សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់មន្ដ្រីចុះសួរសុខទុក្ខ និងផ្ដល់អំណោយដល់ប្រជាពលរដ្ឋងាយរងគ្រោះនៅតាមខ្នងផ្ទះចំនួន ២០គ្រួសារ ក្នុងក្រុងសំរោង ខេត្ដឧត្ដរមានជ័យ

Posted By: RoogRog Robot | 20-May-2025 20:42:48

2025-05-20 08:40pm

(ឧត្ដរមានជ័យ)៖ ដោយអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា, នៅក្នុងឱកាសបំពេញការងារនៅខេត្តឧត្តរមានជ័យ នៅរសៀលថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥នេះ លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា អមដំណើរដោយលោក ឃិន ញ៉ាណ អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តឧត្តរមានជ័យ និងសហការី បានចុះសួរសុខទុក្ខ និងផ្តល់អំណោយមនុស្សធម៌ជូនដល់គ្រួសារងាយរងគ្រោះបំផុត ដែលមានចាស់ជរាគ្មានទីពឹង ស្ត្រីមេម៉ាយក្រីក្រ និងអ្នកមានជំងឺរ៉ាំរ៉ៃ ចំនួន ២០គ្រួសារ នៅតាមខ្នងផ្ទះ ដែលរស់នៅសង្កាត់សំរោង និងសង្កាត់បន្សាយរាក់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។

នៅក្នុងឱកាសសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌សម្រាលការលំបាកជូនប្រជាពលរដ្ឋងាយរងគ្រោះបំផុតទាំង២០គ្រួសារនេះផងដែរ លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា បានពាំនាំប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ និងក្តីនឹករលឹកពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។

លោកស្រី ពុំ ចន្ទីនីក៏បានបញ្ជាក់ថា <<ការចុះមកដល់ខ្នងផ្ទះនាពេលនេះ គឺអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ថ្មីបន្ថែមរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដោយណែនាំដល់មន្ត្រីក្រោមឱវាទធ្វើយ៉ាងណា នាំយកអំណោយទៅចែកជូនដោយផ្ទាល់ដៃ និងដល់ខ្នងផ្ទះតែម្តង ហើយការយកអំណោយមកដល់ខ្នងផ្ទះនេះ គឺជាការលើកទឹកចិត្ត និងបញ្ជាក់ថាពួកគាត់មិននៅឯកកោ និងមិនទទួលបានការយកចិត្តទុកដាក់ដែលបណ្តាលឱ្យដាច់ស្បៀងនោះទេ ជាងនេះទៅទៀតការចុះមកដល់ខ្នងផ្ទះនេះផងដែរ។ នេះដើម្បីបានដឹងពីស្ថានភាពជីវភាពនិងការរស់នៅកាន់តែច្បាស់បន្ថែមទៀត ព្រមទាំងបានបញ្ជ្រាបការអប់រំផ្សព្វផ្សាយអំពីសុខភាព និងអនាម័យដោយផ្ទាល់ ព្រោះថាការអប់រំសុខភាព និងអនាម័យដោយផ្ទាល់នេះគឺកាន់តែមានប្រសិទ្ធភាពតែម្តង។

ទន្ទឹងនឹងនោះលោកស្រីក៏ណែនាំដល់គ្រួសារងាយរងគ្រោះខាងលើថា <<ប្រសិនបើរស់នៅមានអនាម័យបរិស្ថានល្អអញ្ចឹង ធ្វើឱ្យយើងទទួលបាននូវសុខភាពល្អ នៅពេលយើងមានសុខភាពល្អជួយយើងបានច្រើន ចំណេញទាំងពេលវេលា និងថវិកា ឬអាចប្រកបការងារផ្សេងៗដើម្បីចិញ្ចឹមជីវិតឱ្យមានភាពល្អប្រសើរបាន តែផ្ទុយទៅវិញប្រសិនបើមានបញ្ហាសុខភាពហើយថែមទាំងមានជីវភាពលំបាកទៀត កាន់តែធ្វើឱ្យយើងជួបការលំបាកកាន់តែធ្ងន់ធ្ងរបន្ថែមទៀត។ លោកស្រីបន្តថា <<អំណោយអាចចែកជូនបាន ប៉ុន្តែសុខភាពមិនអាចចែកជូនបានទេ ប្រសិនបើបងប្អូនឈឺឬមានកូនចៅឈឺ អ្នកជិតខាងឬម្ចាស់អំណោយមិនអាចជួយឈឺជំនួសបានទេ ដូចនេះហើយមានតែការថែទាំសុខភាពឱ្យបានល្អជាពិសេសរក្សាអនាម័យទាំងការរស់នៅ និងបរិភោគ ដោយផឹកស្អាត ហូបស្អាត ជាពិសេសត្រូវសម្អាតសំរាមនិងទុកដាក់ឱ្យបានត្រឹមត្រូវ និងមិនត្រូវដុតសំរាមដូចជាថង់ប្លាស្ទិកជាដើម ព្រោះធ្វើឱ្យមានផ្សែងដែលអាចបណ្តាលឱ្យមានផលប៉ះពាល់សុខភាពនាពេលខាងមុខផងដែរ>>។

សូមជម្រាបថាក្នុងឱកាសចុះសួរសុខទុក្ខ និងផ្ដល់អំណោយដល់ប្រជាពលរដ្ឋងាយរងគ្រោះនៅតាមខ្នងផ្ទះចំនួន ២០គ្រួសារ ក្នុងក្រុងសំរោង ខេត្ដឧត្ដរមានជ័យ គ្រួសារនីមួយៗទទួលបានអំណោយរួមមាន៖ អង្ករ២៥គីឡូក្រាម, មី១កេស, ត្រីខ១០កំប៉ុង, ទឹកស៊ីអ៊ីវ ១យួរ, ឃីត (មុង ភួយ សារុង ក្រមា) ១កញ្ចប់, អាហារសុខភាព ២កញ្ចប់ និងថវិកាមួយចំនួន៕




















News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...