ខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង សហការជាមួយអាជ្ញាធរស្រុកជលគីរី និងកងពលតូចអន្តរាគមន៍លេខ១ ចលនាឱ្យប្រជាពលរដ្ឋយកឧបករណ៍ឆក់ត្រីមកប្រគល់ជូនសមត្ថកិច្ចបាន៣៩គ្រឿង

Posted By: RoogRog Robot | 21-May-2025 13:52:52

2025-05-21 01:47pm

(កំពង់ឆ្នាំង)៖ មន្ត្រីខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង សហការជាមួយអាជ្ញាធរស្រុកជលគីរី អាជ្ញាធរឃុំពាមឆ្កោក និងកងពលតូចអន្តរាគមន៍លេខ១ កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ បានបើកកិច្ចប្រជុំផ្សព្វផ្សាយច្បាប់ស្តីជលផល និងចលនាប្រមូលឧបករណ័ឆក់ត្រីពីប្រជានេសាទនៅតាមមូលដ្ឋានក្នុងសហគមន៍នេសាទបានជាច្រើនគ្រឿងផងដែរ។

លោក លី ឡា នាយខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង បានបញ្ជាក់ថា ដោយមើលឃើញថាការប្រើប្រាស់ឧបករណ៍ឆក់ត្រីនៅតាមបណ្តាសហគមន៍នេសាទនៅមានសេសសល់ច្រើន ដែលពួកគាត់បានរក្សាទុក ទើបខ័ណ្ឌរដ្ឋបាល ជលផល សហការជាមួយអាជ្ញាធរមូលដ្ឋាន និងកងពលតូចអន្តរាគមន៍លេខ១ ឈរជើងនៅស្រុកជលគីរី អញ្ជើញប្រជាពលរដ្ឋមកចូលរួមប្រជុំផ្សព្វផ្សាយស្ដីពីច្បាប់ជលផល ដែលកិច្ចប្រជុំនេះដោយមានការអញ្ជើញចូលរួម ពីអាជ្ញាធរមូលដ្ឋាន សមត្ថកិច្ច និងប្រជាពលរដ្ឋក្នុងសហគមន៍សរុបចំនួនជាង៥០នាក់។

ក្នុងកិច្ចប្រជុំខាងលើនេះ ក្រុមការងារក៏បានចលនាដល់ប្រជានេសាទ ដែលបានរក្សាទុកនូវឧបករណ៍ឆក់ត្រី ស្នើសុំឱ្យពួកគាត់ភ្ញាក់រលឹក និងស្ម័គ្រចិត្តយកមកប្រគល់ជូនមកក្រុមការងារ ហើយបានណែនាំឲ្យពួកគាត់ត្រូវបញ្ឈប់នូវរា ល់សកម្មភាពការប្រើប្រាស់នូវឧបករណ៍ឆក់ត្រីខុសច្បាប់នេះជាបន្តទៀត។ បន្ទាប់ពីធ្វើការផ្សព្វផ្សាយដល់បងប្អូនប្រជានេសាទរួចមកក្នុងនោះប្រជានេសាទដែលបានរក្សាទុកនូវឧបករណ៍ (អាំងវ៉េតទ័រ) ឆក់ត្រីក៏បានស្ម័គ្រចិត្តយកមកប្រគល់ជូនក្រុមការងារបានចំនួន៣៩គ្រឿងផងដែរ។

នាយខណ្ឌរដ្ឋបាលជលផលសង្ឃឹម និងជឿជាក់ថា ឧបករណ៍ឆក់ត្រី ដែលនៅសេសសល់តាមបណ្ដាមូលដ្ឋានមួយចំនួនទៀត បន្ទាប់ពីក្រុមការងារបានធ្វើការផ្សព្វផ្សាយ និងចលនាឱ្យពួកគាត់ស្ម័គ្រចិត្តយកមកប្រគល់ជូនអាជ្ញា ធរ និងសមត្ថកិច្ចនាឱកាសនេះ ពួកគាត់នឹងបានយល់ដឹងហើយយកឧបករណ៍ទាំងនោះមកប្រគល់ជូនអាជ្ញាធរមាន សមត្ថកិច្ចជាបន្តបន្ទាប់ទៀតជាក់ជាមិនខានឡើយ៕











News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...