ការ​វាយ​ប្រហារ​អត្តឃាត​លើ​រថយន្ត​សាលាមួយ​​នៅ​​ប៉ាគីស្ថាន សម្លាប់​មនុស្ស​៥​នាក់​, ចោទថាឥណ្ឌានៅពីក្រោយ

Posted By: RoogRog Robot | 21-May-2025 19:18:15

2025-05-21 07:14pm

(អ៊ីស្លាម៉ាបាដ)៖ យ៉ាងហោចណាស់កុមារបីនាក់ស្ថិតក្នុងចំណោមមនុស្សប្រាំនាក់ដែលត្រូវបានសម្លាប់ នៅថ្ងៃពុធ ទី២១ ខែឧសភា នៅពេលដែលអ្នកបំផ្ទុះគ្រាប់បែកអត្តឃាតម្នាក់ បានវាយប្រហាររថយន្តក្រុងរបស់សាលា ដែលគ្រប់គ្រងដោយកងទ័ពមួយនៅក្នុងខេត្ត Balochistan របស់ប្រទេសប៉ាគីស្ថាន។ នេះគឺជាការវាយប្រហារមួយដែលអាជ្ញាធរប៉ាគីស្ថានបានចោទប្រកាន់ភ្លាមៗ ទៅលើ <<ភ្នាក់ងារឥណ្ឌា>>។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។

លោក Yasir Iqbal អ្នកគ្រប់គ្រងស្រុក Khuzdar ជាកន្លែងកើតហេតុ បាននិយាយថា មានសិស្សប្រហែល ៤០នាក់នៅលើរថយន្តក្រុង ហើយជាច្រើននាក់បានរងរបួស។ យោធាប៉ាគីស្ថាន និងនាយករដ្ឋមន្ត្រី លោក Shehbaz Sharif បានចេញសេចក្តីថ្លែងការណ៍ថ្កោលទោស និងចោទប្រកាន់ <<ភេរវករដែលគាំទ្រដោយឥណ្ឌា>>​ ថាជាអ្នកនៅពីក្រោយ ដោយសន្យាថានឹងតាមចាប់អ្នករៀបចំផែនការ និងអ្នកប្រតិបត្តិឲ្យខាងតែបាន ទោះបីមិនបានបង្ហាញភស្តុតាងភ្ជាប់ទៅទីក្រុងញូវដេលីក៏ដោយ។

ជាការឆ្លើយតប អ្នកនាំពាក្យក្រសួងការបរទេសឥណ្ឌា លោក Randhir Jaiswal បានច្រានចោលការចោទប្រកាន់នេះ។ លោកបានថ្លែងថា <<ដើម្បីបង្វែរការយកចិត្តទុកដាក់ពីកេរ្តិ៍ឈ្មោះរបស់ខ្លួនថា ជាចំណុចកណ្តាលនៃអំពើភេរវកម្ម... វាបានក្លាយជាទម្លាប់សម្រាប់ប៉ាគីស្ថាន ក្នុងការស្តីបន្ទោសឥណ្ឌាចំពោះបញ្ហាផ្ទៃក្នុងទាំងអស់>>។

គួរបញ្ជាក់ថា ទំនាក់ទំនងរវាងប្រទេសជិតខាងទាំងពីរដែលមានអាវុធនុយក្លេអ៊ែរ បានតានតឹងជាច្រើនទសវត្សរ៍មកហើយ ដោយមានការចោទប្រកាន់គ្នាទៅវិញទៅមកពីការគាំទ្រចលនាសកម្មប្រយុទ្ធ ដែលភាគីទាំងពីរបានបដិសេធ។ ការ​កើនឡើង​ភាព​តានតឹង​ផ្នែក​យោធា​ចុងក្រោយ​នេះ កើតឡើង​បន្ទាប់ពី​ឥណ្ឌា​បាន​ចោទ​ប៉ាគីស្ថាន​ថា​បាន​គាំទ្រ​ការ​វាយប្រហារ​លើ​ភ្ញៀវទេសចរ​នៅ​តំបន់​កាស្មៀរ ដែល​ជា​ការ​ចោទប្រកាន់​ប៉ាគីស្ថាន​បាន​ច្រានចោល៕



News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...