(ភ្នំពេញ)៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា បានថ្លែងថា កម្ពុជានៅតែមានជំហររឹងប៉ឹងក្នុងការប្តេជ្ញាចិត្ត ដោយប្រកាន់ខ្ជាប់នូវគោលនយោបាយការបរទេសឯករាជ្យ អព្យាក្រឹតជាអចិន្ត្រៃយ៍ និងមិនចូលបក្សសម្ព័ន្ធ ហើយបន្តរួមចំណែកយ៉ាងសកម្មក្នុងការថែរក្សា សន្តិភាព និងបង្កើនភាពជាដៃគូរជាមួយប្រទេសនានា ដោយផ្អែកលើច្បាប់ អន្តរជាតិ និងផលប្រយោជន៍ស្នូលរបស់ជាតិ។
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី បានថ្លែងបែបនេះ ក្នុងឱកាសគណ:កម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន (គណៈកម្មការទី៥) នៃរដ្ឋសភា សហការជាមួយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ រៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី <<លទ្ធផលនៃការងារការបរទេសរបស់កម្ពុជា និងសភាពការណ៍អន្តរជាតិ>> នៅវិមានរដ្ឋសភា នៅព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥នេះ។
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី បានថ្លែងថា សភាពការណ៍អន្តរជាតិនៅក្នុងទសវត្សចុងក្រោយនេះ មានភាពតានតឹង ស្រពិចស្រពិល រួមរឹតដោយវិបត្តិសេដ្ឋកិច្ច សន្តិសុខ និងថ្មីៗនេះសង្គ្រាម ពាណិជ្ជកម្មដែលកំពុងអង្រួនពិភពលោក។ ពិភពលោកកំពុងជួបប្រទះនឹងការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ច និងវិស័យបច្ចេកវិទ្យា ដែលជះឥទ្ធិពលដល់ស្ថិរភាពរបស់តំបន់នានា។
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី បានថ្លែងបញ្ជាក់ថា <<ក្នុងបរិបទនេះ កម្ពុជានៅតែមានជំហររឹងប៉ឹងក្នុងការប្តេជ្ញាចិត្ត ដោយប្រកាន់ខ្ជាប់នូវគោលនយោបាយការបរទេសឯករាជ្យ អព្យាក្រឹតជាអចិន្ត្រៃយ៍ និងមិនចូលបក្សសម្ព័ន្ធ ហើយបន្តរួមចំណែកយ៉ាងសកម្មក្នុងការថែរក្សា សន្តិភាព និងបង្កើនភាពជាដៃគូរជាមួយប្រទេសនានា ដោយផ្អែកលើច្បាប់ អន្តរជាតិ និងផលប្រយោជន៍ស្នូលរបស់ជាតិ។ ទន្ទឹមនឹងនេះ ការទូតរបស់យើង ក៏មានលក្ខណៈបុរេសកម្មផងដែរ>>។
បើតាមការថ្លែងរបស់សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី តម្រូវការបន្ទាន់សម្រាប់កិច្ចសហប្រតិបត្តិការ និងភាពជាអ្នកដឹកនាំសកល ដើម្បីឆ្លើយតបទៅនឹងពិភពលោកដែលបែកបាក់កាន់តែខ្លាំងឡើង ដោយសារការកើនឡើងនូវភាពតានតឹង ការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ និងការបែងចែកមនោគមវិជ្ជា គឺទាមទារចាំបាច់ឱ្យមានការចូលរួមនិងការបំពេញគ្នាទៅវិញទៅមករវាងការទូតរាជរដ្ឋាភិបាល ការទូតសភា ការទូត គណបក្សនយោបាយ និងការទូតប្រជាជន ដើម្បីជំរុញកិច្ចសន្ទនា ជំនឿ ទុកចិត្ត និងសន្តិភាព។ ជាមួយគ្នានេះ ការប្រកាន់យកវិធីសាស្ត្រនិយមកណ្តាល ទាំងថ្នាក់ជាតិ និងអន្តរជាតិ គឺមានសារៈសំខាន់ក្នុងការស្តារនូវ ទំនុកចិត្ត និងបង្កើនកិច្ចសហប្រតិបត្តិការ និងមិត្តភាពស្មោះត្រង់។
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី បានបន្ថែមថា បច្ចុប្បន្ន កម្ពុជាបានបន្តចូលរួមយ៉ាងសកម្មក្នុងកិច្ចសហប្រតិបត្តិការទាំង ទ្វេភាគី និងពហុភាគី ទាំងក្នុងផ្នែកនីតិប្រតិបត្តិ និងនីតិប្បញ្ញត្តិ។ តាមរយៈ ទំនាក់ទំនងទ្វេភាគី កម្ពុជាបានពង្រឹងទំនាក់ទំនងយុទ្ធសាស្ត្រជាមួយបណ្តាប្រទេសដៃគូសំខាន់ៗ ដើម្បីជំរុញកិច្ចពាណិជ្ជកម្ម វិនិយោគ និងកិច្ចសហការ ផ្នែកវប្បធម៌ បច្ចេកវិទ្យា និងសន្តិសុខ។ ជាមួយគ្នានេះ ការចូលរួមយ៉ាងសកម្មក្នុងកិច្ចសហប្រតិបត្តិការពហុភាគី ដូចជាថ្នាក់តំបន់ និងក្របខ័ណ្ឌ អង្គការសហប្រជាជាតិ បានជួយកម្ពុជាឱ្យមានសំឡេង និងឥទ្ធិពលលើ ឆាកអន្តរជាតិ។
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី បានលើកឡើងទៀតថា ក្នុងនាមជាសមាជិកពេញសិទ្ធិរបស់អង្គការសហប្រជាជាតិ (UN) ចាប់តាំងពីឆ្នាំ ១៩៥៥ ប្រទេសកម្ពុជាបានដើរតួនាទីយ៉ាងសកម្មកាន់តែខ្លាំងឡើង នៅក្នុងកិច្ចការពិភពលោក រួមទាំងកិច្ចខិតខំប្រឹងប្រែងក្នុងវិស័យសិទ្ធិមនុស្ស ការអប់រំ សុខភាព ការការពារបរិស្ថាន និងការអភិវឌ្ឍប្រកបដោយចីរភាព។ ការចូលរួមនេះ បញ្ជាក់ពីការប្តេជ្ញាចិត្តរបស់យើងក្នុងការក្លាយជាដៃគូដែល មានទំនួលខុសត្រូវ និងស្មើភាពក្នុងសហគមន៍អន្តរជាតិ ដោយឈរ គោលការណ៍សន្តិភាព កិច្ចសហប្រតិបត្តិការ និងការប្រកាន់ខ្ជាប់នូវច្បាប់ អន្តរជាតិ។ លើសពីនេះ កម្ពុជា មានតួនាទីសំខាន់ក្នុងការកសាងសហគមន៍ អាស៊ាន និងជំរុញសមាហរណកម្មតំបន់ និងអនុតំបន់៕