(ពោធិ៍សាត់)៖ លោក ខូយ រីដា សមាជិកគណៈកម្មាធិការកណ្តាល ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្ត និងជាអភិបាលខេត្តពោធិ៍សាត់ នារសៀលថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ នៅសាលប្រជុំធំគណបក្សខេត្ត ស្ថិតក្នុងភូមិមាន់ចែ សង្កាត់ព្រៃញី ក្រុងពោធិ៍សាត់ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ និងចងក្រងវីដេអូឯកសារ ចាប់ពីឆ្នាំ១៩៧៩ ដល់បច្ចុប្បន្ន អំពីវឌ្ឍនភាព និងស្នាដៃសំខាន់ៗរបស់ខេត្តពោធិ៍សាត់ ដើម្បីដាក់បញ្ចាំង ក្នុងខួបលើកទី៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា (២៨ មិថុនា ១៩៥១ - ២៨ មិថុនា ២០២៥)។
លោក ខូយ រីដា បានលើកឡើងថា គ្រប់មន្ទីរអង្គភាព រដ្ឋបាលស្រុក ក្រុង ត្រូវចងក្រងខ្លីបដេអូ ស្នាដៃសំខាន់ៗទូទាំងខេត្តពោធិ៍សាត់ដែលសម្រេចបានចាប់តាំងពីឆ្នាំ១៩៧៩ រហូតមកដល់បច្ចុប្បន្ន ដែលក្នុងនោះរួមមានការអភិវឌ្ឍនូវហេដ្ឋារចនាសម្ព័ន្ធ គឺជាស្នាដៃដ៏លេចធ្លោរមួយ។ ក្រៅពីនោះទៀតក៏នៅមានវិស័យកសិកម្ម អប់រំ សុខាភិបាល សង្គមកិច្ច ទេសចរណ៍ រោងចក្រ សហគ្រាស សិប្បកម្ម ឧស្សាហ៍កម្ម និងវិស័យឯកជនជាដើម។
លោកបានបន្តថា ខេត្តពោធិ៍សាត់ត្រូវបានចាត់ទុកថា ជាខេត្តដែលមានសក្តានុពលខ្ពស់ ហើយត្រូវរាជរដ្ឋាភិបាលកម្ពុជា ដាក់ចេញនូវគោលនយោបាយ លើកកម្ពស់ផលិតភាពកសិកម្ម និងការធ្វើពាណិជ្ជកម្មដំណាំនិងពាណិជ្ជកម្មកសិកម្ម។ ជាការពិតណាស់ថា បើគិតចាប់តាំងពីឆ្នាំ១៩៧៩ រហូតមកដល់បច្ចុប្បន្ន ឃើញថាខេត្តពោធិ៍សាត់ មានអភិបាលខេត្ត ចំនួន៨រូបដែលដំបូងឡើង មានលោក ព្រំ គិន និងបច្ចុប្បន្ននេះរូបលោកផ្ទាល់ គឺលោក ខូយ រីដា។
លោកបានបញ្ជាក់ថា ខេត្តពោធិ៍សាត់កំពុងទទួលបាននូវសមិទ្ធិផលថ្មីៗជាបន្តទៀត ដើម្បីអភិវឌ្ឍខេត្ត ស្របពេលប្រទេសជាតិកំពុងធ្វើដំណើរ ឆ្ពោះទៅមុខក្នុងជំហានដ៏ស្វាហាប់ ក្រោមម្លប់នៃសន្តិភាព ដូច្នេះដើម្បីសម្រេចបាននូវចក្ខុវិស័យ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដែលមានសម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីនៃកម្ពុជា បានបន្តដឹកនាំប្រទេស ចាត់តាំងអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ យ៉ាងរស់រវើក ប្រកបដោយថាមពល រក្សាការពារនូវសុខសន្តិភាព ស្ថិរភាព នយោបាយយ៉ាងរឹងមាំ។
សរុបមកខេត្តពោធិ៍សាត់ បានឆ្លងកាត់ដំណាក់កាល ស្តារកសាង និងអភិវឌ្ឍលើគ្រប់វិស័យ ទោះជាជួបបញ្ហាប្រឈមជាច្រើន និងឧបស័គ្គយ៉ាងណាក៏ដោយ ក៏នៅតែបន្តកើតមាន ដូចជាអភិវឌ្ឍន៍នៅតំបន់ដាច់ស្រយាល ផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ ក៏ខេត្តនៅតែបោះជំហាន ក្នុងទិសដៅលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ កាន់តែប្រសើរឡើង។ លោកសង្ឃឹមថា ក្រោយពីបញ្ចប់នៃកិច្ចប្រជុំនេះ ក្នុងនាមប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តពោធិ៍សាត់ សូមឱ្យលោក លោកស្រី ថ្នាក់ដឹកនាំគ្រប់ស្ថាប័ន មន្ទីរ អង្គភាព រដ្ឋបាលស្រុក ក្រុង និងវិស័យនិងវិស័យឯកជន ត្រូវចូលរួមសហការ ក្នុងការចងក្រងខ្លីបវីដេអូ អំពីសមិទ្ធផលដែលកើតមាននៅក្នុងខេត្ត ឱ្យបានព្រមៗគ្នា សម្រាប់ធ្វើការផ្សព្សផ្សាយ ដល់មហាជន និងប្រជាជន បានទស្សនា និងបានមើលឃើញនូវអ្វី ដែលគណបក្សប្រជាជនកម្ពុជាសម្រេចបាន ជាង៤៥ឆ្នាំកន្លងមកនេះ ពិសេសដើម្បីដាក់បញ្ចាំង ក្នុងខួបលើកទី៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា (២៨ មិថុនា ១៩៥១ - ២៨ មិថុនា ២០២៥)៕