(តៃប៉ិ)៖ ជាសកម្មភាពដ៏កម្រនៅក្នុងសុន្ទករថាដ៏សំខាន់មួយ មេដឹកនាំតៃវ៉ាន់ លោក Lai Ching-te មិនបានលើកឡើងពីចិន ឬក៏ទំនាក់ទំនងជ្រោយទាំងសងខាងនៃច្រកសមុទ្រតៃវ៉ាន់ នោះទេ អំឡុងថ្លែងសុន្ទរកថាទៅកាន់ប្រជាជនតៃវ៉ាន់ នាឱកាសខួប១ឆ្នាំនៃការចូលកាន់តំណែងរបស់លោក។ សកម្មភាពនេះគឺផ្ទុយពីសុន្ទរកថាស្បថចូលកាន់តំណែងរបស់លោក កាលពីខែមីនា ឆ្នាំ២០២៤ ជាពេលដែលលោកបានលើកឡើងពីចិនមិនមែនតែមួយដងទេ ប៉ុន្តែដល់ទៅ៧ដង។ សុន្ទរកថានៅពេលនោះដែរបានបង្កឱ្យមានការសង្ស័យជាច្រើន ខណៈមានការបកស្រាយមួយចំនួនថាវាជាជំហរគាំទ្រឯករាជ្យរបស់តៃវ៉ាន់ដែលហាក់ចង់ប្រាប់ពិភពលោកថាចិន និងតៃវ៉ាន់ជាប្រទេស២ផ្សេងគ្នា។
អតីតមេដឹកនាំតៃវ៉ាន់ លោកស្រី Tsai Ing-wen ជាធម្មតាតែងតែលើកឡើងពីចិននៅក្នុងសុន្ទរកថារបស់លោកស្រី ដោយហៅ <<ចិនថាភាគីម្ខាងទៀតនៃជ្រោយច្រកសមុទ្រតៃវ៉ាន់ ឬក៏ អាជ្ញាធរប៉េកាំង>>។ <<វិធីសាស្ត្រដែលមេដឹកនាំតៃវ៉ាន់លើកឡើងពីចិនដោយប្រើប្រាស់ពាក្យពេចន៍ជាក់លាក់ និងចំនួនដងនៃការលើកឡើងពីចិន គឺតែងតែត្រូវបានតាមដានយ៉ាង យកចិត្តទុកដាក់នៅក្នុងសុន្ទរកថាបែបនេះ។ ដូច្នេះការណ៍ដែលលោក Lai មិនបានលើកឡើងពីចិនសោះគឺជារឿងដ៏ចម្លែកមួយ>>។ នេះជាការលើកឡើងរបស់លោក Chen Shih-min ជាអ្នកវិភាគវិទ្យាសាស្ត្រនយោបាយម្នាក់មកពីសាកលវិទ្យាល័យ National Taiwan University។
តាមក្រុមអ្នកវិភាគ ដោយមិនលើកឡើងពីចិន លោក Lai ទំនងជាមានចេតនាចង់បញ្ចៀសកុំឱ្យចិនមានហេតុផល ដើម្បីប្រកាសប្រាប់គេឯងថារូបលោកគឺជាអ្នកទទួលខុសត្រូវចំពោះ ការកើនឡើងភាពតានតឹងនៅក្នុងតំបន់ច្រកសមុទ្រតៃវ៉ាន់។ ចិនដែលចាត់ទុកតៃវ៉ាន់ត្រឹមតែជាខេត្តមួយរបស់ខ្លួន បានហៅលោក Lai ថាជាជនឧទ្ទាមផ្ដាច់ទឹកដីដ៏គ្រោះថ្នាក់ និងជាអ្នកអុជអាលចង់ឱ្យសង្រ្គាមផ្ទុះឡើង។ លោក Ma Chun-wei ជាអ្នកវិភាគវិទ្យាសាស្ត្រនយោបាយមួយរូបទៀតមកពីសាកលវិទ្យាល័យ Tamkang University ក្នុងទីក្រុងតៃប៉ិ បាននិយាយថាលោក Lai ប្រហែលជាបានដឹងយ៉ាងច្បាស់ថាចិននឹងមិនសប្បាយឡើយ ទោះជាលោកនិយាយអ្វីក៏ដោយ។ <<ដូច្នេះលោកប្រហែលជាមិនលើកឡើងពីចិន នៅក្នុងសុន្ទរកថាមួយដែលទីក្រុងប៉េកាំងប្រាកដជានឹងតាមដាន គឺដើម្បីកុំឱ្យប៉េកាំងមានហេតុផលនិយាយថាលោកកំពុងបង្កហេតុនៅក្នុងសុន្ទរកថា>>។ នេះជាការបន្ថែមរបស់លោក Ma Chun-wei។
សុន្ទរកថារបស់លោក Lai កាលពីថ្ងៃទី២០ ខែឧសភា ធ្វើឡើងចំពេលក្រុមមន្ត្រីតៃវ៉ាន់បានព្រមានថាតៃវ៉ាន់មិនអាចច្រានចោលបានឡើយចំពោះលទ្ធភាពដែលចិនអាចនឹងធ្វើសមយុទ្ធ អំឡុងការប្រារព្ធខួប១ឆ្នាំនៃការចូលកាន់តំណែងរបស់លោក Lai។ ចិននារយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះបានធ្វើសមយុទ្ធយោធាធំៗជាបន្តបន្ទាប់នៅជុំវិញកោះតៃវ៉ាន់ជាការឆ្លើយតបទៅនឹង ព្រឹត្តិការណ៍សំខាន់ៗ ឬសុន្ទរកថាណាមួយរបស់មេដឹកនាំតៃវ៉ាន់ ក្នុងគោលបំណងបញ្ជូនសារនយោបាយប្រឆាំងនឹងអ្នកដែលប៉េកាំងចាត់ទុកថាកំពុងព្យាយាមស្វែងរកឯករាជ្យភាពឱ្យតៃវ៉ាន់។
ជាក់ស្ដែងនៅក្រោយលោក Lai ស្បថចូលកាន់តំណែងជាមេដឹកនាំតៃវ៉ាន់បាន ៣ថ្ងៃ កាលពីខែ២០ ខែឧសភា ឆ្នាំ២០២៤ ចិនបានធ្វើសមយុទ្ធយោធារយៈពេល ២ថ្ងៃដែលក្រុមមន្ត្រីចិន ថាជាការដាក់ពិន័យយ៉ាងធ្ងន់ធ្ងរចំពោះសកម្មភាពឧទ្ទាមចង់ផ្ដាច់ទឹកដីរបស់កងកម្លាំងចង់បានឯករាជ្យ ឱ្យតៃវ៉ាន់។ តាមលោក Ma Chun-wei ប្រសិនបើចិនធ្វើសមយុទ្ធយោធា ក្នុងពេលនេះ នោះវាមើលទៅចិនខ្លួនឯងទៅវិញទេដែលជាអ្នកកំពុងធ្វើឱ្យភាពតានតឹងកើនឡើង មិនមែនជាលោក Lai ឡើយ។ អ្នកវិភាគរូបនេះបន្តទៀតថាសព្វថ្ងៃលោក Lai ក៏មិនចាំបាច់គូសបញ្ជាក់ឡើងវិញពី គោលនយោបាយរបស់លោកចំពោះទំនាក់ទំនងជ្រោយទាំងសងខាងនៃច្រកសមុទ្រតៃវ៉ាន់នោះដែរ ក៏ព្រោះតែលោកបានបញ្ជាក់វាច្បាស់ៗរួចហើយ ក្នុងពេលប៉ុន្មានខែមកនេះ។ ក្នុងនោះកាលពីខែមីនាកន្លងទៅ មេដឹកនាំតៃវ៉ាន់រូបនេះបានហៅចិនថា <<កម្លាំងសត្រូវពីខាងក្រៅ>> ជាលើកដំបូង ជាមួយការដាក់ចេញវិធានការជាច្រើន ដើម្បីទប់ស្កាត់ការជ្រៀតជ្រែករបស់ចិន។
គួរបញ្ជាក់ថា លោក Lai Ching-te កាលពីថ្ងៃអង្គារ ទី២០ ខែឧសភា បានលើកឡើងពីចិន ១៤នាទីក្រោយបញ្ចប់សុន្ទរកថាជាការឆ្លើយតបទៅនឹងសំណួររបស់អ្នកសារព័ត៌មាន តែប៉ុណ្ណោះ។ <<តៃវ៉ាន់ចង់បានសន្តិភាព និងកិច្ចសន្ទនាជាមួយចិន ហើយគ្មាននរណាម្នាក់នឹងឈ្នះក្នុងសង្រ្គាមទេ>>។ នេះជាការលើកឡើងរបស់លោក Lai នៅពេលត្រូវបានសាកសួរពី ជំហររបស់លោកចំពោះទំនាក់ទំនងជ្រោយទាំងសងខាងនៃច្រកសមុទ្រតៃវ៉ាន់។
សុន្ទរកថារបស់លោក Lai ធ្វើឡើងក្នុងពេលដែលតៃវ៉ាន់កំពុងចរចាពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក រីឯសហរដ្ឋអាមេរិកក៏កំពុងចរចាពាណិជ្ជកម្មជាមួយចិនដែរ។ ដូច្នេះលោក Lai ប្រហែលជាមិនចង់ធ្វើឱ្យភាពតានតឹងជាមួយចិនកើនឡើង ក្នុងពេលនេះទេ ព្រោះថាវាអាចធ្វើឱ្យលោក ត្រាំ ដែលកំពុងព្យាយាមបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន និងនៅមជ្ឈិមបូព៌ា មិនសប្បាយចិត្តដែលត្រូវមកខ្វល់នឹងរឿងតៃវ៉ាន់ទៀត។ តាមលោក Qi Dongtao ជាអ្នកសា្រវជា្រវជាន់ខ្ពស់ម្នាក់មកពីវិទ្យាស្ថានអាស៊ីបូព៌ា នៃសាកលវិទ្យាល័យ National University of Singapore ថាតើតៃវ៉ាន់អាចចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មមួយជាមួយសហរដ្ឋអាមេរិកបាន ឬក៏អត់ គឺនឹងកំណត់ថាតើប្រជាប្រិយភាព ឬអត្រាគាំទ្ររបស់លោក Lai នឹងកើនឡើង ឬធ្លាក់ចុះ។
ការស្ទង់មតិចុងក្រោយបំផុតធ្វើឡើងដោយស្ថាប័ន Formosa ចេញផ្សាយកាលពីថ្ងៃទី២៩ ខែមេសា បានបង្ហាញថាអត្រាមិនគាំទ្រចំពោះការដឹកនាំរបស់លោក Lai ស្ថិតក្នុងកម្រិត ៤៧.៣ភាគរយ ដែលហក់ឡើងខ្ពស់ជាងអត្រាគាំទ្ររបស់លោកដែលមានកម្រិត ៤៧.១ភាគរយ។ នេះជាលើកដំបូងដែលអត្រាមិនគាំទ្រខ្ពស់ជាងអត្រាគាំទ្រ ចាប់តាំងពីលោក Lai ស្បថចូលកាន់តំណែងមក ហើយបញ្ហាសេដ្ឋកិច្ចជាហេតុផលមួយធ្វើឱ្យប្រជាប្រិយភាពរបស់លោកធ្លាក់ចុះ៕