(ភ្នំពេញ)៖ ដោយមានការយកចិត្តទុកដាក់ចង្អុលបង្ហាញពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ គិតគូរពីបញ្ហាសុខុមាលភាពសាធារណៈរបស់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងមូលដ្ឋាន បានណែនាំលោក កៀង ល័ក្ស អភិបាលខណ្ឌចំការមន ចាត់ឲ្យក្រុមការងាររដ្ឋបាលខណ្ឌចំការមន ចុះបាញ់ថ្នាំមូសក្នុងមូលដ្ឋាន។
ការបាញ់ថ្នាំមូសនេះ ធ្វើឡើងនៅល្ងាចថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ ដោយកម្លាំងបាញ់ថ្នាំបានចាប់ផ្តេីមបាញ់នៅសាលាសង្កាត់បឹងត្របែក ប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងត្របែក ផ្លូវ៤២០ ផ្លូវ៤២៨ ផ្លូវ៤១០ ផ្លូវ៤២៨ និងភូមិ២ ខណ្ឌចំការមន។ ក្នុងការបាញ់ថ្នាំមូសនេះបានប្រេីប្រាស់ម៉ាសុីនបាញ់ថ្នាំ ចំនួន២គ្រឿង ប្រេងម៉ាស៊ូតចំនួន៧០លីត្រ សាំង១៥លីត្រ ថ្នាំមូសចំនួន៦កំប៉ុង។
ក្រោយពីកម្លាំងបាញ់ថ្នាំរបស់រដ្ឋបាលខណ្ឌចំការមន ចុះទៅបាញ់ថ្នាំសម្លាប់មូសរួចរាល់ប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានខណ្ឌចំការមន បានសម្តែងនូវទឹកចិត្តរីករាយយ៉ាងក្រៃលែងជាខ្លាំង និងថ្លែងអំណរគុណដល់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ, លោក កៀង ល័ក្ស អភិបាលខណ្ឌចំការមន និងក្រុមការងាររបស់រដ្ឋបាលខណ្ឌចំការមន ដែលតែងតែគិតគូរពីសុខុមាលភាពសាធារណៈរបស់ប្រជាពលរដ្ឋដែលស្ថិតនៅក្នុងមូលដ្ឋាន ខណ្ឌចំការមន៕