញា ABM និង INF ត្រូវបាន <<បំផ្លាញ>> ឬផុតសុពលភាព ដែលភាគច្រើនដោយសារសកម្មភាពរបស់សហរដ្ឋអាមេរិក។
លោក Peskov បានអះអាងថា <<មូលដ្ឋានសម្រាប់ស្ថិរភាពយុទ្ធសាស្ត្រនេះ ត្រូវតែបង្កើតឡើងវិញ ដើម្បីផលប្រយោជន៍នៃប្រទេសទាំងពីរ និងផលប្រយោជន៍សន្តិសុខនៅទូទាំងភពផែនដី>>។ ការណ៍នេះ បង្ហាញពីការព្រួយបារម្ភរបស់រុស្ស៊ី ចំពោះលទ្ធភាពនៃការប្រកួតប្រជែងសព្វាវុធថ្មី។
គួរបញ្ជាក់ថា ការប្រកាសគម្រោងខែលការពារមីស៊ីល Golden Dome របស់អាមេរិក អាចនឹងបង្កឲ្យមានការប្រកួតប្រជែងផ្នែកការពារមីស៊ីល និងវាយលុកកាន់តែខ្លាំងក្លា ឬក៏អាចបង្ខំឲ្យមហាអំណាចនុយក្លេអ៊ែរទាំងពីរ ត្រឡប់មកតុចរចាជាថ្មី ដើម្បីកសាងក្របខ័ណ្ឌគ្រប់គ្រងអាវុធដែលបាត់បង់៕