(កំពង់ស្ពឺ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងអំពាវនាវដល់វិនិយោគិនទាំងអស់ជ្រើសរើសយកកម្ពុជាជាគោលដៅសម្រាប់ការវិនិយោគ ដោយកម្ពុជារក្សាបាននូវភាគលាភនៃសុខសន្តិភាព ស្ថិរភាពនយោបាយ និងម៉ាក្រូសេដ្ឋកិច្ច ហើយរាជរដ្ឋាភិបាលនឹងបន្តទទួលស្វាគមន៍ និងផ្តល់កិច្ចសហប្រតិបត្តិការជានិច្ចចំពោះគម្រោងវិនិយោគដែលនឹងជួយជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥នេះ នាឱកាសដែលសម្តេចអញ្ជើញសម្ពោធដាក់ឱ្យដំណើរការរោងចក្រផលិតស៊ីម៉ងត៍ របស់ក្រុមហ៊ុន ខនស៍ ខេធី ស៊ីមេន (ភ្នំពេញ) ឯ.ក ស្ថិតនៅតំបន់ហោងសំណំ ក្នុងភូមិមនោរម្យ ឃុំហោងសំណំ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។
ថ្លែងនាឱកាសនោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ជាមួយនឹងអត្ថប្រយោជន៍ជាច្រើនក្នុងការវិនិយោគផលិតផលស៊ីម៉ងត៍ សូមជំរុញឱ្យក្រសួងរ៉ែ និងថាមពល និងសហគមឧស្សាហកម្មស៊ីម៉ង់កម្ពុជា បន្តខិតខំស្វែងរកទីផ្សារបន្ថែមទៀតក្នុងការចេញផលិតផលស៊ីម៉ងត៍របស់កម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិឱ្យបានច្រើន។
នាឱកាសនោះដែរដើម្បីជាការទាក់ទាញវិនិយោគិនឱ្យមកធ្វើការវិនិយោគនៅក្នុងប្រទេសកម្ពុជាឱ្យបានកាន់តែច្រើនទៀតនោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះទៀតថា <<ខ្ញុំសូមអំពាវនាវដល់វិនិយោគិនសូមជ្រើសរើសយកកម្ពុជា ជាគោលដៅសម្រាប់ការវិនិយោគ ដោយកម្ពុជារក្សាបាននូវភាគលាភនៃសុខសន្តិភាព, ស្ថិរភាពនយោបាយ និងម៉ាក្រូសេដ្ឋកិច្ច>>។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានថ្លែងទៀតថា រាជរដ្ឋាភិបាលនឹងបន្តទទួលស្វាគមន៍ និងផ្តល់កិច្ចសហប្រតិបត្តិការជានិច្ចចំពោះគម្រោងវិនិយោគទាំងអស់ ជាពិសេសគម្រោងវិនិយោគដែលនឹងជួយជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ប្រកបដោយភាពធន់, ចីរភាព និងបរិយាបន្ន ដើម្បីសម្រេចបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។
គួរជម្រាបដែរថា គិតចាប់ពីខែមករា ដល់បំណាច់ខែមេសា ឆ្នាំ២០២៥ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តគម្រោងសរុប ២៣១គម្រោងហើយ ជាមួយទុនវិនិយោគសរុបប្រមាណ ៣,៣៦ពាន់លានដុល្លារជាមួយនឹងឱកាសការងារប្រមាណ ១២៤ ០០០កន្លែងផងដែរ៕