(ភ្នំពេញ)៖ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិត ម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំជំនួបពិភាក្សាដាច់ដោយឡែកមួយ ជាមួយនឹងសមាជិកសកម្មរបស់សមាគមសិល្បករខ្មែរ ជុំវិញដំណើរវិវត្តន៍ការងាររយៈពេល១ឆ្នាំមកនេះ ដែលពួកគេបានចូលរួមយ៉ាងសកម្មគ្រប់សកម្មភាពដោយស្ម័គ្រចិត្ត ដើម្បីប្រយោជន៍រួមក្នុងវិស័យសិល្បៈវប្បធម៌។
ក្នុងជំនួបនោះ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិត ម៉េង បានមានប្រសាសន៍ថា <<រយៈពេលមួយឆ្នាំហើយ ដែលបងប្អូនសមាជិកសកម្មភាគច្រើន បានចូលរួមយ៉ាងសកម្មភាពជាមួយនឹងសមាគមសិល្បករខ្មែរ នៅក្នុងអាណត្តិទី៦ ដែលដឹកនាំដោយនាងខ្ញុំផ្ទាល់។ ថ្វីដ្បិតថា យើងមានសកម្មភាពច្រើន និងបានជួបគ្នាច្រើន ប៉ុន្តែខ្ញុំដឹងយ៉ាងច្បាស់ថា យើងមិនមានពេលបានជជែកគ្នា និងស្វែងយល់ពីគ្នាច្រើននោះទេ។ ដូច្នេះការជួបគ្នានៅថ្ងៃនេះអាចនិយាយបានថា ជាពេលវេលាដ៏ពិសេសមួយ ដែលយើងអាចមានពេលជជែកគ្នា ផ្តល់យោបល់កែតម្រូវគ្នាដោយផ្ទាល់ ឬក៏មានរឿងក្នុងចិត្តអ្វីចង់និយាយ អាចនិយាយដោយបើកចំហ>>។
ជាលទ្ធផលនៅក្នុងកិច្ចប្រជុំនេះ សមាជិកសកម្មភាពភាគច្រើនចូលរួមផ្តល់មតិយោបល់ គំនិតកែលម្អ និងលើកឡើងពីទិសដៅដែលត្រូវធ្វើឱ្យចំគោលដៅនាពេលបច្ចុប្បន្ន និងពេលខាងមុខ។
ក្នុងនាមប្រធានសមាគមសិល្បករខ្មែរ អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង បានបញ្ជាក់ថា លោកជំទាវនឹងខិតខំឱ្យខ្លាំងបន្ថែមលើគ្រឹះការងារ ដែលបានខិតខំកសាងមួយឆ្នាំមកនេះ ហើយព្យាយាមជំរុញសកម្មភាពសិល្បៈ ឱ្យកាន់តែច្រើនលើគ្រប់វិស័យ ទាំងវិស័យចម្រៀង, ភាពយន្ត, សម្តែង, ដើរម៉ូដ និងពិសេសសិល្បៈបុរាណ។
ក្នុងនោះក៏ព្យាយាមស្វែងរកនូវអ្វី ដែលជាផលប្រយោជន៍ឱ្យកាន់តែច្រើនបន្ថែមទៀតជូនដល់សិល្បករ-សិល្បការិនី ពិសេសរៀមច្បងដែលមានអាយុកាន់តែច្រើន។ ដោយឡែកបងប្អូនសិល្បករ-សិល្បការិនីជាសមាជិកសកម្មក៏បានសម្តែងការសប្បាយចិត្ត និងប្តេជ្ញាចូលរួមគ្រប់សកម្មភាពរបស់សមាគមសិល្បករខ្មែរ ដោយពួកគេគិតថា ការជួយសមាគមសិល្បករខ្មែរ គឺជាការជួយលើកតម្កើងសិល្បៈវប្បធម៌ទាំងមូល និងជាការជួយដល់អាជីពសិល្បៈពួកគេផ្ទាល់ផងដែរ៕