Fresh Exclusive: ២០ឧសភាទិវាជាតិនៃការចងចាំ៖ រាជរដ្ឋាភិបាលប្តេជ្ញាថា ប្រទេសកម្ពុជា នឹងមិនវិលត្រឡប់ទៅកាន់វាលពិឃាតជាលើកទី២ឡើយ!

Posted By: RoogRog Robot | 20-May-2025 22:34:37

2025-05-20 10:29pm

(ភ្នំពេញ)៖ បណ្តាខេត្ត និងរាជធានីភ្នំពេញ នៅថ្ងៃអង្គារ៍ទី២០ ខែឧសភា ឆ្នាំ២០២៥ បានប្រារព្ធទិវា ជាតិនៃការចងចាំមួយ ក្នុងការរំលឹកដល់ប្រវត្តិឈឺចាប់ពីអតីតកាលនៃយុគសម័យដែលកម្ពុជា បានធ្លាក់ចូលក្នុងរបបកាប់សម្លាប់ខ្មែរក្រហម។ Fresh Exclusive មានសេចក្តីរាយការណ៍ ស្រាវជ្រាវនិងស៊ីជម្រៅមួយពាក់ព័ន្ធនឹង ទិវា <<ចងចាំ២០ឧសភា>>៖

ជារៀងរាល់ឆ្នាំ នៅថ្ងៃទី២០ ខែឧសភា ប្រទេសកម្ពុជាតែងប្រារព្ធទិវាជាតិនៃការចងចាំ ដែលជាឱកាសដ៏ឧឡារិកមួយ ដើម្បីឧទ្ទិសដល់ការចងចាំដល់ជនរងគ្រោះរាប់លាននាក់ ដែលបានបាត់បង់ជីវិតក្រោមរបបប្រល័យពូជសាសន៍ខ្មែរក្រហម។

កម្ពុជារវាងថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ដល់ថ្ងៃទី៦ ខែមករា ឆ្នាំ១៩៧៩ បានស៊ូទ្រាំនឹងសុបិន្តដ៏អាក្រក់បំផុតក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ នោះគឺការរុញច្រានប្រទេសកម្ពុជា ឱ្យធ្លាក់ចូលក្នុងរណ្តៅនរកអវចី ជាមួយនឹងទង្វើសម្លាប់រង្គាលដ៏សែនឃោរឃៅក្រោមការដឹកនាំដោយរបបប៉ុលពត។ ពលរដ្ឋខ្មែរជាង៣លាននាក់ ត្រូវបានស្លាប់ក្រោមរបបដ៏ឃោរឃៅនេះ។

ទិវាជាតិនៃការចងចាំ២០ឧសភា មិនគ្រាន់តែជាការឆ្លុះបញ្ចាំងពីអតីតកាលប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការសច្ចារបស់ជាតិដែរ ពោលគឺជាការប្រកាសរបស់ប្រជាជនខ្មែរប្រាប់ទីពិភពលោកថា កម្ពុជា នឹងមិនអនុញ្ញាតឱ្យអំពើឃោរឃៅបែបនេះវិលមកវិញទៀតឡើយ។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានសរសេរនៅក្នុងបណ្តាញសង្គមនៅថ្ងៃទី២០ ខែឧសភានេះបញ្ជាក់យ៉ាងដូច្នេះ៖ <<ថ្ងៃនេះ ជាថ្ងៃទិវាជាតិនៃការចងចាំ ២០ ឧសភា ដែលជាថ្ងៃប្រជាជនកម្ពុជាគ្រប់ៗរូបចងចាំមិនអាចបំភ្លេចបាន ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ឬហៅថារបបប្រល័យពូជសាសន៍ ប៉ុល ពត (១៧ មេសា ១៩៧៥ - ៦ មករា ១៩៧៩) ដែលជារបបដ៏ឃោរឃៅ និងខ្មៅងងឹត។ ទិវានេះ ជាការរំលឹកដល់វិញ្ញាណក្ខន្ធដល់ជនរងគ្រោះជាង៣លាននាក់ ដែលបានស្លាប់បាត់បង់ជីវិត នៅក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត >>។

សម្តេចតេជោ បានសរសេរបន្តថា៖ <<ប្រជាពលរដ្ឋកម្ពុជាភាគច្រើនលើសលប់ បានដឹងនិងបានយល់ច្បាស់ អំពីរឿងរ៉ាវសោកនាដកម្មដ៏ជូរចត់ ដែលប្រជាពលរដ្ឋខ្មែរបានឆ្លងកាត់ជិត៣ទសវត្សរ៍ ក្នុងភ្នក់ភ្លើងសង្គ្រាម និងទឹកភ្នែក ការកាប់សម្លាប់ ការបំផ្លិចបំផ្លាញ ការជម្លៀសចេញពីទីលំនៅរបស់ខ្លួនដោយបង្ខំ និងការបង្ខំឱ្យធ្វើការដូចសត្វធាតុជាដើម។ មិនតែប៉ុណ្ណោះ ប្រជាពលរដ្ឋកម្ពុជា ត្រូវស្លាប់ដោយគ្មានថ្នាំសង្កូវព្យាបាល គ្មានអាហារបរិភោគគ្រប់គ្រាន់ គ្មានសិទ្ធិសេរីភាព គ្មានលទ្ធិប្រជាធិបតេយ្យ ហើយសូម្បីតែសិទ្ធិរស់រានមានជីវិតដែលជាសិទ្ធិមូលដ្ឋានមានពីកំណើតរបស់មនុស្សក៏គ្មានដែរ>>។

នៅក្នុងរាជធានីភ្នំពេញ ទិវាជាតិនៃការចងចាំថ្ងៃទី២០ឧសភា ត្រូវបានប្រារព្ធឡើងនៅអតីតទីតាំងជើងឯក ដែលជាទីវាលពិឃាតសម្លាប់មនុស្សជាយរាជធានីភ្នំពេញ។ ឯកសារបានបង្ហាញថា នៅទីនោះរវាងពីឆ្នាំ១៩៧៦ ដល់ឆ្នាំ១៩៧៨ មានកសិករ មន្ត្រី ទាហាន បញ្ញវន្ត អង្គទូត ជនបរទេស កុមារ និងស្ត្រីប្រមាណជិតពីរម៉ឺននាក់ ត្រូវបានខ្មែរក្រហមយកមកសម្លាប់នៅក្នុងតំបន់ជើងឯក។ នៅតំបន់ជើងឯកនេះ ត្រូវបានគេរកឃើញមានរណ្តៅសាកសពរួមប្រមាណ១២៩រណ្តៅ ក្រោយការជីកកាយតាមមាត់ស្រះ ដែលស្ថិតប្របនឹងមាត់បឹងជើងឯកនៅឆ្នាំ១៩៨០។

សម្តេចតេជោសែន ក្នុងសំណេរដដែលតាមបណ្តាញសង្គម បានសរសេរអំពាវនាវបញ្ជាក់ថា៖ <<ដើម្បីកុំអោយរបបនេះវិលត្រឡប់មកវិញ សូមចូលរួមថែរក្សាការពារសន្តិភាពឱ្យបានគង់វង្ស ពីព្រោះសន្តិភាពបានផ្តល់ឱកាសគ្រប់យ៉ាងក្នុងការកសាងសង្គមគ្រួសារ សហគមន៍និងប្រទេសជាតិ ឱ្យកាន់តែរីកចម្រើនទៅមុខទៀត>>។

* អ្វីទៅគឺជាថ្ងៃ២០ឧសភានោះ?ទោះបីជាខ្មែរក្រហមបានកាន់កាប់អំណាចជាផ្លូវការនៅឆ្នាំ១៩៧៥ ក៏ដោយ ប៉ុន្តែផ្នែកមួយដែលពាក់ព័ន្ធនឹងការបណ្តុះនូវទ្រឹស្តីសាបព្រួសនាំឱ្យមានអំពើសម្លាប់រង្គាលនេះ ត្រូវបានគេរៀបចំធ្វើនៅថ្ងៃទី២០ ខែឧសភា ឆ្នាំ១៩៧៣។

ប្រវត្តិសាស្ត្រជាតិ បានកត់ត្រាទុកថា គឺនៅថ្ងៃទី២០ ខែឧសភា ឆ្នាំ១៩៧៣ នៅមុនក្រុម ប៉ុល ពត បានចូលមកគ្រប់គ្រងអំណាចនៅកម្ពុជានោះ ពួកគេបានដាក់ចេញនូវរបបដឹកនាំបែបសហករណ៍ គឺការហូបបាយរួម ដែលជាការនាំអោយកម្ពុជា ត្រូវធ្លាក់ក្នុងទិសដៅនៃផែនការសម្លាប់រង្គាលជាពិសេសក្រុមអ្នកជម្លៀស ១៧មេសា។ ក្រុមខ្មែរក្រហម ប៉ុល ពត បានដាក់ចេញនូវគោលនយោបាយលុបបំបាត់ចោលទ្រព្យសម្បត្តិឯកជន, បង្កើតនូវផែនការជម្លៀសពលរដ្ឋ ចេញពីភ្នំពេញនិងតាមបណ្តាក្រុង ដើម្បីបំពេញនូវការសងសឹកគំនុំវណ្ណៈ និងចាប់បង្ខំឱ្យមនុស្សទីក្រុងភ្លក្ស និងស្គាល់រសជាតិលំបាករបស់កសិករ ដែលអ្វីទាំងនេះ ហើយបាននាំឱ្យកម្ពុជាទាំងមូល បានក្លាយទៅជាអ្នកទោសស្ថិតក្នុងគុកដ៏ធំដែលឥតជញ្ជាំង។

* គោលនយោបាយដាក់ចេញថ្ងៃ២០ឧសភា ត្រូវបានអនុវត្តក្រោយថ្ងៃ១៧ ខែមេសា ឆ្នាំ១៩៧៥នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ វេលាម៉ោង៩ន្លះព្រឹក ក្រុមខ្មែរក្រហម បានប្រកាសជ័យជម្នះរបស់ខ្លួន។ ពលរដ្ឋជាច្រើន បាននាំគ្នាចេញមកខាងក្រៅផ្ទះ ជួយស្រែកអបអរសាទរទិវាជ័យជម្នះ ពីព្រោះម្នាក់ៗគិតថា ការរំដោះក្រុងភ្នំពេញ គឺជាការបិទបញ្ចប់នូវសង្គ្រាមរយៈពេលជាង៥ឆ្នាំ រវាងក្រុមទាហានអតីតរបបសាធារណរដ្ឋខ្មែរ លោក លន់ នល់ ប្រឆាំងនឹងក្រុមយុទ្ធជនតស៊ូខ្មែរក្រហម។ ប៉ុន្តែថ្ងៃនោះ មិនមែនជាថ្ងៃនៃសន្តិភាពឡើយ…អ្វីៗ ដែលរំពឹងទុកបានធ្វើដំណើរខុសពីការស្មានទាំងអស់។

នៅថ្ងៃដដែលនោះ ក្រុមទាហានស្លៀកខោអាវខ្មៅ ដៃកាន់កាំភ្លើងបានប្រាប់ប្រជាជននៅក្នុងក្រុងភ្នំពេញ ត្រូវនាំគ្នាចាកចេញរយៈពេល៣ថ្ងៃពីផ្ទះសិន ដើម្បីបង្កាការទម្លាក់គ្រាប់បែកពីយន្តហោះសហរដ្ឋអាមេរិក។ គ្មានពលរដ្ឋណាម្នាក់ ហ៊ានប្រឆាំងនឹងបទបញ្ជារបស់អង្គការស្លៀកខោអាវខ្មៅក្នុងពេលនោះឡើយ…ហើយតើអ្នកណាទៅ ដែលដឹងថាការស្នើដោយបង្ខំឱ្យចាកចេញតែរយៈ៣ថ្ងៃនោះ មានរយៈពេលវែងរហូតដល់ ៣ឆ្នាំ ៨ខែ និង២០ថ្ងៃនោះ?

មន្ទីរពេទ្យ សាលារៀន ផ្សារ និងវត្តអារាមនៃទីសក្ការៈបូជា ត្រូវបានបណ្តេញឱ្យចាកចេញដោយទាហានក្រុមខ្មែរក្រហម និងចាប់ពីពេលនោះមក ប្រទេសកម្ពុជាក៏បានធ្លាក់ចូលទៅក្នុងភាពសូន្យសុងនៃនរកអវចី។

ក្រោមការកសាងនៃរបបមួយដែលបំបាត់ការរស់នៅជាលក្ខណៈគ្រួសារ, ក្រុមខ្មែរក្រហម ប៉ុលពត បានអនុវត្តនូវរបបហូបចុករួម, បំបាត់ការចាយលុយ, បំបាត់សាសនា, បំបាត់អ្នកចេះដឹងទាំងឡាយ ដោយបញ្ញវ័ន្ត, គ្រូបង្រៀន សាស្ត្រាចារ្យ និស្សិត បានក្លាយជាមុខព្រួញនៃការធ្វើ ទុក្ខបុកម្នេញ, អ្នកបួសត្រូវបានបង្ខំឱ្យលាចាកសិក្ខាបទ, យកសាលារៀន, មន្ទីរពេទ្យ, វត្តអារាម ធ្វើជាគុកឃុំឃាំងមនុស្ស និងបានចាប់បង្ខំមនុស្សទាំងឡាយ ចុះធ្វើពលកម្មធ្ងន់ធ្ងរដោយឱ្យទទួលទានរបបអាហារមិនគ្រប់គ្រាន់ជាបបររាវ, ប្រជាជនធ្លាក់ខ្លួនឈឺ គ្មានថ្នាំសង្កូវព្យាបាល និងក្នុងរយៈពេលកាន់កាប់៣ឆ្នាំ៨ខែ២០ថ្ងៃ មនុស្សជាង៣លាននាក់ ត្រូវបានបាត់បង់ជីវិត ក្នុងរបបដ៏ព្រៃផ្សៃនោះ។

អ្វីដែលអយុត្តិធម៌បំផុតសម្រាប់ប្រជាជនកម្ពុជាទៀតណោះ គឺក្នុងរយៈពេលដែលប្រទេសទាំងមូល បានស្ថិតក្រោមការធ្វើបាបនៃរបបស្លៀកខោអាវខ្មៅ គឺគ្មានប្រទេសណាមួយ ឬអង្គការសហប្រជាជាតិ បានមកជួយយកអាសារប្រទេសកម្ពុជាឡើយ។ការធ្វើទុក្ខទារុណកម្មដ៏ព្រៃផ្សៃនៃរបបកាប់សម្លាប់នេះហើយ បានជម្រុញឱ្យមានការចេញតស៊ូដើម្បីការរំដោះជាតិ។

* រាត្រីជោគវាសនាជាតិថ្ងៃ២០ ខែមិថុនា ឆ្នាំ១៩៧៧ប្រវត្តិសាស្ត្រ បានកត់ត្រាទុកនូវការចេញតស៊ូរបស់សមមិត្ត ហ៊ុន សែន នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ ដែលពេលនោះ លោកគឺជាមេបញ្ជាការកងវរសេនាធំ ដែលទើបមានវ័យ២៥ឆ្នាំ។ សមមិត្ត ហ៊ុន សែន ដែលពេលនោះ គឺជាមេបញ្ជាការលើពលទាហានជាង២,០០០នាក់ ស្ថិតក្នុងទីតាំងកោះថ្ម ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ បានសម្រេចចិត្តចាកចោលពីភរិយា ដែលពរពោះអាយុ៥ខែ នារាត្រីថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ ដើម្បីរត់ទៅប្រទេសវៀតណាមក្នុងការបង្កើតនូវកងកម្លាំងតស៊ូប្រដាប់អាវុធដើម្បីរំដោះជាតិ។ ប្រវត្តិតស៊ូរបស់សមមិត្ត ហ៊ុន សែន ក្នុងកិច្ចការរំដោះជាតិ ត្រូវបានគេចារិកនៅក្នុងក្រាំងមាសដើម្បីការចងចាំដល់កូនខ្មែរជំនាន់ក្រោយ។

នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ១៩៧៧ រដ្ឋាភិបាលវៀតណាម បានយល់ព្រមតាមសំណើរបស់សមមិត្ត ហ៊ុន សែន ដោយព្រមបង្កើតជម្រំជនភៀសខ្លួន និងផ្តល់សិទ្ធិជ្រកកោននយោបាយដល់កម្មាភិបាល និងយុទ្ធជនដែលគេចចេញពីរបបខ្មែរក្រហម។ នៅដើមខែមេសា ឆ្នាំ១៩៧៨ បញ្ជាការដ្ឋានយោធភូមិភាគ៧របស់វៀតណាម បានសម្រេចឱ្យសមមិត្ត ហ៊ុន សែន បង្កើតអង្គការចាត់តាំង និងអង្គភាពយោធាប្រដាប់អាវុធ។ នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ១៩៧៨ សមមិត្ត ហ៊ុនសែន បានបង្កើតអង្គភាព១២៥ និងបង្កើតគណៈ បញ្ជាការដាក់ឈ្មោះថា ៥៧៨ ដោយមានរូបលោកផ្ទាល់ គឺជាប្រធានយោធា និងជាប្រធាននយោបាយ។ អង្គភាពនោះហើយ គឺជាអង្គភាពនៃកងទ័ពជាតិលើកដំបូងបង្អស់ នៃកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា។

នៅគ្រាដែលមានការត្រៀមកម្លាំងទ័ពនៅក្នុងប្រទេសវៀតណាមនោះ គេបានឮអំពីការបះបោរនៅភូមិភាគបូព៌ាដែលដឹកនាំដោយ សមមិត្ត ហេង សំរិន និងសមមិត្ត ជា ស៊ីម ដែលបានបង្កលក្ខណៈធ្វើឱ្យកម្លាំងតស៊ូ បានចេញចាប់ដៃសហការគ្នាដណ្តើមកាន់កាប់ស្រុកមេមត់ ស្រុកស្នួល និងភូមិសាស្ត្រមួយចំនួននៃបណ្តាភូមិឃុំ ជាប់ព្រំដែនវៀតណាម តាំងពីខេត្តក្រចេះ កំពង់ចាម ព្រៃវែងស្វាយរៀង និងភូមិសាស្ត្រមួយ ចំនួននៃបណ្តាស្រុកភាគខាងកើតទន្លេមេគង្គនាខេត្តកំពង់ចាមតាំងពីពាក់កណ្តាលឆ្នាំ១៩៧៨។

ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ១៩៧៨ ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រមួយបានកើតឡើង នោះគឺការជួបជុំគ្នារវាងថ្នាក់ដឹកនាំកម្លាំងតស៊ូ៤ក្រុម ក្នុងចំណោម៥ក្រុម ដែលក្រុមរបស់សមមិត្ត សាយ ភូថង សមមិត្ត ទៀបាញ់ មិនអាចចេញមុខបាន អាស្រ័យត្រូវរក្សាសម្ងាត់ ព្រោះកម្លាំងកំពុងស្ថិតនៅបរទេស។ តាំងពីពេលនោះហើយ សមមិត្ត ហ៊ុន សែន បានរួមរស់ធ្វើការងារជាមួយសមមិត្ត ហេង សំរិន និងសមមិត្ត ជា ស៊ីម។ ថ្នាក់ដឹកនាំក្រុមតស៊ូ ក្រោយមក បានរៀបចំកម្មវិធីរណសិរ្សនយោបាយមួយដែលមានឈ្មោះថា រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ដែលឈ្មោះនេះស្របជាមួយឈ្មោះកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា។

ថ្នាក់ដឹកនាំ៨រូប ដែលចេញពីចលនាតស៊ូទាំង៤ ដោយចលនាមួយមានតំណាង២នាក់ បានចាត់ចែង និងរៀបចំកម្មវិធីនយោបាយរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ដើម្បីដាក់ឆ្លងមហាសន្និបាតរណសិរ្សដែលបានប្រព្រឹត្តទៅរយៈពេល៤ថ្ងៃ ពីថ្ងៃទី២៧ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ១៩៧៨ និងចុងក្រោយចេញមុខជាផ្លូវការនៅថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៧៨ នាតំបន់ស្រុកស្នួលខេត្តក្រចេះ។ ក្រោមកម្លាំងតស៊ូរំដោះជាតិ រណសិរ្សសង្គ្រោះជាតិ២ធ្នូ បានរំដោះប្រទេសទាំងស្រុងនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។

បើគ្មានថ្ងៃរំដោះ ៧មករា ឆ្នាំ១៩៧៩ ក្រោមទង់រណសិរ្សសាមគ្គីសង្គ្រោះជាតិ ជាមួយនឹងកិច្ចសហការរបស់កងទ័ពស្ម័គ្រចិត្តវៀតណាមនោះទេ ម្ល៉េះកម្ពុជា មិនដឹងក្លាយជាយ៉ាងណាឡើយក្នុងពេលនេះ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានសរសេរនៅលើបណ្តាញសង្គមបញ្ជាក់ថា <<ទិវាជាតិនៃការចងចាំ ២០ឧសភា បង្កើតឡើងក្នុងគោលបំណងលើកតម្កើងការគោរពវិញ្ញាណក្ខន្ធ និងការធ្វើបុណ្យឧទ្ទិសដល់ជនរងគ្រោះបានស្លាប់ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ, លើកតម្កើងការរំឭក ដល់ជនរងគ្រោះ ការស្តារកិត្តិយសនិងសេចក្តីថ្លៃថ្នូររបស់ជនរងគ្រោះ ទោះជានៅរស់រានមានជីវិត ឬបានបាត់បង់ជីវិតក៏ដោយ, ប៉ះប៉ូវការឈឺចាប់ខាងផ្លូវចិត្ត និងផ្នែកសង្គមរបស់ជនរងគ្រោះនិងក្រុមគ្រួសារ, ចូលរួមចំណែកដល់ការផ្សះផ្សាជាតិនិងជំរុញឱ្យមានសុខដុមនីយកម្មក្នុងសង្គមកម្ពុជា, និងលើកកម្ពស់ការផ្សព្វផ្សាយ និងការយល់ដឹង អំពីអំពើឃោរឃៅដែលកើតមានក្នុងរបបកម្ពុជាប្រជាធិបតេយ្យកុំឱ្យកើតមានឡើងសាជាថ្មី>>។ បច្ចុប្បន្ន ទិវា២០ឧសភា បានក្លាយជាគោលសីលធម៌ដ៏មានតម្លៃមួយសម្រាប់ប្រជាជាតិកម្ពុជា ដែលកំពុងបោះជំហានទៅត្រើយនៃវឌ្ឍនភាព។

សម្តេចបវរធិបតី ក្នុងពិធីសម្ពោធបើកឱ្យដំណើរការជាថ្លូវការនូវរោងចក្រស៊ីម៉ង់ត៍របស់ក្រុមហ៊ុន Conch KT Cement (Phnom Penh) C0. Ltd នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ ក្នុងខេត្តកំពង់ស្ពឺ បានរំលឹកព្រឹតិ្តការណ៍ដ៏ឈឺចាប់ពាក់ព័ន្ធទិវា២០ឧសភា ដើម្បីការចងចាំរបស់ជាតិ និងបញ្ជាក់ការប្តេជ្ញាមិនឱ្យស្រមោលអន្ធកាលដ៏ខ្មៅងងឹតនោះ កើតឡើងសាជាថ្មី នៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជាឡើយ។ សម្តេចបវរធិបតី បានមានប្រសាសន៍អំពាវនាវថា ដើម្បីរារាំងកុំឱ្យរបបប្រល័យពូជសាសន៍ខ្មែរក្រហមវិលត្រឡប់មកកម្ពុជាវិញ សូមចូលរួមថែរក្សាការពារសន្តិភាពឱ្យបានគង់វង្ស និងរួមគ្នាប្រឆាំងរាល់អំពើធ្វើវិទ្ធង្សនារបស់ក្រុមធ្វើនយោបាយ ជ្រុលនិយម៖ <<ការឈឺចាប់ វាឈានមកពីការបែកបាក់ជាតិ ក្រោមរូបភាពនៃការប្រឆាំងអំពើពុករលួយ ប្រឆាំងយួន, ប្រឆាំងព្រះករុណាអ្នកដឹកនាំ ដែលដឹកនាំមួយពេលនោះ ហើយចោទព្រះករុណាថាក្បត់ជាតិ ដោយឱ្យយៀកកុងចូលស្រុក ឬមួយអីនោះ ក៏បានធ្វើរដ្ឋប្រហារថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ តែមួយព្រឹកនោះទេ សម្រេចចិត្តតែមួយភ្លែតនោះទេ ប៉ុន្តែស្លាប់រាប់លាននាក់ជិត៣០ឆ្នាំ ទើបបញ្ចប់សង្គ្រាម។ អញ្ចឹងត្រូវចាំឱ្យជាប់ដើម្បីកុំឱ្យមានការបែកបាក់ការស្លាប់តទៅទៀត យើងត្រូវរួមគ្នាការថែរក្សាសន្តិភាពឱ្យបានជាដាច់ខាត>>។

ដូច្នេះមេរៀននយោបាយ ដែលកម្ពុជាត្រូវរក្សាឱ្យបានជាដាច់ខាត គឺសន្តិភាព និងត្រូវចៀសវាងដាច់ខាតមិនឱ្យកើតឡើងក្នុងសង្គមខ្មែរទៀតឡើយនូវ នូវនយោបាយញុះញង់ឱ្យស្អប់ខ្ពើមគ្នា, នយោបាយរើសអើងពូជសាសន៍, នយោបាយហែកហួរ និងបំផ្លិចបំផ្លាញជាតិ ក្រោមលេសសិទ្ធិមនុស្សនិងប្រជាធិបតេយ្យក្លែងក្លាយ។ មេរៀនដែលកម្ពុជាត្រូវចងចាំទៀតនោះ គឺសន្តិភាពមិនមែនជារបស់ដែលទទួលបានមកដោយភាពចៃដន្យនោះទេ…សន្តិភាពដែលកម្ពុជាទទួលបាន តាមរយៈនយោបាយឈ្នះ-ឈ្នះ ដាក់ចេញដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងទទួលបានជ័យជម្នះតាំងពីចុងខែធ្នូ ឆ្នាំ១៩៩៨ ដែលពន្លត់ភ្លើងសង្គ្រាមស៊ីវិលឆាបឆេះជិត៣០ឆ្នាំកន្លងមកនោះ ពិតជាមានការធ្វើពលិកម្មដ៏ធំធេង មិនអាចកាត់ថ្លៃបានឡើយ។ ដើម្បីការរក្សាសន្តិភាពនេះឱ្យបានគង់វង្ស យើងត្រូវរួមគ្នាការពារព្រះរាជាណាចក្រកម្ពុជា និងការរក្សាឯកភាពជាតិមិនឱ្យរងភាពរង្គោះរង្គើ ដោយមិនត្រូវឱ្យធ្លាក់ចូលក្នុងឧបាយកលញុះ ញង់របស់ក្រុមជ្រុលនិយមដែលចង់បំផ្លាញជាតិឡើយ។ ស្មារតីចងចាំនៃទិវា២០ឧសភា នៅតែស្ថិតក្នុងដួងព្រលឹងរបស់កូនខ្មែរជាដរាប។ យើងប្តេជ្ញាការពារ <<សន្តិភាព>> មិនរាថយឡើយ៕


























News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...