(បាត់ដំបង)៖ ខេត្តបាត់ដំបង បានបើកកិច្ចប្រជុំផ្សព្វផ្សាយខ្លឹមសារអនុក្រឹត្យលេខ៤៧ អនក្រ.បក ចុះថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៥ និងប្រកាសលេខ៤២២១ ប្រក របស់ក្រសួងមហាផ្ទៃចុះថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៥ ស្តីពីនីតិវិធីនៃការចុះបញ្ជីស្នាក់នៅប្រគេនព្រះសង្ឃ ក្រោមអធិបតីភាពលោក សុខ លូ អភិបាលខេត្តបាត់ដំបង ។
កិច្ចប្រជុំផ្សព្វផ្សាយនេះ ធ្វើឡើងនាថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ នៅសាលប្រជុំសាលាខេត្តបាត់ដំបង ដោយមានការនិមន្តចូលរួមពីព្រះសង្ឃ និងមានការអញ្ជើញចូលរួម ពីអភិបាលរងខេត្ត នាយករដ្ឋបាលសាលាខេត្ត ប្រធានមន្ទីរ អង្គភាព ថ្នាក់ដឹកនាំកងកម្លាំងប្រដាប់អាវុធ អភិបាលក្រុង ស្រុក អធិការក្រុង ស្រុក មន្រ្តីរាជការ មេឃុំ ចៅសង្កាត់ ស្មៀនឃុំ សង្កាត់ និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ក្នុងខេត្ត។
ជាកិច្ចចាប់ផ្ដើម មន្រ្តីនគរបាលជំនាញផ្នែកអត្តសញ្ញាណកម្មនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានធ្វើបទបង្ហាញពីខ្លឹមសារអនុក្រឹត្យ និងប្រកាសរបស់ក្រសួងមហាផ្ទៃ និងនីតិវិធីនៃការចុះបញ្ជីស្នាក់នៅប្រគេនព្រះសង្ឃ ជូនអង្គពិធីទាំងស្តាប់ បានយល់ និងត្រូវបានទៅអនុវត្តនៅតាមមូលដ្ឋានរបស់ខ្លួនវិញរៀងៗខ្លួនផងដែរ។
ក្នុងឱកាសនោះ លោក សុខ លូ បានបញ្ជាក់ថា អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ត្រូវផ្តល់ជូនបុគ្គលដែលមានសញ្ញាតិខ្មែរគ្រប់រូបចាប់ពីអាយុ ១៥ឆ្នាំឡើងទៅ រួមមានព្រះសង្ឃ ជនវិបល្លាសស្មារតី ទណ្ឌិតដែលពីមុនមិនអនុញ្ញាត ហើយទៅថ្ងៃអនាគតនឹងផ្តល់ឱ្យកុមារចាប់ពីអាយុ៥ឆ្នាំឡើងទៅ។ ផ្តល់សុពលភាពអចិន្ត្រៃយ៍ ចំពោះបុគ្គលដែលមានអាយុ ចាប់ពី៦០ឆ្នាំឡើង,ផ្តល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរជាទម្រង់សន្លឹកប្លាស្ទិកដែលយើងធ្លាប់ប្រើ និងទម្រង់អេឡិចត្រូនិកដែលអាចបង្ហាញតាមស្មាតហ្វូនដោយមិនបាច់កាន់សន្លឹកប្លាស្ទិក។
លោក សុខ លូ បានណែនាំដល់ក្រុមការងារធ្វើអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ប្រគេនព្រះសង្ឃត្រូវចុះផ្តល់នៅតាមសាលាគណ សាលាអនុគណ ឬដល់ទីវត្តអារាម ដែលមានព្រះសង្ឃគង់នៅច្រើន ជាពិសេសតាម ពុទ្ធិកសិក្សាគ្រប់កម្រិត ហើយដោះស្រាយនូវរាល់បញ្ហាប្រឈមដូចជាករណីគ្មានសំបុត្រកំណើត ឬសំបុត្របញ្ជាក់កំណើត ចេញឯកសារសម្គាល់ការស្នាក់នៅ។ ក្រុមការងារត្រូវចុះធ្វើអត្តសញ្ញាណបណ្ណសញ្ញាតិខ្មែរប្រគេនព្រះសង្ឃ ជាការបើកយុទ្ធនាការដំបូងនៅវត្តពោធិ៍វាល ដែលមានព្រះសង្ឃច្រើនព្រោះមាននៅសាលាពុទ្ធិកវិទ្យាល័យអ៊ឹង ធួង។
លោក សុខ លូ បានណែនាំបន្ថែមថា ចំពោះជនវិបល្លាសស្មារតីដែលមានគ្រួសារស្នើយកទិន្នន័យ និងអាស័យដ្ឋានតាមគ្រួសារហើយចំពោះជនវិបល្លាស នៅក្នុងមណ្ឌលត្រូវយកទិន្នន័យតាមប្រធានមណ្ឌល និងអាស័យដ្ឋានមណ្ឌលចំណែកចំពោះទណ្ឌិតត្រូវសហការជាមួយប្រធានពន្ធនាគារដើម្បីផ្តល់តាមនីតិវិធីជាធរមាន។
លោកអភិបាលខេត្ត បានណែនាំដល់ក្រុមការងារ ត្រូវជំរុញការផ្សព្វផ្សាយ និងបង្កើនការយកចិត្តទុកដាក់ព្រមទាំងខិតខំសម្របសម្រួល ធ្វើអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ជូនប្រជាពលរដ្ឋ និងប្រគេនព្រះសង្ឃនៅទូទាំងខេត្តបាត់ដំបង៕